គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 47:1-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. យ៉ូសែប​ក៏​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា ឪពុក និង​បង​ប្អូន​ទូល‌បង្គំ​បាន​ចេញ​ពី​ស្រុក​កាណាន​មក​ហើយ ព្រម​ទាំង​នាំ​យក​ហ្វូង​ចៀម ហ្វូង​គោ និង​របស់​ទ្រព្យ​ទាំង​អស់​មក​ផង មើល គេ​នៅ​ឯ​ស្រុក​កូសែន​ឯ​ណោះ

2. គាត់​ក៏​យក​បង​ប្អូន​៥​នាក់​ទៅ​ថ្វាយ​ផារ៉ោន​ឲ្យ​ទ្រង់​ស្គាល់

3. នោះ​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​បង​ប្អូន​គាត់​ថា ឯង​រាល់​គ្នា​មាន​របរ​រក​ស៊ី​ធ្វើ​ការ​អ្វី គេ​ក៏​ទូល​ថា យើង​ខ្ញុំ​ជា​បាវ​បំរើ​ទ្រង់​មាន​របរ​ជា​អ្នក​គង្វាល​សត្វ ទាំង​យើង​ខ្ញុំ និង​ឪពុក​យើង​ខ្ញុំ​តៗ​មក

4. គេ​ទូល​ទ្រង់​ថា យើង​ខ្ញុំ​សូម​ចូល​មក​ជ្រក‌កោន​នៅ​ក្នុង​ស្រុក​នេះ​ផង ពី​ព្រោះ​នៅ​ឯ​ស្រុក​កាណាន នោះ​គ្មាន​ស្មៅ​ឲ្យ​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ជា​បាវ​ទ្រង់​ទេ ដ្បិត​នៅ​ស្រុក​នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​ណាស់ ដូច្នេះ​សូម​ឲ្យ​យើង​ខ្ញុំ ជា​បាវ​ទ្រង់ បាន​ជ្រក​កោន​នៅ​ស្រុក​កូសែន​ផង

5. នោះ​ផារ៉ោន​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូសែប​ថា ឪពុក និង​បង​ប្អូន​អ្នក​បាន​មក​ឯ​អ្នក​ហើយ

6. ដូច្នេះ​ស្រុក​អេស៊ីព្ទ​នៅ​មុខ​អ្នក​ស្រាប់​ហើយ ចូរ​ឲ្យ​ឪពុក និង​បង​ប្អូន​អាស្រ័យ​នៅ​ត្រង់​កន្លែង​ដ៏​ល្អ​បំផុត​ចុះ ចូរ​ឲ្យ​គេ​នៅ​ក្នុង​ស្រុក​កូសែន​ទៅ បើ​អ្នក​ស្គាល់​អ្នក​ណា​ក្នុង​ពួក​គេ​ដែល​ប្រសប់​វាង‌វៃ នោះ​ចូរ​តាំង​គេ​ឡើង​ឲ្យ​ធ្វើ​ជា​មេ​គង្វាល​លើ​ហ្វូង​សត្វ​របស់​យើង​ផង

7. យ៉ូសែប​ក៏​នាំ​យ៉ាកុប ជា​ឪពុក​ខ្លួន ចូល​ទៅ​គាល់​ផារ៉ោន​ដែរ ហើយ​យ៉ាកុប​ក៏​សូម​ពរ​ថ្វាយ​ដល់​ផារ៉ោន

8. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា អាយុ​របស់​តា​បាន​ប៉ុន្មាន​ហើយ

9. យ៉ាកុប​ទូល​ឆ្លើយ​ថា ចំនួន​ឆ្នាំ​ដែល​ទូល‌បង្គំ​សំចត​នៅ​នោះ​បាន​តែ​១៣០​ឆ្នាំ​ទេ អស់​ទាំង​ឆ្នាំ​អាយុ​នៃ​ទូល‌បង្គំ​បាន​តិច​ណាស់ ហើយ​អាក្រក់​ផង មិន​ដល់​នឹង​ចំនួន​ឆ្នាំ​អាយុ ដែល​ពួក​អយ្យកោ​របស់​ទូល‌បង្គំ បាន​សំចត​នៅ​នោះ​ទេ

