គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 40:2-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ផារ៉ោន​ក៏​ខ្ញាល់​នឹង​អ្នក​បំរើ​ទ្រង់​ទាំង​២​នោះ គឺ​នឹង​នាយ​ពិសេស​ថ្វាយ​ពែង ហើយ​នឹង​មេ​ពួក​អ្នក​ដុត​នំ

3. ទ្រង់​ឃុំ​គេ​ទុក​ក្នុង​គុក​របស់​មេ​ក្រុម​រក្សា​អង្គ ជា​កន្លែង​ដែល​យ៉ូសែប​ជាប់​នៅ​នោះ​ដែរ

4. ឯ​មេ​ក្រុម​រក្សា​ស្តេច លោក​ប្រគល់​គេ​ទៅ ឲ្យ​យ៉ូសែប​ត្រួត‌ត្រា​មើល គាត់​ក៏​បំរើ​គេ ហើយ​គេ​នៅ​ជាប់​ឃុំ​ជា​យូរ​ថ្ងៃ

5. មាន​កាល​១​យប់​នោះ នាយ​ពិសេស​ថ្វាយ​ពែង និង​មេ​ដុត​នំ​ថ្វាយ​ស្តេច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ជាប់​គុក គេ​បាន​យល់​សប្តិ​ទាំង​២​នាក់ ដែល​សប្តិ​នោះ​មាន​សំរាយ​ផ្សេង​ពី​គ្នា​រៀង​ខ្លួន

6. ដល់​ព្រឹក​ឡើង យ៉ូសែប​ចូល​ទៅ​ឯ​គេ ឃើញ​គេ​មាន​ទឹក​មុខ​ព្រួយ

7. ក៏​សួរ​ដល់​មេ​របស់​ផារ៉ោន​ទាំង​២​នោះ ដែល​ជាប់​ឃុំ​ជា​មួយ​គ្នា​នៅ​ក្នុង​គុក​របស់​ចៅ‌ហ្វាយ​គាត់​ថា ថ្ងៃ​នេះ​ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ព្រួយ​ដូច្នេះ

8. គេ​ឆ្លើយ​ថា យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​អាច​នឹង​កាត់​ស្រាយ​ឲ្យ​បាន​សោះ នោះ​យ៉ូសែប​គាត់​និយាយ​ទៅ​គេ​ថា សេចក្ដី​សំរាយ​ស្រេច​នៅ​ព្រះ​ទេ​តើ សូម​លោក​ប្រាប់​សប្តិ​នោះ​មក​ខ្ញុំ​មើល។

9. នោះ​នាយ​ពិសេស​ថ្វាយ​ពែង​ក៏​រ៉ាយ‌រ៉ាប់​សប្តិ​ប្រាប់​យ៉ូសែប​ថា ឯ​ក្នុង​សប្តិ​ខ្ញុំ ឃើញ​មាន​ដើម​ទំពាំង‌បាយ‌ជូរ​នៅ​ត្រង់​មុខ​ខ្ញុំ

10. ដើម​នោះ​មាន​ខ្នែង​៣ មើល​ទៅ​ដូច​ជា​ពន្លក ហើយ​ផ្កា​ក៏​រីក រួច​កើត​មាន​ចង្កោម​ផ្លែ​ទុំ

11. ពែង​របស់​ផារ៉ោន​ក៏​នៅ​ក្នុង​ដៃ​ខ្ញុំ នោះ​ខ្ញុំ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​មក​គាប​ដាក់​ពែង​របស់​ផារ៉ោន យក​ទៅ​ថ្វាយ​ដល់​ព្រះ‌ហស្ត​ទ្រង់

12. ឯ​យ៉ូសែប​ក៏​ស្រាយ​ដូច្នេះ​ថា សប្តិ​នោះ​មាន​ន័យ​យ៉ាង​នេះ ចំណែក​ខ្នែង​៣ នោះ​គឺ​ជា​៣​ថ្ងៃ

13. នៅ​៣​ថ្ងៃ​ទៀត​ផារ៉ោន​នឹង​លើក​មុខ​លោក ទាំង​តាំង​ឲ្យ​ធ្វើ​ក្នុង​ដំណែង​ដើម​របស់​លោក​វិញ ហើយ​លោក​នឹង​បាន​ថ្វាយ​ពែង​ផារ៉ោន​ដល់​ព្រះ‌ហស្ត​ទ្រង់​ទៀត ដូច​លោក​ធ្លាប់​ធ្វើ​ពី​កាល​នៅ​បំរើ​ថ្វាយ​ពែង​ទ្រង់​ពី​ដើម

14. កាល​ណា​លោក​បាន​សុខ‌សាន្ត​ហើយ នោះ​សូម​នឹក​ចាំ​ពី​ខ្ញុំ​ផង ហើយ​សូម​ផ្សាយ​សេចក្ដី​សប្បុរស​មក​ខ្ញុំ ក៏​សូម​ដំណាល​ពី​ខ្ញុំ​ទូល​ផារ៉ោន ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​គុក​នេះ​ផង

15. ពី​ព្រោះ​គេ​បាន​លួច​ខ្ញុំ ពី​ស្រុក​ពួក​ហេព្រើរ​មក ហើយ​នៅ​ទី​នេះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អ្វី ដែល​គួរ​ឲ្យ​គេ​ដាក់​ខ្ញុំ​ក្នុង​គុក​ជ្រៅ​នេះ​ដែរ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 40