គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 4:3-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. កន្លង​ក្រោយ​មក កាអ៊ីន​បាន​យក​ផល​ដែល​កើត​ពី​ដី មក​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា

4. ហើយ​អេបិល​ក៏​ធ្វើ​ដូច​គ្នា គឺ​គាត់​យក​កូន​ជា​ដំបូង​១​ពី​ហ្វូង​សត្វ​មក​ថ្វាយ ព្រម​ទាំង​ខ្លាញ់វា​ផង រួច​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចំពោះ​អេបិល និង​ដង្វាយ​របស់​គាត់

5. តែ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ចំពោះ​ដង្វាយ​កាអ៊ីន​ទេ នោះ​កាអ៊ីន​ក៏​ក្តៅ​ក្រហាយ ហើយ​ឡើង​ទឹក​មុខ​ក្រញូវ

6. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​កាអ៊ីន​ថា ឯង​ខឹង​ធ្វើ​អី ហេតុ​អ្វី​បាន​ជា​ឯង​ធ្វើ​ទឹក​មុខ​ក្រញូវ​ដូច្នេះ

7. បើ​ឯង​ធ្វើ​ល្អ តើ​មិន​បាន​ទឹក​មុខ​រីក‌រាយ​វិញ​ទេ​ឬ​អី បើ​ឯង​ធ្វើ​មិន​ល្អ នោះ​មាន​ដង្វាយ​លោះ​បាប​ដេក​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ ចិត្ត​វា​នឹង​បណ្តោយ​តាម​ឯង ហើយ​ឯង​មាន​អំណាច​លើ​វា​ដែរ។

8. កាអ៊ីន​ក៏​ដំណាល​ប្រាប់​ដល់​អេបិល​ជា​ប្អូន រួច​មាន​កាល​១​ថ្ងៃ​កំពុង​ដែល​គេ​នៅ​ឯ​វាល នោះ​ស្រាប់​តែ​កាអ៊ីន​ក្រោក​ឡើង​សំឡាប់​អេបិល​ជា​ប្អូន​ទៅ

9. ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​សួរ​កាអ៊ីន​ថា អេបិល​ប្អូន​ឯង​នៅ​ឯ​ណា គាត់​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​មិន​ដឹង​ទេ តើ​ទូល‌បង្គំ​ជា​អ្នក​ថែ​រក្សា​ប្អូន​ឬ​អី

10. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ឯង​បាន​ធ្វើ​អ្វី​ដូច្នេះ ពី​ព្រោះ​ឮ​សូរ​សំរែក​នៃ​ឈាម​របស់​ប្អូន​ឯង​ពី​ដី​ឡើង​ទៅ​ដល់​អញ

11. ឥឡូវ​នេះ ឯង​ត្រូវ​ដី​ដាក់​បណ្តាសា​ដោយ​បាន​ទទួល​ឈាម​នៃ​ប្អូន​ពី​ដៃ​ឯង

12. កាល​ណា​ឯង​ធ្វើ​ស្រែ​ចំការ នោះ​ដី​នឹង​មិន​បង្កើត​ផល​ឲ្យ​ឯង​ដ៏​ពេញ​កំឡាំង​ទៀត​ទេ ឯង​ត្រូវ​សាត់‌ព្រាត់ ហើយ​អណ្តែត​ទៅ​មក​លើ​ផែនដី​វិញ

13. នោះ​កាអ៊ីន​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ទោស​របស់​ទូល‌បង្គំ​ធ្ងន់​ពេក​ណាស់ និង​ទ្រាំទ្រ​មិន​បាន​ទេ

14. មើល នៅ​ថ្ងៃ​នេះ ទ្រង់​បាន​បណ្តេញ​ទូល‌បង្គំ​ចេញ​ពី​ស្រុក​ហើយ ដូច្នេះ ទូល‌បង្គំ​នឹង​ត្រូវ​នៅ​ឃ្លាត​ពី​ទ្រង់​ទៅ ហើយ​ត្រូវ​សាត់‌ព្រាត់​អណ្តែត​ទៅ​មក​លើ​ផែនដី រួច​អស់​អ្នក​ណា​ដែល​ឃើញ​ទូល‌បង្គំ គេ​នឹង​សំឡាប់​ទូល‌បង្គំ​បង់

15. តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ដូច្នេះ​បើ​អ្នក​ណា​ដែល​សំឡាប់​ឯង នោះ​នឹង​ត្រូវ​ទោស​១​ជា​៧​សួន​រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ដៅ​ចំណាំ​កាអ៊ីន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ឃើញ​គាត់​បាន​សំឡាប់​បង់​ឡើយ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 4