10. យ៉ាកុប​ក៏​សូម​ពរ​ថ្វាយ​ដល់​ផារ៉ោន​ទៀត រួច​លា​ទ្រង់​ចេញ​ទៅ

11. យ៉ូសែប​ក៏​ឲ្យ​ឪពុក និង​បង​ប្អូន​អាស្រ័យ​នៅ​ត្រង់​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ស្រុក គឺ​នៅ​ត្រង់​រ៉ាមសេស ហើយ​គាត់​ឲ្យ​គេ​មាន​កេរ‌អាករ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដូច​ជា​ផារ៉ោន​បាន​បង្គាប់​មក

12. យ៉ូសែប​តែង​ចំណាយ​ស្បៀង​អាហារ​ចិញ្ចឹម​ដល់​ឪពុក និង​បង​ប្អូន ព្រម​ទាំង​ពួក​ផ្ទះ​ឪពុក​ទាំង​អស់ តាម​គ្រួ​គេ​ផង។

13. នៅ​គ្រប់​ក្នុង​ស្រុក​នោះ​គ្មាន​អ្វី​បរិភោគ​សោះ ដ្បិត​អំណត់​អត់​ជា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​ស្រុក​អេស៊ីព្ទ និង​ស្រុក​កាណាន​បាន​ហិន‌ហោច​ទៅ ដោយ​ព្រោះ​អំណត់​នោះ

14. យ៉ូសែប​ប្រមូល​ប្រាក់​ដែល​មាន​នៅ​ស្រុក​អេស៊ីព្ទ ហើយ​នៅ​ស្រុក​កាណាន​ទាំង​អស់ ជា​ដំឡៃ​នៃ​ស្រូវ​ដែល​គេ​ទិញ​នោះ ក៏​បញ្ចូល​ទុក​ក្នុង​ឃ្លាំង​របស់​ផារ៉ោន

15. រួច​កាល​ប្រាក់​ស្រុក​អេស៊ីព្ទ និង​ស្រុក​កាណាន​បាន​អស់​ហើយ​នោះ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់ ក៏​មក​ឯ​យ៉ូសែប​អង្វរ​ថា សូម​ចែក​ស្បៀង​អាហារ​ដល់​យើង​ខ្ញុំ​ផង ដ្បិត​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​លោក ដោយ​ព្រោះ​តែ​ខ្វះ​ប្រាក់​ឬ​អី

16. យ៉ូសែប​ក៏​ប្រាប់​ថា បើ​គ្មាន​ប្រាក់ ចូរ​ឲ្យ​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​មក នោះ​ខ្ញុំ​នឹង​ឲ្យ​ស្បៀង​អាហារ​ប្តូរ​នឹង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​វិញ

17. គេ​ក៏​នាំ​យក​ហ្វូង​សត្វ​មក​ឯ​យ៉ូសែប ហើយ​គាត់​ឲ្យ​ស្បៀង​អាហារ​ដល់​គេ​ប្តូរ​នឹង​សេះ ហ្វូង​ចៀម ហ្វូង​គោ និង​លា នៅ​ឆ្នាំ​នោះ​គាត់​ឲ្យ​ស្បៀង​អាហារ​ចិញ្ចឹម​គេ​ដោយ​ប្តូរ​នឹង​ហ្វូង​សត្វ

18. ដល់​ផុត​ពី​ឆ្នាំ​នោះ​ទៅ ចូល​មក​ឆ្នាំ​ថ្មី​ទៀត នោះ​គេ​មក​ឯ​យ៉ូសែប​អង្វរ​ថា យើង​ខ្ញុំ​មិន​លាក់‌បាំង​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ទេ ដ្បិត​ប្រាក់​របស់​យើង​ខ្ញុំ​អស់​រលីង​ហើយ ឯ​ហ្វូង​សត្វ​ទាំង​អស់​សោត​ក៏​បាន​ទៅ​លោក​ម្ចាស់​ដែរ គ្មាន​សល់​អ្វី​នៅ​មុខ​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ នៅ​សល់​តែ​ខ្លួន​យើង​ខ្ញុំ​នឹង​ដី​របស់​យើង​ខ្ញុំ​ប៉ុណ្ណោះ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 47