គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 48:11-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. រួច​គាត់​និយាយ​ទៅ​យ៉ូសែប អញ​ស្មាន​ថា លែង​ឃើញ​មុខ​ឯង​ហើយ តែ​មើល ព្រះ​បាន​ឲ្យ​អញ​ឃើញ​ទាំង​ពូជ​ឯង​ផង

12. នោះ​យ៉ូសែប​នាំ​កូន​ទាំង​២ ថយ​ចេញ​ពី​ក្បាល​ជង្គង់​ឪពុក​មក រួច​ក្រាប​ផ្កាប់​មុខ​ចុះ​ដល់​ដី

13. យ៉ូសែប​ក៏​នាំ​យក​កូន​ចូល​ទៅ​ជិត​ឪពុក​វិញ គឺ​អេប្រា‌អិម​នៅ​ដៃ​ស្តាំ​ទៅ​ខាង​ឆ្វេង​អ៊ីស្រា‌អែល ហើយ​ម៉ាន៉ាសេ​នៅ​ដៃ​ឆ្វេង​ទៅ​ខាង​ស្តាំ​អ៊ីស្រា‌អែល

14. នោះ​អ៊ីស្រា‌អែល​គាត់​លូក​ដៃ​ស្តាំ​ទៅ​ដាក់​លើ​ក្បាល​អេប្រា‌អិម​ដែល​ជា​ប្អូន ហើយ​ដាក់​ដៃ​ឆ្វេង​លើ​ម៉ាន៉ាសេ​វិញ ទោះ​បើ​ម៉ាន៉ាសេ​ជា​កូន​ច្បង​ក៏​ដោយ គាត់​ធ្វើ​ដៃ​ដូច្នេះ​ដោយ​មាន​គំនិត​យល់​ជាក់

15. រួច​គាត់​ឲ្យ​ពរ​ដល់​យ៉ូសែប​ថា សូម​ឲ្យ​ព្រះ ដែល​អ័ប្រា‌ហាំ​ជា​ជីតា និង​អ៊ីសាក​ជា​ឪពុក​អញ​បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ជា​ព្រះ​ដែល​បាន​ចិញ្ចឹម​អញ​គ្រប់​១​ជីវិត​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

16. គឺ​ជា​ទេវតា ដែល​បាន​ជួយ​ឲ្យ​អញ​រួច ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ សូម​ទ្រង់​ប្រទាន​ពរ​ដល់​ក្មេង​ទាំង​២​នេះ ហើយ​ឲ្យ​វា​បាន​ហៅ​តាម​ឈ្មោះ​អញ តាម​ឈ្មោះ​អ័ប្រា‌ហាំ​ជា​ជីតា និង​អ៊ីសាក​ជា​ឪពុក​អញ សូម​ឲ្យ​វា​បាន​ចំរើន​ឡើង មាន​គ្នា​សន្ធឹក​នៅ​លើ​ផែនដី

17. កាល​យ៉ូសែប​ឃើញ​ថា ឪពុក​ដាក់​ដៃ​ស្តាំ​លើ​ក្បាល​អេប្រា‌អិម នោះ​គាត់​មិន​សុខ​ចិត្ត​ឡើយ ក៏​ចាប់​ដៃ​ឪពុក ចង់​លើក​ចេញ​ពី​ក្បាល​អេប្រា‌អិម​ទៅ​ដាក់​លើ​ក្បាល​ម៉ាន៉ាសេ​វិញ

18. ដោយ​ពាក្យ​ថា មិន​ត្រូវ​ទេ លោក​ឪពុក​អើយ ដ្បិត​នេះ​ជា​កូន​ច្បង សូម​ដាក់​ដៃ​ស្តាំ​របស់​លោក​ឪពុក​លើ​ក្បាល​វា​វិញ

19. តែ​ឪពុក​មិន​ព្រម​សោះ ក៏​និយាយ​ថា អញ​ដឹង​ហើយ កូន​អើយ អញ​ដឹង​ហើយ វា​នឹង​បាន​ត្រឡប់​ជា​ពួក​១​ដែរ ហើយ​នឹង​បាន​ធំ​ផង ប៉ុន្តែ​ប្អូន​នឹង​បាន​ធំ​ជាង ពូជ​វា​នឹង​ត្រឡប់​ទៅ​ជា​នគរ​១​ដ៏​ពោរ‌ពេញ

20. នៅ​ថ្ងៃ​នោះ​ឯង​គាត់​ឲ្យ​ពរ​ដល់​ក្មេង​ទាំង​២​ថា អ៊ីស្រា‌អែល​នឹង​ឲ្យ​ពរ​ដល់​មនុស្ស​ដទៃ​ដោយ‌សារ​ឯង ដោយ​ថា សូម​ព្រះ​ទ្រង់​ប្រោស​ឲ្យ​ឯង​បាន​ដូច​ជា​អេប្រា‌អិម និង​ម៉ាន៉ាសេ​ចុះ ដូច្នេះ គាត់​បាន​លើក​អេប្រា‌អិម​ឲ្យ​ធំ​ជាង​ម៉ាន៉ាសេ

21. នោះ​អ៊ីស្រា‌អែល​ក៏​និយាយ​ទៅ​យ៉ូសែប​ថា មើល អញ​នឹង​ត្រូវ​ស្លាប់ តែ​ព្រះ​ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​នាំ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ពួក​អយ្យកោ​ឯង​វិញ

22. មួយ​ទៀត ក្នុង​របស់​ទាំង​ប៉ុន្មាន ដែល​អញ​បាន​យក​ពី​ដៃ​នៃ​ពួក​សាសន៍​អាម៉ូរី ដោយ​ដាវ និង​ធ្នូ​របស់​អញ នោះ​អញ​បាន​ចែក​១​ចំណែក​ដល់​ឯង​លើស​ជាង​បង​ប្អូន​ឯង​ហើយ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 48