គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 42:29-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. លុះ​គេ​ទៅ​ដល់​យ៉ាកុប​ជា​ឪពុក​នៅ​ស្រុក​កាណាន​ហើយ នោះ​ក៏​រ៉ាយ‌រ៉ាប់​ជំរាប​គាត់​ពី​គ្រប់​ទាំង​ការ​ដែល​បាន​កើត​ឡើង​ដល់​គេ​ថា

30. អ្នក​ដែល​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​នោះ លោក​បាន​និយាយ​មក​យើង​ដោយ​តឹង‌រ៉ឹង​ណាស់ ហើយ​បាន​ទុក​យើង​ជា​ពួក​លប​សង្កេត​ស្រុក

31. យើង​ខ្ញុំ​បាន​ជំរាប​លោក​ថា យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​ពួក​លប​សង្កេត​ស្រុក​ទេ

32. ហើយ​ថា យើង​ខ្ញុំ​មាន​បង​ប្អូន​១២​នាក់​ជា​កូន​នៃ​ឪពុក​តែ​១ កូន​១​មិន​នៅ​ទៀត​ទេ ហើយ​កូន​ពៅ​វា​នៅ​ជា​មួយ​នឹង​ឪពុក​របស់​យើង​ខ្ញុំ នៅ​ស្រុក​កាណាន​សព្វ​ថ្ងៃ​នេះ

33. តែ​អ្នក​ដែល​ជា​ចៅ‌ហ្វាយ​នៃ​ស្រុក​នោះ លោក​និយាយ​មក​យើង​ខ្ញុំ​ថា គឺ​យ៉ាង​នេះ​ដែល​អញ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ឲ្យ​ទុក​បង​ប្អូន​ឯង​ម្នាក់​នៅ​នឹង​អញ​សិន រួច​នាំ​យក​ស្រូវ​សំរាប់​ពួក​គ្រួ​ឯង​រាល់​គ្នា​ដែល​អត់​នោះ​ចេញ​ទៅ​ចុះ

34. ហើយ​នាំ​ប្អូន​ឯង​មក​ឯ​អញ នោះ​អញ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​ពួក​លប​សង្កេត​ស្រុក​ឡើយ គឺ​ជា​មនុស្ស​ទៀង​ត្រង់​ពិត រួច​សឹម​អញ​នឹង​លែង​ឲ្យ​បង​ប្អូន​ឯង​ម្នាក់​នេះ​ដល់​ឯង​វិញ ព្រម​ទាំង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ចូល​បាន​ក្នុង​ស្រុក​នេះ​ផង។

35. កាល​គេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ​ទៅ នោះ​ក៏​ឃើញ​កញ្ចប់​ប្រាក់​របស់​គេ​រៀង​ខ្លួន​នៅ​ក្នុង​បាវ រួច​គេ និង​ឪពុក​គេ​មាន​សេចក្ដី​ភ័យ​ញ័រ ដោយ​ឃើញ​កញ្ចប់​ប្រាក់​ទាំង​នោះ

36. យ៉ាកុប​ជា​ឪពុក​និយាយ​ថា ឯង​រាល់​គ្នា​បាន​បំបាត់​កូន​អញ​ទៅ គឺ​យ៉ូសែប​មិន​នៅ​ទៀត ហើយ​ស៊ីម្មាន​ក៏​មិន​នៅ​ដែរ ឥឡូវ​ឯង​ចង់​យក​បេន‌យ៉ា‌មីន​ទៅ​ទៀត​ឬ សេចក្ដី​ទាំង​នេះ​ជា​ទំនាស់​នឹង​អញ​ហើយ

37. រូបេន​ឆ្លើយ​ទៅ​ឪពុក​ថា បើ​ខ្ញុំ​មិន​នាំ​វា​មក​វិញ នោះ​សូម​សំឡាប់​កូន​ប្រុស​ខ្ញុំ​ទាំង​២​ចុះ សូម​ឲ្យ​វា​មក​ខ្ញុំៗ​នឹង​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​ជា​មិន​ខាន

សូមអានជំពូកពេញលេញ លោកុប្បត្តិ 42