គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 44:13-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. នោះ​គេ​ក៏​ហែក​សំលៀក‌បំពាក់ រួច​ផ្ទុក​លា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទាំង​អស់​គ្នា។

14. យូដា និង​បង​ប្អូន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប​ដែល​នៅ​ផ្ទះ​នៅ​ឡើយ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​គាត់

15. នោះ​យ៉ូសែប​និយាយ​គំរាម​ទៅ​គេ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​អ្វី​ដូច្នេះ តើ​មិន​ដឹង​ថា មនុស្ស​យ៉ាង​អញ​ចេះ​ចាប់​យាម​ទេ​ឬ​អី

16. យូដា​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​នឹង​ឆ្លើយ​តប​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ដូច​ម្តេច​បាន តើ​នឹង​និយាយ​អ្វី​ឬ​ដោះ​សា​ខ្លួន​យើង​ខ្ញុំ​ជា​យ៉ាង​ណា​បាន ព្រះ​ទ្រង់​បាន​ឃើញ​សេចក្ដី​ទុច្ចរិត​របស់​យើង​ខ្ញុំ​ប្របាទ​ហើយ មើល យើង​ខ្ញុំ​ត្រូវ​ធ្វើ​ជា​បាវ​បំរើ​របស់​លោក​ម្ចាស់ គឺ​ទាំង​ខ្លួន​យើង​ខ្ញុំ និង​អ្នក​១​ដែល​ឃើញ​មាន​ពែង​នៅ​ដៃ​នោះ​ផង

17. តែ​គាត់​ឆ្លើយ​ថា អញ​មិន​ធ្វើ​ដូច្នោះ​ទេ អ្នក​ណា​ដែល​បាន​ឃើញ​មាន​ពែង​នៅ​ដៃ​វា គឺ​អ្នក​នោះ​ឯង​ដែល​ត្រូវ​ធ្វើ​ជា​បាវ​របស់​អញ ឯ​ឯង​រាល់​គ្នា​វិញ ត្រូវ​ឡើង​ត្រឡប់​ទៅ​ឯ​ឪពុក​ឯង​ដោយ​សុខ‌សាន្ត​ចុះ។

18. យូដា​គាត់​ក៏​ចូល​ទៅ​ជិត​អង្វរ​យ៉ូសែប​ថា ឱ​លោក​ម្ចាស់​ខ្ញុំ​ប្របាទ​អើយ សូម​បើក​ឲ្យ​ខ្ញុំ​ប្របាទ​ជា​បាវ​លោក​ជំរាប​ជូន​លោក​ស្តាប់​១​ម៉ាត់​សិន សូម​កុំ​ខឹង​ក្តៅ​នឹង​ខ្ញុំ​ប្របាទ​ជា​អ្នក​បំរើ​លោក​ឡើយ ពី​ព្រោះ​លោក​ក៏​ដូច​ជា​ផារ៉ោន​ហើយ

19. លោក​ម្ចាស់​បាន​សួរ​យើង​ខ្ញុំ​ប្របាទ​ថា តើ​មាន​ឪពុក​មាន​បង​ប្អូន​ឬ​ទេ

20. នោះ​យើង​ខ្ញុំ​បាន​ឆ្លើយ​ជំរាប​លោក​ម្ចាស់​ថា យើង​ខ្ញុំ​មាន​ឪពុក​ចាស់ ហើយ​នឹង​ប្អូន​តូច​១​ដែល​កើត​មក​ក្នុង​កាល​ដែល​គាត់​ចាស់​ដែរ បង​វា​បាន​ស្លាប់​ទៅ ហើយ​ក្នុង​កូន​ពោះ​មួយ​នឹង​វា នោះ​នៅ​សល់​តែ​វា​ម្នាក់​ឯង​ទេ ហើយ​ឪពុក​ស្រឡាញ់​វា​ណាស់

21. តែ​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា ចូរ​នាំ​វា​ចុះ​មក​ឯ​លោក​កុំ​ខាន ឲ្យ​លោក​បាន​ឃើញ​ផង

22. យើង​ខ្ញុំ​ក៏​បាន​ជំរាប​លោក​ម្ចាស់​វិញ​ថា កូន​នោះ​នឹង​ឃ្លាត​ចេញ​ពី​ឪពុក​មក​មិន​បាន​ទេ ដ្បិត​បើ​វា​ឃ្លាត​ចេញ​ពី​គាត់ នោះ​គាត់​នឹង​ស្លាប់​ហើយ

23. តែ​លោក​បាន​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា បើ​ប្អូន​ពៅ​មិន​ចុះ​មក​ជា​មួយ​ទេ នោះ​យើង​ខ្ញុំ​មិន​បាន​ឃើញ​មុខ​លោក​ទៀត

24. ដូច្នេះ​កាល​យើង​ខ្ញុំ​បាន​ឡើង​ទៅ​ដល់​ឪពុក​ដែល​ជា​អ្នក​បំរើ​លោក នោះ​យើង​ខ្ញុំ​ក៏​ជំរាប​គាត់​តាម​ពាក្យ​របស់​លោក​ម្ចាស់

25. រួច​មក​ឪពុក​យើង​ខ្ញុំ​ប្រាប់​ថា ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​សំរាប់​យើង​ទៀត

26. តែ​យើង​ខ្ញុំ​បាន​ប្រកែក​ថា យើង​ខ្ញុំ​ទៅ​ពុំ​បាន​ទេ បើ​ប្អូន​ពៅ​បាន​ទៅ​ជា​មួយ នោះ​ទើប​យើង​ខ្ញុំ​នឹង​ទៅ​បាន ដ្បិត​យើង​ខ្ញុំ​នឹង​ឃើញ​មុខ​លោក​នោះ​មិន​បាន​ទេ លើក​តែ​ប្អូន​ពៅ​បាន​ទៅ​ជា​មួយ​ផង

27. ឪពុក​យើង​ខ្ញុំ​ដែល​ជា​អ្នក​បំរើ​លោក​គាត់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា ឯង​រាល់​គ្នា​ដឹង​ថា ប្រពន្ធ​អញ​បាន​បង្កើត​កូន​ប្រុស​២​ឲ្យ​អញ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 44