គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 45:18-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. រួច​នាំ​យក​ឪពុក និង​ពួក​គ្រួសារ​របស់​ឯង​រាល់​គ្នា​មក​ឯ​ណេះ អញ​នឹង​ឲ្យ​ទី​កន្លែង​ដ៏​ល្អ​ក្នុង​ស្រុក​អេស៊ីព្ទ​ដល់​ឯង​រាល់​គ្នា នោះ​ឯង​រាល់​គ្នា​នឹង​បាន​បរិភោគ​របស់​ល្អ​បំផុត​នៅ​ស្រុក​នេះ​ត​ទៅ

19. ឯង​បាន​ទទួល​បង្គាប់​ហើយ ដូច្នេះ​ចូរ​ធ្វើ​យ៉ាង​នេះ​ចុះ គឺ​ឲ្យ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​នេះ​ទៅ សំរាប់​ប្រពន្ធ​ឯង​រាល់​គ្នា​ព្រម​ទាំង​កូន​តូចៗ​ផង ហើយ​បញ្ជិះ​ឪពុក​ឯង​រាល់​គ្នា​នាំ​ចុះ​មក​ឯ​ណេះ

20. កុំ​ឲ្យ​ស្តាយ​របស់​ទ្រព្យ​ឯង​រាល់​គ្នា​ឡើយ ពី​ព្រោះ​គ្រប់​ទាំង​របស់​ល្អ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ជា​របស់​ផង​ឯង​រាល់​គ្នា​ហើយ។

21. ពួក​កូន​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ ហើយ​យ៉ូសែប​គាត់​ឲ្យ​រទេះ​ទៅ​គេ​តាម​បង្គាប់​ផារ៉ោន ក៏​ឲ្យ​ស្បៀង​អាហារ​បរិភោគ​តាម​ផ្លូវ​ផង

22. គាត់​ឲ្យ​សំលៀក‌បំពាក់​ពីរ​បី​បន្លាស់​ដល់​គ្រប់​គ្នា តែ​គាត់​បាន​ឲ្យ​ប្រាក់​៣០០​ដួង និង​សំលៀក‌បំពាក់​៥​បន្លាស់​ដល់​បេន‌យ៉ា‌មីន

23. រួច​ក៏​ផ្ញើ​ទៅ​ជូន​ឪពុក​យ៉ាង​នេះ គឺ​លា​១០ ផ្ទុក​សុទ្ធ​តែ​របស់​ល្អ​ពី​ស្រុក​អេស៊ីព្ទ ហើយ​លា​ញី​១០ ផ្ទុក​សុទ្ធ​តែ​ស្រូវ ព្រម​ទាំង​នំបុ័ង​នឹង​ស្បៀង​សំរាប់​ឪពុក​មក​តាម​ផ្លូវ

24. គាត់​ក៏​បញ្ជូន​ឲ្យ​បង​ប្អូន​ទៅ ដោយ​ពាក្យ​បណ្តាំ​ថា កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​តាម​ផ្លូវ​ណ៎ះ នោះ​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ។

25. គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឡើង​ទៅ​ដល់​យ៉ាកុប​ជា​ឪពុក​នៅ​ស្រុក​កាណាន

26. ក៏​ជំរាប​ថា យ៉ូសែប​នៅ​រស់​ទេ គឺ​វា​ហើយ​ដែល​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល នោះ​គាត់​មាន​ចិត្ត​ភាំង​ស្លុត ដោយ​មិន​បាន​ជឿ​ទេ

27. តែ​គេ​ជំរាប​គាត់​តាម​គ្រប់​ទាំង​ពាក្យ​របស់​យ៉ូសែប ដែល​បាន​ផ្តាំ​មក ហើយ​កាល​គាត់​ឃើញ​រទេះ​ទាំង​នោះ ដែល​យ៉ូសែប​ឲ្យ​មក​សំរាប់​បញ្ជិះ​គាត់​ទៅ នោះ​ទើប​យ៉ាកុប​ជា​ឪពុក​បាន​ភ្ញាក់​ខ្លួន​ឡើង

28. ហើយ​អ៊ីស្រា‌អែល​និយាយ​ថា ប៉ុណ្ណេះ​ជឿ​ហើយ យ៉ូសែប​កូន​អញ​នៅ​រស់​មែន អញ​នឹង​ទៅ​ឲ្យ​ឃើញ​វា​មុន​ដែល​អញ​ស្លាប់។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 45