គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 43:3-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. តែ​យូដា​ឆ្លើយ​ទៅ​ឪពុក​ថា អ្នក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​យ៉ាង​ច្បាស់​ថា ឯង​រាល់​គ្នា​នឹង​ខាន​ឃើញ​មុខ​អញ​ទៀត លើក​តែ​ប្អូន​ឯង​មក​ជា​មួយ

4. បើ​លោក​ឪពុក​ឲ្យ​ប្អូន​ទៅ​ជា​មួយ នោះ​យើង​ខ្ញុំ​នឹង​ទៅ​ទិញ​ស្បៀង​អាហារ​យក​មក​ជូន

5. តែ​បើ​លោក​ឪពុក​មិន​ព្រម​ឲ្យ​វា​ទៅ​ទេ នោះ​យើង​ខ្ញុំ​ក៏​មិន​ចុះ​ទៅ​ដែរ ពី​ព្រោះ​អ្នក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​ថា ឯង​រាល់​គ្នា​លែង​បាន​ឃើញ​មុខ​អញ​ទៀត​ហើយ លើក​តែ​ប្អូន​ឯង​មក​ជា​មួយ

6. នោះ​អ៊ីស្រា‌អែល​គាត់​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ប្រព្រឹត្ត​អាក្រក់​នឹង​អញ​ដល់​ម៉្លេះ ដោយ​ប្រាប់​អ្នក​នោះ​ថា មាន​ប្អូន​១​ទៀត

7. គេ​ឆ្លើយ​ថា អ្នក​នោះ​បាន​សាក​សួរ​យើង​ខ្ញុំ​យ៉ាង​ល្អិត​ណាស់ ពី​ដំណើរ​យើង​ខ្ញុំ និង​ញាតិ‌សន្តាន​នៃ​យើង​ខ្ញុំ​ថា តើ​ឪពុក​ឯង​រាល់​គ្នា​នៅ​រស់​ទេ​ឬ តើ​មាន​ប្អូន​១​ទៀត​ឬ​ទេ យើង​ខ្ញុំ​ក៏​បាន​ជំរាប​លោក​តាម​ពាក្យ​ទាំង​នោះ​ទៅ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​បាន​ដឹង​ថា លោក​នឹង​ប្រាប់​ឲ្យ​នាំ​ប្អូន​យើង​ចុះ​ទៅ​ដូច្នេះ

8. នោះ​យូដា​ក៏​អង្វរ​អ៊ីស្រា‌អែល​ជា​ឪពុក​ថា សូម​ឲ្យ​កូន​កំឡោះ​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​រៀប‌ចំ​ទៅ ដើម្បី​ឲ្យ​យើង​ខ្ញុំ ព្រម​ទាំង​លោក​ឪពុក ហើយ​នឹង​កូន​ចៅ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​នៅ​រស់ កុំ​ឲ្យ​ស្លាប់

9. ខ្ញុំ​នឹង​ធានា​ពី​ដំណើរ​វា លោក​ឪពុក​នឹង​ទារ​វា​ពី​ដៃ​ខ្ញុំ​វិញ បើ​ខ្ញុំ​មិន​នាំ​វា​មក​ជូន​ដល់​លោក​ឪពុក ឲ្យ​បាន​នៅ​ចំពោះ​មុខ​លោក​ឪពុក​វិញ​ទេ នោះ​សូម​ឲ្យ​ខ្ញុំ​ជាប់​មាន​ទោស​ជា​ដរាប​ចុះ

10. ដ្បិត​បើ​យើង​ខ្ញុំ​មិន​បាន​បង្អង់​នៅ នោះ​ប្រាកដ​ជា​យើង​ខ្ញុំ​បាន​ទៅ​មក​២​សា​ហើយ

