គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 47:17-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. គេ​ក៏​នាំ​យក​ហ្វូង​សត្វ​មក​ឯ​យ៉ូសែប ហើយ​គាត់​ឲ្យ​ស្បៀង​អាហារ​ដល់​គេ​ប្តូរ​នឹង​សេះ ហ្វូង​ចៀម ហ្វូង​គោ និង​លា នៅ​ឆ្នាំ​នោះ​គាត់​ឲ្យ​ស្បៀង​អាហារ​ចិញ្ចឹម​គេ​ដោយ​ប្តូរ​នឹង​ហ្វូង​សត្វ

18. ដល់​ផុត​ពី​ឆ្នាំ​នោះ​ទៅ ចូល​មក​ឆ្នាំ​ថ្មី​ទៀត នោះ​គេ​មក​ឯ​យ៉ូសែប​អង្វរ​ថា យើង​ខ្ញុំ​មិន​លាក់‌បាំង​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ទេ ដ្បិត​ប្រាក់​របស់​យើង​ខ្ញុំ​អស់​រលីង​ហើយ ឯ​ហ្វូង​សត្វ​ទាំង​អស់​សោត​ក៏​បាន​ទៅ​លោក​ម្ចាស់​ដែរ គ្មាន​សល់​អ្វី​នៅ​មុខ​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ នៅ​សល់​តែ​ខ្លួន​យើង​ខ្ញុំ​នឹង​ដី​របស់​យើង​ខ្ញុំ​ប៉ុណ្ណោះ

19. ហេតុ​អ្វី​បាន​ជា​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​ចំពោះ​លោក ព្រម​ទាំង​ដី​យើង​ខ្ញុំ​ផង​ដូច្នេះ សូម​ទិញ​យើង​ខ្ញុំ និង​ដី​របស់​យើង​ខ្ញុំ​ប្តូរ​នឹង​អាហារ​ចុះ នោះ​យើង​ខ្ញុំ ហើយ​ដី​យើង​ខ្ញុំ​នឹង​នៅ​បំរើ​ផារ៉ោន សូម​ចែក​ពូជ​មក​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​បាន​រស់​នៅ កុំ​ឲ្យ​ស្លាប់ ហើយ​កុំ​ឲ្យ​ដី​នៅ​ចោល​ទទេ​ផង។

20. យ៉ូសែប​ក៏​ទិញ​ដី នៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​ថ្វាយ​ផារ៉ោន ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​គេ​លក់​ស្រែ​ចំការ​រៀង​ខ្លួន​ពី​ព្រោះ​គេ​អត់​ជា​ខ្លាំង ស្រុក​នោះ​ក៏​ទៅ​ជា​របស់​ផង​ផារ៉ោន​ទាំង​អស់

21. ឯ​ពួក​រាស្ត្រ គាត់​ឲ្យ​គេ​ចូល​ទៅ​នៅ​ក្នុង​ទី​ក្រុង​ពី​ព្រំ​ស្រុក​អេស៊ីព្ទ​ម្ខាង​ទៅ​ដល់​ចុង​ម្ខាង

22. សល់​នៅ​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ​ដែល​គាត់​មិន​បាន​ទិញ ដ្បិត​ពួក​សង្ឃ​មាន​ចំណែក​មក​ពី​ផារ៉ោន លោក​ឆាន់​ចំណែក​ដែល​ផារ៉ោន​ប្រគេន ហេតុ​នោះ​បាន​ជា​លោក​សង្ឃ​មិន​លក់​ដី​របស់​ខ្លួន​ទេ។

23. យ៉ូសែប​ប្រកាស​ដល់​ប្រជា‌ជន​ទាំង‌ឡាយ​ថា នែ​ឥឡូវ​នេះ​ខ្ញុំ​បាន​ទិញ​អ្នក​រាល់​គ្នា ព្រម​ទាំង​ដី​របស់​អ្នក​រាល់​ថ្វាយ​ផារ៉ោន​ហើយ នេះ​ជា​ពូជ​ឲ្យ​ដល់​អ្នក​រាល់​គ្នា ចូរ​យក​ទៅ​សាប‌ព្រោះ​ចុះ

24. ដល់​រដូវ​ចំរូត នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​យក​១​ភាគ​ក្នុង​៥​មក​ថ្វាយ​ដល់​ផារ៉ោន​វិញ ហើយ​៤​ភាគ​ទៀត​ទុក​សំរាប់​អ្នក​រាល់​គ្នា គឺ​ទុក​ជា​ពូជ​ពង្រោះ និង​ជា​អាហារ​ដល់​អ្នក​រាល់​គ្នា​ចុះ ព្រម​ទាំង​ពួក​គ្រួ​អ្នក​រាល់​គ្នា​ផង ហើយ​សំរាប់​នឹង​ចិញ្ចឹម​កូន​ចៅ​អ្នក​រាល់​គ្នា

25. គេ​ក៏​ឆ្លើយ​ថា លោក​បាន​ជួយ​សង្គ្រោះ​ជីវិត​យើង​ខ្ញុំ​ហើយ សូម​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​លោក​ចុះ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​ជា​បាវ​បំរើ​ដល់​ផារ៉ោន

26. យ៉ូសែប​ក៏​តាំង​សេចក្ដី​នោះ​ពី​ដំណើរ​ដី​ស្រុក​អេស៊ីព្ទ ទុក​ជា​ច្បាប់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ថា ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៥​ទៅ​ផារ៉ោន មាន​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ​ទេ ដែល​មិន​បាន​ទៅ​ជា​របស់​ផង​ផារ៉ោន។

27. ឯ​ពួក​អ៊ីស្រា‌អែល គេ​នៅ​ត្រង់​កូសែន ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​បាន​កេរ‌អាករ​នៅ​ស្រុក​នោះ ក៏​បង្កើត​កូន​ចំរើន​កើន​ឡើង​សន្ធឹក

28. យ៉ាកុប​គាត់​រស់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​១៧​ឆ្នាំ នោះ​អាយុ​យ៉ាកុប​បាន​១៤៧​ឆ្នាំ​ហើយ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 47