គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 41:30-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

30. រួច​ក្រោយ​នោះ​ទៅ​នឹង​មាន​អំណត់​៧​ឆ្នាំ​វិញ នោះ​គេ​នឹង​ភ្លេច​ពី​ផល​បរិបូរ​ក្នុង​ស្រុក​អេស៊ីព្ទ​អស់ ដ្បិត​អំណត់​នោះ​នឹង​បង្ហិន​ស្រុក​នេះ​ទៅ

31. គេ​នឹង​លែង​ស្គាល់​សេចក្ដី​បរិបូរ​នៅ​ក្នុង​ស្រុក​ទៀត ដោយ​ព្រោះ​អំណត់​ដែល​ត្រូវ​មក​តាម​ក្រោយ ដ្បិត​អំណត់​នោះ​នឹង​បាន​ខ្លាំង​ណាស់

32. ហើយ​ដែល​ព្រះ‌ករុណា​បាន​ទ្រង់​សុបិន​ឃើញ​២​ដង នោះ​គឺ​ដោយ​ព្រោះ​ព្រះ​បាន​សំរេច​ការ​នោះ ហើយ​ក៏​ប្រញាប់​នឹង​ធ្វើ​ដែរ។

33. ដូច្នេះ គួរ​តែ​ព្រះ‌ករុណា​ពិនិត្យ​រក​មនុស្ស​មាន​ដំរិះ​មាន​ប្រាជ្ញា ដើម្បី​នឹង​តាំង​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទៅ

34. គួរ​ឲ្យ​ទ្រង់​ព្រះ‌ករុណា​បាន​ធ្វើ​ដូច្នោះ ហើយ​តាំង​ឲ្យ​មាន​ពួក​ដំរួត​នៅ​ក្នុង​ស្រុក សំរាប់​ឲ្យ​ហូត​យក​១​ភាគ​ក្នុង​៥ ពី​អស់​ទាំង​ផល​ក្នុង​ស្រុក​អេស៊ីព្ទ នៅ​រវាង​៧​ឆ្នាំ​ដែល​សម្បូរ​ផង

35. ឲ្យ​គេ​ប្រមូល​ស្បៀង​អាហារ​ទាំង​អស់​ក្នុង​ឆ្នាំង​ល្អ​ដែល​ត្រូវ​មក​នេះ ហើយ​ទុក​ស្រូវ​នៅ​ក្រោម​អំណាច​ទ្រង់​ព្រះ‌ករុណា សំរាប់​ជា​អាហារ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​អ្នក​ទាំង​នោះ​គ្រប់‌គ្រង​រក្សា​ទុក

36. ឯ​ស្បៀង​អាហារ​នោះ​នឹង​បាន​បំរុង​ទុក សំរាប់​ស្រុក​អំណត់​ទាំង​៧​ឆ្នាំ​ដែល​ត្រូវ​មក​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​កុំ​ឲ្យ​ស្រុក​នេះ​ត្រូវ​វិនាស​ទៅ​ដោយ‌សារ​អំណត់​នោះ​ឡើយ។

37. សេចក្ដី​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់​ទាំង​អស់​គ្នា

38. នោះ​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​មហា‌តលិក​ទ្រង់​ថា តើ​យើង​នឹង​រក​មនុស្ស​ឯ​ណា​ឲ្យ​ដូច​មនុស្ស​នេះ ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​នឹង​គាត់​បាន

39. រួច​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូសែប​ថា ដែល​ព្រះ​បាន​សំដែង​ឲ្យ​ឯង​ដឹង​សេចក្ដី​ទាំង​នេះ នោះ​គ្មាន​អ្នក​ណា​មាន​ដំរិះ​មាន​ប្រាជ្ញា​ដូច​ឯង​នេះ​ទេ

40. គឺ​ឯង​នេះ​ហើយ ដែល​ត្រូវ​កាន់‌កាប់​ត្រួត‌ត្រា​លើ​ជន‌ជាតិ​របស់​យើង ហើយ​រាស្ត្រ​យើង​ទាំង​អស់​នឹង​ចុះ​ចូល​តាម​បង្គាប់​ឯង យើង​នឹង​ធំ​ជាង​ឯង​តែ​នៅ​បល្ល័ង្ក​រាជ្យ​ប៉ុណ្ណោះ

41. រួច​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូសែប​ថា នែ យើង​តាំង​ឯង​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ហើយ

42. ផារ៉ោន​ទ្រង់​ដោះ​ព្រះ​ទំរង់​ពី​ព្រះ‌ហស្ត ទៅ​បំពាក់​នៅ​ដៃ​យ៉ូសែប​វិញ ក៏​យក​សំលៀក‌បំពាក់​ទេស​យ៉ាង​ម៉ដ្ត មក​បំពាក់​គាត់ ព្រម​ទាំង​បំពាក់​ខ្សែ​មាស​នៅ​ក​ឲ្យ​គាត់​ផង

43. ទ្រង់​ឲ្យ​គាត់​ជិះ​រាជ‌រថ​បន្ទាប់​របស់​ទ្រង់ ហើយ​មាន​គេ​ស្រែក​នៅ​ខាង​មុខ​ថា ចូរ​ក្រាប​ចុះ​ទាំង​អស់​គ្នា​ទៅ ដូច្នេះ​ទ្រង់​បាន​តាំង​គាត់​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល

44. ផារ៉ោន​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូសែប​ថា យើង​នេះ​ជា​ផារ៉ោន បើ​ឯង​មិន​បង្គាប់ នោះ​គ្មាន​អ្នក​ណា​នឹង​លើក​ដៃ​លើក​ជើង នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ទេ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 41