11. អ៊ីស្រា‌អែល​ជា​ឪពុក​ក៏​ប្រាប់​ថា បើ​ដូច្នេះ​ធ្វើ​យ៉ាង​នេះ​ចុះ ចូរ​យក​ផល​យ៉ាង​ល្អៗ​ពី​ស្រុក​នេះ​ដាក់​ចុះ​ក្នុង​បាវ​របស់​ឯង​រាល់​គ្នា​យក​ទៅ​ជូន​លោក​ផង គឺ​ជ័រ​ពិដោរ និង​ទឹក​ឃ្មុំ​បន្តិច ព្រម​ទាំង​គ្រឿង​ម្ហូប ជ័រ​ល្វីង‌ទេស គ្រាប់​ឈើ និង​គ្រាប់​ចំបក់

12. ហើយ​យក​ប្រាក់​១​ជា​២​នៅ​ដៃ​ឯង​រាល់​គ្នា​ទៅ ព្រម​ទាំង​ប្រាក់​ដែល​គេ​ដាក់​មក​នៅ​មាត់​បាវ​នោះ​ផង យក​ទៅ​ប្រគល់​ឲ្យ​គេ​វិញ ក្រែង​លោក​គេ​ច្រឡំ

13. រួច​ឲ្យ​នាំ​យក​ប្អូន​ឯង​វិល​ទៅ​ឯ​អ្នក​នោះ​ចុះ

14. សូម​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា បណ្តាល​ឲ្យ​អ្នក​នោះ​អាណិត​មេត្តា​ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​គេ​បើក​ឲ្យ​បង​ឯង ហើយ​នឹង​បេន‌យ៉ា‌មីន​មក​វិញ​ដែរ ណ្ហើយ​ចុះ បើ​អញ​ត្រូវ​អត់​កូន នោះ​ក៏​ត្រូវ​តែ​ទ្រាំ​អត់​ទៅ​ចុះ។

15. គេ​ក៏​យក​ជំនូន​ទាំង​នោះ និង​ប្រាក់​១​ជា​២​នៅ​ដៃ ហើយ​នាំ​បេន‌យ៉ា‌មីន​ទៅ​ដែរ រួច​គេ​ក្រោក​ឡើង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ទៅ​ឈរ​នៅ​ចំពោះ​មុខ​យ៉ូសែប

16. កាល​យ៉ូសែប​ឃើញ​បេន‌យ៉ា‌មីន​មក​ជា​មួយ នោះ​គាត់​ប្រាប់​ទៅ​អ្នក​ដំរួត​ដែល​ត្រួត​មើល​ផ្ទះ​គាត់​ថា ចូរ​នាំ​មនុស្ស​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ រួច​ឲ្យ​សំឡាប់​សត្វ​រៀប​ម្ហូប‌ម្ហា​ទៅ ពី​ព្រោះ​មនុស្ស​ទាំង​នេះ​នឹង​បរិភោគ​ជា​មួយ​នឹង​អញ​នៅ​ពេល​ថ្ងៃ​ត្រង់

17. អ្នក​នោះ​ក៏​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​តាម​បង្គាប់​យ៉ូសែប

18. គេ​ក៏​មាន​សេចក្ដី​ភិត‌ភ័យ ពី​ព្រោះ​បាន​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប ហើយ​គេ​ពិគ្រោះ​គ្នា​ថា គឺ​ដោយ​ព្រោះ​ប្រាក់​ដែល​បាន​ដាក់​ចុះ​ក្នុង​បាវ ឲ្យ​មក​យើង​វិញ ពី​កាល​ជាន់​មុន​នោះ​ហើយ បាន​ជា​គេ​នាំ​យើង​ចូល​មក​នេះ ដើម្បី​ឲ្យ​លោក​បាន​រក​រឿង​នឹង​យើង ហើយ​ចាប់​យើង​យក​ធ្វើ​ជា​បាវ ព្រម​ទាំង​សត្វ​លា​ផង

19. គេ​ក៏​ចូល​ទៅ​ឯ​អ្នក​ដំរួត​ដែល​ត្រួត​លើ​ផ្ទះ​យ៉ូសែប និយាយ​នឹង​គាត់​នៅ​ត្រង់​មាត់​ទ្វារ​ថា

សូមអានជំពូកពេញលេញ លោកុប្បត្តិ 43