គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 49:22-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. យ៉ូសែប​ជា​មែក​ឈើ​មាន​ផ្លែ ជា​មែក​ឈើ​មាន​ផ្លែ​ដែល​ដុះ​នៅ​ជិត​រន្ធ​ទឹក ខ្នែង​វា​នឹង​វារ​ពាក់​លើ​កំផែង

23. ពួក​ពល​ធ្នូ​បាន​ធ្វើ​ទុក្ខ​វា​ជា​ខ្លាំង ទាំង​បាញ់​ទាំង​ស្អប់​វា​ផង

24. តែ​ធ្នូ​វា​នៅ​តែ​ខ្លាំង​ពូកែ ដៃ​វា​ក៏​មាន​កំឡាំង​ដោយ‌សារ​ព្រះ‌ហស្ត​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​របស់​យ៉ាកុប ឯ​អ្នក​គង្វាល គឺ​ជា​ថ្មដា​របស់​អ៊ីស្រា‌អែល​បាន​ចេញ​ពី​នោះ​មក

25. គឺ​ដោយ​នូវ​ព្រះ​នៃ​ឪពុក​ឯង ដែល​ទ្រង់​នឹង​ជួយ​ឯង ហើយ​ដោយ​នូវ​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ដែល​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ជា​ព្រះ‌ពរ​ពី​លើ​មេឃ ហើយ​ជា​ព្រះ‌ពរ​ពី​ទី​ជំរៅ​ដែល​នៅ​ខាង​ក្រោម ទាំង​ផល​របស់​ដោះ ហើយ​នឹង​ពោះ​ផង

26. ពរ​របស់​ឪពុក​ឯង នោះ​លើស​ជាង​អស់​ទាំង​ពរ​របស់​ពួក​អយ្យកោ​អញ ជា​ពរ​ធំ​ដល់​ព្រំ​ចុង​បង្អស់​របស់​ភ្នំ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ហើយ​ក៏​នៅ​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​កំពូល​ក្បាល​នៃ​អ្នក​ដែល​បាន​ញែក​ចេញ​ពី​ពួក​បង​ប្អូន​វា។

27. បេន‌យ៉ា‌មីន ជា​ឆ្កែ​ព្រៃ​ដែល​ហែក​ស៊ី នៅ​ពេល​ព្រឹក វា​ខាំ​ស៊ី​រំពា ហើយ​ដល់​ពេល​ល្ងាច​វា​ចែក​របឹប។

28. នោះ​ជា​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​១២ គឺ​សេចក្ដី​នេះ​ហើយ​ដែល​ឪពុក​គេ​បាន​ពោល​ទុក ក្នុង​កាល​ដែល​ឲ្យ​ពរ​ដល់​គេ គាត់​ឲ្យ​ពរ​ដល់​គ្រប់​គ្នា តាម​ពរ​ដែល​គួរ​ឲ្យ​ដល់​គេ​រៀង​ខ្លួន។

29. គាត់​ក៏​ផ្តាំ​ថា អញ​ហៀប​នឹង​បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​អញ​ហើយ ចូរ​កប់​អញ​នៅ​ជា​មួយ​នឹង​ជីតា​ជីដូន​របស់​អញ ក្នុង​រអាង​ដែល​នៅ​ឯ​ចំការ​របស់​អេប្រុន​ជា​សាសន៍​ហេត​ទៅ

30. គឺ​ក្នុង​រអាង​ដែល​នៅ​ចំការ​ម៉ាក់‌ពេឡា ទល់​មុខ​នឹង​ម៉ាមរេ​នៅ​ស្រុក​កាណាន ដែល​អ័ប្រា‌ហាំ​បាន​ទិញ ជា​មួយ​នឹង​ចំការ​នោះ ពី​អេប្រុន​សាសន៍​ហេត ទុក​សំរាប់​ជា​ទី​កប់​ខ្មោច

31. គឺ​នៅ​ទី​នោះ​ដែល​គេ​បាន​កប់​សព​អ័ប្រា‌ហាំ និង​សារ៉ា​ជា​ប្រពន្ធ​គាត់ ហើយ​នៅ​ទី​នោះ​គេ​បាន​កប់​សព​អ៊ីសាក និង​រេបិកា​ប្រពន្ធ​គាត់ ហើយ​គឺ​នៅ​ទី​នោះ​ដែល​អញ​បាន​កប់​សព​លេអា​ដែរ

32. ឯ​ចំការ និង​រអាង​នោះ​បាន​ទិញ​ពី​ពួក​កូន‌ចៅ​ហេត​ហើយ

33. កាល​យ៉ាកុប​បាន​ផ្តាំ​ដល់​ពួក​កូន​រួច​ស្រេច​ហើយ នោះ​គាត់​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 49