31. គេនឹងលែងស្គាល់សេចក្ដីបរិបូរនៅក្នុងស្រុកទៀត ដោយព្រោះអំណត់ដែលត្រូវមកតាមក្រោយ ដ្បិតអំណត់នោះនឹងបានខ្លាំងណាស់
32. ហើយដែលព្រះករុណាបានទ្រង់សុបិនឃើញ២ដង នោះគឺដោយព្រោះព្រះបានសំរេចការនោះ ហើយក៏ប្រញាប់នឹងធ្វើដែរ។
33. ដូច្នេះ គួរតែព្រះករុណាពិនិត្យរកមនុស្សមានដំរិះមានប្រាជ្ញា ដើម្បីនឹងតាំងឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទៅ
34. គួរឲ្យទ្រង់ព្រះករុណាបានធ្វើដូច្នោះ ហើយតាំងឲ្យមានពួកដំរួតនៅក្នុងស្រុក សំរាប់ឲ្យហូតយក១ភាគក្នុង៥ ពីអស់ទាំងផលក្នុងស្រុកអេស៊ីព្ទ នៅរវាង៧ឆ្នាំដែលសម្បូរផង
35. ឲ្យគេប្រមូលស្បៀងអាហារទាំងអស់ក្នុងឆ្នាំងល្អដែលត្រូវមកនេះ ហើយទុកស្រូវនៅក្រោមអំណាចទ្រង់ព្រះករុណា សំរាប់ជាអាហារនៅក្នុងទីក្រុងទាំងប៉ុន្មាន ហើយឲ្យអ្នកទាំងនោះគ្រប់គ្រងរក្សាទុក
36. ឯស្បៀងអាហារនោះនឹងបានបំរុងទុក សំរាប់ស្រុកអំណត់ទាំង៧ឆ្នាំដែលត្រូវមកក្នុងស្រុកអេស៊ីព្ទ ដើម្បីកុំឲ្យស្រុកនេះត្រូវវិនាសទៅដោយសារអំណត់នោះឡើយ។
37. សេចក្ដីនោះក៏គាប់ព្រះទ័យដល់ផារ៉ោន និងពួកមហាតលិកទ្រង់ទាំងអស់គ្នា
38. នោះផារ៉ោនទ្រង់មានព្រះបន្ទូលទៅពួកមហាតលិកទ្រង់ថា តើយើងនឹងរកមនុស្សឯណាឲ្យដូចមនុស្សនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះសណ្ឋិតនឹងគាត់បាន
39. រួចផារ៉ោនទ្រង់មានព្រះបន្ទូលទៅយ៉ូសែបថា ដែលព្រះបានសំដែងឲ្យឯងដឹងសេចក្ដីទាំងនេះ នោះគ្មានអ្នកណាមានដំរិះមានប្រាជ្ញាដូចឯងនេះទេ
40. គឺឯងនេះហើយ ដែលត្រូវកាន់កាប់ត្រួតត្រាលើជនជាតិរបស់យើង ហើយរាស្ត្រយើងទាំងអស់នឹងចុះចូលតាមបង្គាប់ឯង យើងនឹងធំជាងឯងតែនៅបល្ល័ង្ករាជ្យប៉ុណ្ណោះ
41. រួចផារ៉ោនទ្រង់មានព្រះបន្ទូលទៅយ៉ូសែបថា នែ យើងតាំងឯងឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលហើយ
42. ផារ៉ោនទ្រង់ដោះព្រះទំរង់ពីព្រះហស្ត ទៅបំពាក់នៅដៃយ៉ូសែបវិញ ក៏យកសំលៀកបំពាក់ទេសយ៉ាងម៉ដ្ត មកបំពាក់គាត់ ព្រមទាំងបំពាក់ខ្សែមាសនៅកឲ្យគាត់ផង
43. ទ្រង់ឲ្យគាត់ជិះរាជរថបន្ទាប់របស់ទ្រង់ ហើយមានគេស្រែកនៅខាងមុខថា ចូរក្រាបចុះទាំងអស់គ្នាទៅ ដូច្នេះទ្រង់បានតាំងគាត់ឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូល
44. ផារ៉ោនទ្រង់ក៏មានព្រះបន្ទូលទៅយ៉ូសែបថា យើងនេះជាផារ៉ោន បើឯងមិនបង្គាប់ នោះគ្មានអ្នកណានឹងលើកដៃលើកជើង នៅគ្រប់ក្នុងស្រុកអេស៊ីព្ទទេ
45. ផារ៉ោនក៏ហៅឈ្មោះយ៉ូសែបថា សាប់ន៉ាត់-ផានា ក៏ឲ្យនាងអាសន៉ាត់ជាកូនប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន ធ្វើជាប្រពន្ធ រួចយ៉ូសែបចេញដើរទៅពេញក្នុងស្រុកអេស៊ីព្ទ។
46. កាលយ៉ូសែបឈរនៅចំពោះផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ នោះគាត់មានអាយុ៣០ឆ្នាំហើយ គាត់ក៏ចេញពីចំពោះផារ៉ោន ដើរទៅពេញក្នុងស្រុកអេស៊ីព្ទទាំងអស់
47. នៅក្នុងឆ្នាំសម្បូរទាំង៧នោះ ដីបានបង្កើតផលជាបរិបូរ
48. គាត់ក៏ប្រមូលស្បៀងអាហារនៅស្រុកអេស៊ីព្ទទាំងអស់ក្នុងរវាង៧ឆ្នាំនោះ ហើយបានទុកស្បៀងទាំងនោះនៅក្នុងទីក្រុងទាំងប៉ុន្មាន គឺថា ស្បៀងពីស្រែចំការដែលនៅជុំវិញទីក្រុងណា នោះគាត់បានប្រមូលទុកក្នុងដីក្រុងនោះឯង
49. យ៉ូសែបបានប្រមូលស្រូវយ៉ាងសន្ធឹកណាស់ ដូចជាខ្សាច់នៅនាសមុទ្រ ទាល់តែគាត់លែងរាប់ពីព្រោះរាប់មិនបាន