គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 1:4-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. កុំ​ឲ្យ​ប្រព្រឹត្ត​ដូច​ជា​ពួក​អយ្យកោ​របស់​ឯង​រាល់​គ្នា ដែល​ពួក​ហោរា​ពី​ដើម​បាន​ស្រែក​ប្រាប់​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​ត្រឡប់​ពី​ផ្លូវ​អាក្រក់ និង​ពី​ការ​ប្រព្រឹត្ត​អាក្រក់​របស់​ឯង​រាល់​គ្នា​មក​វិញ​ឥឡូវ តែ​គេ​មិន​បាន​ឮ ឬ​ស្តាប់​តាម​អញ​ទេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

5. ឯ​ពួក​អយ្យកោ​របស់​ឯង​រាល់​គ្នា ឥឡូវ​តើ​គេ​នៅ​ឯ​ណា ហើយ​ពួក​ហោរា​តើ​គេ​នៅ​ជា​ដរាប​ឬ​អី

6. តែ​ចំណែក​ពាក្យ និង​បញ្ញត្ត​ច្បាប់ ដែល​អញ​បាន​បង្គាប់​ដល់​ពួក​ហោរា ជា​អ្នក​បំរើ​អញ តើ​មិន​បាន​តាម​ពួក​អយ្យកោ​ឯង​រាល់​គ្នា​ទាន់​ទេ​ឬ រួច​គេ​បែរ​ជា​ទទួល​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​គិត​ធ្វើ​ដល់​យើង តាម​ផ្លូវ​ប្រព្រឹត្ត និង​តាម​ការ​ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​ជា​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​ធ្វើ​ដល់​យើង​យ៉ាង​នោះ​ឯង។

7. នៅ​ថ្ងៃ​២៤ ខែ​ទី​១១ គឺ​ខែ​មាឃ ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ហោរា​សាការី ជា​កូន​បេរេគា ដែល​ជា​កូន​អ៊ីដោ ថា

8. នៅ​វេលា​យប់ អញ​បាន​មើល​ទៅ ឃើញ​មាន​មនុស្ស​ជិះ​សេះ​សម្បុរ​ក្រហម ឈរ​នៅ​កណ្តាល​ដើម​យីថោ ដែល​ដុះ​នៅ​ទី​ទំនាប ឯ​ខាង​ក្រោយ​អ្នក​នោះ មាន​សេះ​ជា​ច្រើន សម្បុរ​ក្រហម​ពញ្លក់ ហើយ​ស

9. នោះ​ខ្ញុំ​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ទាំង​អស់​នេះ​ជា​អ្វី រួច​ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ប្រាប់​ថា អញ​នឹង​បង្ហាញ​ឲ្យ​ឯង​ដឹង​ថា​ទាំង​អស់​នេះ​ជា​អ្វី

10. រួច​មនុស្ស​ដែល​ឈរ​នៅ​កណ្តាល​ដើម​យីថោ ក៏​ឆ្លើយ​ឡើង​ថា ទាំង​អស់​នេះ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​ដើរ​ចុះ​ឡើង​នៅ​ផែនដី

11. ពួក​នោះ​ក៏​តប​ដល់​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ដែល​ឈរ​កណ្តាល​ដើម​យីថោ​ថា យើង​ខ្ញុំ​រាល់​គ្នា​បាន​ដើរ​ចុះ​ឡើង​នៅ​ផែនដី ហើយ​ក៏​ឃើញ​ថា ផែនដី​ទាំង​មូល​នៅ​ស្ងប់‌ស្ងាត់ ហើយ​ស្រាក‌ស្រាន្ត។

12. បន្ទាប់​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ពោល​ឡើង​ថា ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ តើ​ដល់​កាល​ណា​បាន​ទ្រង់​អាណិត​មេត្តា​ដល់​ក្រុង​យេរូ‌សាឡិម និង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​គ្នាន់‌ក្នាញ់​នឹង​គេ​អស់​៧០​ឆ្នាំ​ហើយ​នេះ

13. ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ដោយ​ពាក្យ​ល្អ គឺ​ជា​ពាក្យ​កំសាន្ត ដល់​ទេវតា​ដែល​ពោល​មក​ខ្ញុំ​នោះ

14. ដូច្នេះ ទេវតា​ដែល​ពោល​មក​នឹង​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា ចូរ​បន្លឺ​ឡើង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​មាន​សេចក្ដី​ប្រចណ្ឌ​ជា​ខ្លាំង ចំពោះ​ក្រុង​យេរូ‌សាឡិម និង​ភ្នំ​ស៊ីយ៉ូន

សូមអានជំពូកពេញលេញ សាការី 1