គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 43:18-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. គេ​ក៏​មាន​សេចក្ដី​ភិត‌ភ័យ ពី​ព្រោះ​បាន​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប ហើយ​គេ​ពិគ្រោះ​គ្នា​ថា គឺ​ដោយ​ព្រោះ​ប្រាក់​ដែល​បាន​ដាក់​ចុះ​ក្នុង​បាវ ឲ្យ​មក​យើង​វិញ ពី​កាល​ជាន់​មុន​នោះ​ហើយ បាន​ជា​គេ​នាំ​យើង​ចូល​មក​នេះ ដើម្បី​ឲ្យ​លោក​បាន​រក​រឿង​នឹង​យើង ហើយ​ចាប់​យើង​យក​ធ្វើ​ជា​បាវ ព្រម​ទាំង​សត្វ​លា​ផង

19. គេ​ក៏​ចូល​ទៅ​ឯ​អ្នក​ដំរួត​ដែល​ត្រួត​លើ​ផ្ទះ​យ៉ូសែប និយាយ​នឹង​គាត់​នៅ​ត្រង់​មាត់​ទ្វារ​ថា

20. ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ កាល​មុន​នោះ​យើង​ខ្ញុំ​បាន​ចុះ​មក​ទិញ​ស្បៀង​អាហារ

21. រួច​កាល​យើង​ខ្ញុំ​បាន​ទៅ​ដល់​ទី​សំណាក់ នោះ​យើង​ខ្ញុំ​បាន​ស្រាយ​បាវ​ទៅ ឃើញ​មាន​ប្រាក់​របស់​យើង​ខ្ញុំ​គ្រប់​ចំនួន​នៅ​ក្នុង​បាវ​រៀង​ខ្លួន ឥឡូវ​យើង​ខ្ញុំ​បាន​យក​ប្រាក់​នោះ​មក​វិញ​នៅ​ដៃ​យើង​ខ្ញុំ​នេះ

22. ក៏​បាន​យក​ប្រាក់​ផ្សេង​សំរាប់​នឹង​ទិញ​ស្បៀង​អាហារ​នៅ​ដៃ​យើង​ខ្ញុំ​ដែរ យើង​ខ្ញុំ​មិន​ដឹង​ជា​អ្នក​ណា​បាន​ដាក់​ប្រាក់​នោះ​ទៅ​ក្នុង​បាវ​ទេ

23. តែ​អ្នក​នោះ​ឆ្លើយ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ គឺ​ព្រះ​នៃ​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​អ្នក​រាល់​គ្នា ទ្រង់​បាន​ប្រទាន​ទ្រព្យ​មក​ក្នុង​បាវ​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ប្រាក់​របស់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ទទួល​ហើយ រួច​អ្នក​នោះ​នាំ​ស៊ីម្មាន​ចេញ​មក​ឯ​គេ

24. ហើយ​ក៏​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប ទាំង​យក​ទឹក​មក​ឲ្យ​លាង​ជើង រួច​គាត់​យក​ចំបើង​ឲ្យ​លា​គេ​ស៊ី​ដែរ

25. ឯ​គេ​ក៏​រៀប‌ចំ​ជំនូន​ចាំ​យ៉ូសែប​មក​ដល់​នៅ​ពេល​ថ្ងៃ​ត្រង់ ដ្បិត​គេ​បាន​ឮ​ថា ខ្លួន​គេ​ត្រូវ​បរិភោគ​បាយ​នៅ​ទី​នោះ។

26. កាល​យ៉ូសែប​បាន​មក​ដល់​ផ្ទះ នោះ​គេ​យក​ជំនូន​ដែល​នៅ​ដៃ​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​ជូន​គាត់ ហើយ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ចំពោះ​គាត់

27. គាត់​ក៏​សួរ​ពី​សេចក្ដី​សុខ​ទុក្ខ​របស់​គេ​ថា តើ​លោក​តា ជា​ឪពុក​អ្នក​រាល់​គ្នា ដែល​បាន​ប្រាប់​ខ្ញុំ​នោះ គាត់​នៅ​រស់​ហើយ​សុខ​សប្បាយ​ជា​ទេ​ឬ

28. គេ​ឆ្លើយ​ថា ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បំរើ​លោក​គាត់​រស់​នៅ​ហើយ​សុខ​សប្បាយ​ជា​ទេ រួច​ក៏​ឱន​គោរព​ដល់​គាត់។

29. លុះ​យ៉ូសែប​ក្រឡេក​ភ្នែក​ទៅ ឃើញ​បេន‌យ៉ា‌មីន​ជា​ប្អូន​ពោះ​មួយ​នឹង​ខ្លួន នោះ​ក៏​សួរ​ថា នេះ​គឺ​ជា​ប្អូន​ពៅ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​ឬ​អី ហើយ​ក៏​និយាយ​ទៅ​ប្អូន​ថា កូន​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ប្រោស​មេត្តា​ដល់​ឯង

30. យ៉ូសែប​ក៏​ប្រញាប់‌ប្រញាល់​ទៅ​រក​កន្លែង​យំ ពី​ព្រោះ​គាត់​មាន​សេចក្ដី​ក្តួល​នឹង​ប្អូន​ខ្លាំង​ណាស់ នោះ​គាត់​ចូល​ទៅ​យំ​ក្នុង​បន្ទប់

31. រួច​លប់​មុខ​ចេញ​មក​វិញ ទាំង​ខំ​ទប់ ហើយ​ប្រាប់​ថា ចូរ​លើក​ម្ហូប​មក

32. គេ​ក៏​លើក​មក​ជូន​គាត់​ដោយ​ខ្លួន ឲ្យ​អ្នក​ទាំង​នោះ​ដោយ​ខ្លួន ហើយ​ឲ្យ​ពួក​សាសន៍​អេស៊ីព្ទ ដែល​បរិភោគ​ជា​មួយ​នឹង​គាត់ ដោយ​ខ្លួន​ដែរ ពី​ព្រោះ​ពួក​សាសន៍​អេស៊ីព្ទ គេ​គ្មាន​ច្បាប់​នឹង​បរិភោគ​ជា​មួយ​នឹង​ពួក​សាសន៍​ហេព្រើរ​ទេ ព្រោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ពួក​សាសន៍​អេស៊ីព្ទ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 43