គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 37:21-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ឯ​រូបេន​ក៏​ឮ ហើយ​គាត់​ខំ​ជួយ​ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​គេ គាត់​និយាយ​ថា កុំ​ឲ្យ​យើង​យក​ជីវិត​វា​ឡើយ

22. រួច​រូបេន​និយាយ​ទៅ​គេ​ថា កុំ​ឲ្យ​កំចាយ​ឈាម​អី ឲ្យ​គ្រាន់​តែ​ទំលាក់​វា​ទៅ​ក្នុង​អណ្តូង​នៅ​ទី​រហោ‌ស្ថាន​នេះ​ចុះ កុំ​ឲ្យ​ដាក់​ដៃ​ធ្វើ​វា​ឡើយ ដោយ​គំនិត​គាត់​ប៉ង​នឹង​ជួយ ឲ្យ​យ៉ូសែប​រួច​ពី​កណ្តាប់​ដៃ​របស់​គេ ដើម្បី​នឹង​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ឯ​ឪពុក​វិញ

23. កាល​យ៉ូសែប​បាន​មក​ដល់​ពួក​បង​ហើយ នោះ​គេ​ក៏​បក​អាវ​គាត់​ចេញ គឺ​ជា​អាវ​មាន​ពណ៌​ច្រើន​ដែល​គាត់​ពាក់​មក​នោះ​ឯង

24. គេ​ក៏​យក​គាត់​ទៅ​ទំលាក់​នៅ​ក្នុង​អណ្តូង​ទៅ ឯ​អណ្តូង​នោះ​គ្មាន​ទឹក​ទេ

25. រួច​គេ​នាំ​គ្នា​អង្គុយ​បរិភោគ​បាយ គេ​ក៏​ងើប​ភ្នែក​ឡើង​ឃើញ​ពួក​អ៊ីស‌ម៉ា‌អែល ដែល​កំពុង​តែ​មក​ពី​ស្រុក​កាឡាត មាន​គ្រឿង​ម្ហូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង‌ទេស​ផ្ទុក​លើ​សត្វ​អូដ្ឋ​រៀង​ខ្លួន ដើម្បី​នាំ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ

26. នោះ​យូដា​និយាយ​ទៅ​បង​ប្អូន​ថា បើ​យើង​សំឡាប់​ប្អូន​ទៅ ហើយ​លាក់​ឈាម​វា តើ​មាន​កំរៃ​អី

27. ដូច្នេះ​ចូរ​យើង​លក់​វា​ទៅ​ឲ្យ​ពួក​អ៊ីស‌ម៉ា‌អែល​វិញ កុំ​ឲ្យ​យើង​ពាល់​វា​ឡើយ ដ្បិត​វា​ជា​បង​ប្អូន ជា​សាច់​ឈាម​នឹង​យើង​ដែរ នោះ​បង​ប្អូន​ក៏​យល់​ព្រម​តាម

28. ពេល​នោះ ពួក​សាសន៍​ម៉ាឌាន​ជា​អ្នក​ជំនួញ​នោះ​ក៏​មក​ដល់ រួច​ពួក​បង​របស់​យ៉ូសែប​នាំ​គ្នា​ស្រង់​គាត់​ឡើង​ពី​អណ្តូង​មក ហើយ​លក់​ឲ្យ​ទៅ​ពួក​អ៊ីស‌ម៉ា‌អែល​ដំឡៃ​ជា​ប្រាក់​២០​ដួង ពួក​នោះ​ក៏​នាំ​យក​គាត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ។

29. រួច​មក រូបេន​គាត់​ត្រឡប់​ទៅ​ឯ​អណ្តូង​វិញ តែ​មើល គ្មាន​យ៉ូសែប​នៅ​ក្នុង​អណ្តូង​ទៀត​ទេ នោះ​គាត់​ហែក​សំលៀក‌បំពាក់​របស់​ខ្លួន

30. ក៏​វិល​ទៅ​ឯ​បង​ប្អូន​ប្រាប់​ថា ក្មេង​នោះ​បាត់​ទៅ​ហើយ ចុះ​ឯ​ខ្ញុំ តើ​នឹង​ទៅ​ឯ​ណា

31. នោះ​គេ​ក៏​សំឡាប់​ពពែ​១ រួច​យក​អាវ​យ៉ូសែប​ទៅ​ប្រឡាក់​នឹង​ឈាម

32. បញ្ជូន​អាវ​ច្រើន​ពណ៌​នោះ​ទៅ​ជំរាប​ដល់​ឪពុក​ថា យើង​ខ្ញុំ​បាន​ឃើញ​អាវ​នេះ សូម​ពិនិត្យ​មើល តើ​ជា​អាវ​របស់​កូន​លោក​ឪពុក​ឬ​មិន​មែន

សូមអានជំពូកពេញលេញ លោកុប្បត្តិ 37