គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 49:11-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ទ្រង់​នឹង​ចង​កូន​លា​ភ្ជាប់​នឹង​ដើម​ទំពាំង‌បាយ‌ជូរ គឺ​ជា​កូន​របស់​មេលា​ទ្រង់​ភ្ជាប់​នឹង​ដើម​យ៉ាង​ល្អ​បំផុត ទ្រង់​នឹង​បោក​ព្រះ‌ពស្ត្រ​ទ្រង់​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ព្រះ‌ពស្ត្រ​វែង​ទ្រង់​ក្នុង​ទឹក​ទំពាំង‌បាយ‌ជូរ

12. ព្រះ‌នេត្រ​ទ្រង់​នឹង​បាន​ក្រហម​ដូច​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ព្រះ‌ទន្ត​ទ្រង់​ស​ដូច​ទឹក​ដោះ។

13. សាប់‌យូ‌ល៉ូន​នឹង​នៅ​មាត់​សមុទ្រ វា​នឹង​បាន​ជា​មាត់​កំពង់​សំរាប់​នាវា ហើយ​ព្រំ​ស្រុក​វា​នឹង​ទល់​នឹង​ស្រុក​ស៊ីដូន។

14. អ៊ីសាខារ វា​ជា​សត្វ​លា​យ៉ាង​ខ្លាំង ដែល​ដេក​នៅ​កណ្តាល​ក្រោល​ចៀម

15. វា​ឃើញ​មាន​ទី​ឈប់​សំរាក​ដែល​ស្រួល ហើយ​ថា ស្រុក​នោះ​ល្អ រួច​វា​បាន​ឱន​ស្មា​ទទួល​នឹម ព្រម​ទាំង​ចុះ​ចូល​ធ្វើ​ការ​ដែល​គេ​បង្ខំ​ឲ្យ​ធ្វើ។

16. ដាន់​នឹង​ជំនុំ‌ជំរះ​ពួក​វា ទុក​ដូច​ជា​ពូជ​អំបូរ​អ៊ីស្រា‌អែល​១

17. ដាន់​នឹង​ធ្វើ​ជា​ពស់​នៅ​ក្នុង​ផ្លូវ គឺ​ជា​ពស់‌វែក​នៅ​ផ្លូវ​ច្រក​ដែល​ចឹក​កែង‌ជើង​សេះ ឲ្យ​អ្នក​ជំនិះ​ធ្លាក់​ផ្ងារ​ក្រោយ

18. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​រង់‌ចាំ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់។

19. ឯ​កាឌ់​នឹង​មាន​១​ហ្វូង​មក​ប្រជ្រៀត​លើ​វា តែ​វា​នឹង​ដេញ​ប្រកិត​តាម​កែង​គេ​វិញ។

20. ឯ​អេស៊ើរ អាហារ​វា​នឹង​បាន​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​របស់​យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។

21. ណែប‌ថាលី ជា​ក្តាន់​ដែល​គេ​លែង វា​នឹង​ពោល​ពាក្យ​ពីរោះ​ស្តាប់។

22. យ៉ូសែប​ជា​មែក​ឈើ​មាន​ផ្លែ ជា​មែក​ឈើ​មាន​ផ្លែ​ដែល​ដុះ​នៅ​ជិត​រន្ធ​ទឹក ខ្នែង​វា​នឹង​វារ​ពាក់​លើ​កំផែង

23. ពួក​ពល​ធ្នូ​បាន​ធ្វើ​ទុក្ខ​វា​ជា​ខ្លាំង ទាំង​បាញ់​ទាំង​ស្អប់​វា​ផង

24. តែ​ធ្នូ​វា​នៅ​តែ​ខ្លាំង​ពូកែ ដៃ​វា​ក៏​មាន​កំឡាំង​ដោយ‌សារ​ព្រះ‌ហស្ត​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​របស់​យ៉ាកុប ឯ​អ្នក​គង្វាល គឺ​ជា​ថ្មដា​របស់​អ៊ីស្រា‌អែល​បាន​ចេញ​ពី​នោះ​មក

25. គឺ​ដោយ​នូវ​ព្រះ​នៃ​ឪពុក​ឯង ដែល​ទ្រង់​នឹង​ជួយ​ឯង ហើយ​ដោយ​នូវ​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ដែល​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ជា​ព្រះ‌ពរ​ពី​លើ​មេឃ ហើយ​ជា​ព្រះ‌ពរ​ពី​ទី​ជំរៅ​ដែល​នៅ​ខាង​ក្រោម ទាំង​ផល​របស់​ដោះ ហើយ​នឹង​ពោះ​ផង

26. ពរ​របស់​ឪពុក​ឯង នោះ​លើស​ជាង​អស់​ទាំង​ពរ​របស់​ពួក​អយ្យកោ​អញ ជា​ពរ​ធំ​ដល់​ព្រំ​ចុង​បង្អស់​របស់​ភ្នំ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ហើយ​ក៏​នៅ​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​កំពូល​ក្បាល​នៃ​អ្នក​ដែល​បាន​ញែក​ចេញ​ពី​ពួក​បង​ប្អូន​វា។

27. បេន‌យ៉ា‌មីន ជា​ឆ្កែ​ព្រៃ​ដែល​ហែក​ស៊ី នៅ​ពេល​ព្រឹក វា​ខាំ​ស៊ី​រំពា ហើយ​ដល់​ពេល​ល្ងាច​វា​ចែក​របឹប។

28. នោះ​ជា​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​១២ គឺ​សេចក្ដី​នេះ​ហើយ​ដែល​ឪពុក​គេ​បាន​ពោល​ទុក ក្នុង​កាល​ដែល​ឲ្យ​ពរ​ដល់​គេ គាត់​ឲ្យ​ពរ​ដល់​គ្រប់​គ្នា តាម​ពរ​ដែល​គួរ​ឲ្យ​ដល់​គេ​រៀង​ខ្លួន។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 49