គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 38:16-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. នោះ​គាត់​ក៏​បែរ​ទៅ​ឯ​នាង​តាម​ផ្លូវ​និយាយ​ថា ចូរ​យើង​ទៅ សូម​ឲ្យ​ខ្ញុំ​ចូល​ទៅ​ឯ​នាង​ឥឡូវ ពី​ព្រោះ​គាត់​មិន​ដឹង​ថា នាង​ជា​កូន​ប្រសា​ទេ តែ​នាង​សួរ​ថា តើ​អ្នក​នឹង​ឲ្យ​អ្វី​ដល់​ខ្ញុំ​ខ្លះ ដែល​អ្នក​ចូល​មក​ឯ​ខ្ញុំ​នេះ

17. គាត់​ឆ្លើយ​ថា ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​១​ពី​ហ្វូង​មក​ឲ្យ តែ​នាង​សួរ​ថា អ្នក​មាន​អ្វី​នឹង​បញ្ចាំ​ចិត្ត​ខ្ញុំ​ឬ​ទេ ទំរាំ​តែ​បាន​ផ្ញើ​ពពែ​នោះ​មក​ដល់

18. គាត់​តប​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ឲ្យ​អ្វី​បញ្ចាំ​ចិត្ត​នាង រួច​នាង​ឆ្លើយ​ថា សូម​ឲ្យ​ត្រា និង​ខ្សែ ហើយ​ដំបង​ដែល​អ្នក​កាន់​នៅ​ដៃ​នោះ​មក គាត់​ក៏​ឲ្យ​ដល់​នាង រួច​ចូល​ទៅ​ឯ​នាង ហើយ​នាង​ក៏​មាន​ទំងន់​ដោយ‌សារ​គាត់

19. នោះ​នាង​ក្រោក​ឡើង​ចេញ​ទៅ​ដោះ​ស្បៃ​ពី​ខ្លួន​ចេញ រួច​ពាក់​អាវ​កាន់​ទុក្ខ​របស់​ខ្លួន​វិញ

20. យូដា​គាត់​ផ្ញើ​កូន​ពពែ​ទៅ​ជា​១​នឹង​សំឡាញ់​គាត់ ដែល​នៅ​អាឌូឡាម ឲ្យ​លោះ​របស់​បញ្ចាំ​ពី​ស្ត្រី​នោះ​មក​វិញ តែ​គាត់​រក​នាង​មិន​ឃើញ​សោះ

21. រួច​គាត់​សួរ​ពួក​អ្នក​ដែល​នៅ​កន្លែង​នោះ​ថា ស្រី​សំផឹង​ដែល​អង្គុយ​នៅ​មាត់​ផ្លូវ​ជិត​អេណែម នោះ​តើ​នៅ​ឯ​ណា គេ​ឆ្លើយ​ថា គ្មាន​ស្រី​សំផឹង​ណា​នៅ​ទី​នេះ​ទេ

22. រួច​គាត់​វិល​ទៅ​ឯ​យូដា​ប្រាប់​ថា ខ្ញុំ​រក​មិន​ឃើញ​ទេ ហើយ​ពួក​អ្នក​ដែល​នៅ​កន្លែង​នោះ​ក៏​ប្រាប់​ថា គ្មាន​ស្រី​សំផឹង​ណា​នៅ​ទី​នោះ​ដែរ

23. យូដា​និយាយ​ថា ចូរ​ឲ្យ​វា​យក​ទៅ​ចុះ ក្រែង​យើង​ត្រូវ​មាន​សេចក្ដី​ខ្មាស មើល ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​ដែរ តែ​អ្នក​រក​វា​មិន​ឃើញ​សោះ។

24. ដល់​ប្រហែល​ជា​៣​ខែ​ក្រោយ​មក នោះ​មាន​គេ​ទៅ​ជំរាប​ដល់​យូដា​ថា តាម៉ារ ជា​កូន​ប្រសា​អ្នក​បាន​ធ្វើ​សំផឹង មើល វា​មាន​ទំងន់​ដោយ​ការ​ធ្វើ​សំផឹង​ហើយ នោះ​យូដា​ប្រាប់​ថា ចូរ​នាំ​វា​ចេញ​មក​ដុត​ចោល​ទៅ

25. តែ​កាល​គេ​នាំ​នាង​ចេញ​មក នោះ​នាង​ក៏​ផ្ញើ​ទៅ​ឪពុក​ក្មេក​ជំរាប​ថា ខ្ញុំ​មាន​ទំងន់​នឹង​ម្ចាស់​របស់​ទាំង​នេះ នាង​ក៏​ថា សូម​មើល​ត្រា និង​ខ្សែ ហើយ​ដំបង​នេះ​ចុះ តើ​ជា​របស់​ផង​អ្នក​ណា

26. យូដា​ក៏​ទទួល​ស្គាល់ រួច​គាត់​និយាយ​ថា វា​សុចរិត​ជាង​អញ ដ្បិត​អញ​មិន​បាន​ឲ្យ​ដល់​សេឡា​ជា​កូន​អញ​ទេ នោះ​គាត់​ក៏​លែង​ស្គាល់​នាង​ទៀត។

27. កាល​គ្រប់​ខែ​ដែល​នាង​ត្រូវ​សំរាល​មក នោះ​មើល​មាន​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ​នាង

28. ហើយ​កាល​នាង​ឈឺ​នឹង​សំរាល នោះ​កូន​១​បញ្ចេញ​ដៃ​មក ឆ្មប​ក៏​យក​អំបោះ​ក្រហម​ចង​ដៃ​វា ដោយ​ពាក្យ​ថា មួយ​នេះ​បាន​កើត​មុន

29. តែ​កាល​កូន​នោះ​ទាញ​ដៃ​ទៅ​វិញ នោះ​មើល បង​វា​ក៏​សំរាល​ចេញ​មក ហើយ​ឆ្មប​និយាយ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ប្រជែង​ចេញ​មក​ដូច្នេះ នោះ​គេ​ដាក់​ឈ្មោះ​ថា ពេរេស

30. បន្ទាប់​នោះ ប្អូន​វា​ដែល​មាន​អំបោះ​ក្រហម​នៅ​ដៃ​ក៏​សំរាល​មក ហើយ​គេ​ដាក់​ឈ្មោះ​ថា សេរ៉ាស។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 38