គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 37:10-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. គាត់​ក៏​និយាយ​ប្រាប់​ដល់​ទាំង​ឪពុក ហើយ​នឹង​ពួក​បងៗ​ដែរ តែ​ឪពុក​បន្ទោស​ថា ឯង​បាន​យល់​សប្តិ​ឃើញ​អ្វី​ដូច្នេះ តើ​ត្រូវ​ឲ្យ​អញ និង​ម្តាយ​ឯង ហើយ​បង​ប្អូន​ទាំង​អស់​ក្រាប​នៅ​ដី​គោរព​ដល់​ឯង​ឬ

11. ហើយ​ពួក​បងៗ​ក៏​ច្រណែន​នឹង​គាត់ តែ​ឪពុក​បាន​កំណត់​រឿង​នោះ​ទុក។

12. ពួក​បង​គាត់​នាំ​គ្នា​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​ឪពុក​នៅ​ឯ​ស៊ីគែម

13. ហើយ​អ៊ីស្រា‌អែល​និយាយ​ទៅ​យ៉ូសែប​ថា ពួក​បង​ឯង​បាន​ទៅ​ឃ្វាល​សត្វ​ឯ​ស៊ីគែម​ហើយ ចូរ​ឯង​មក​ណេះ អញ​នឹង​ប្រើ​ទៅ​ឯ​គេ នោះ​គាត់​ឆ្លើយ​ទៅ​ឪពុក​ថា បាទ

14. រួច​ឪពុក​ប្រាប់​ថា ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង និង​ហ្វូង​សត្វ​សុខ​សប្បាយ​ទេ​ឬ រួច​សឹម​មក​ប្រាប់​ដល់​អញ​វិញ ដូច្នេះ ឪពុក​ក៏​ចាត់​ឲ្យ​គាត់​ចេញ​ពី​វាល​ច្រក​ហេប្រុន​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម

15. នោះ​មាន​មនុស្ស​ម្នាក់​ឃើញ​គាត់​ដើរ​វីម‌វាម​នៅ​វាល ក៏​សួរ​ថា ឯង​រក​អី

16. គាត់​ឆ្លើយ​ថា ខ្ញុំ​រក​បង​ប្អូន​ខ្ញុំ សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​កន្លែង​ដែល​គេ​ឃ្វាល​សត្វ​ផង

17. អ្នក​នោះ​ប្រាប់​ថា គេ​បាន​ចេញ​ពី​នេះ​ទៅ​ហើយ អញ​ឮ​គេ​ថា ចូរ​យើង​ទៅ​ឯ​ដូថាន់​វិញ នោះ​យ៉ូសែប​ក៏​ទៅ​តាម ឃើញ​នៅ​ឯ​ដូថាន់។

18. លុះ​គេ​ឃើញ​គាត់​ពី​ចំងាយ នោះ​គេ​មត់​សំរេច​គ្នា​ថា​នឹង​សំឡាប់​គាត់​ចោល ក្នុង​កាល​មុន​ដែល​គាត់​ទៅ​ដល់

19. គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា នុ៎ះន៏ អា​មេ​សប្តិ​បាន​មក​ដល់​ហើយ

20. ចូរ​យើង​សំឡាប់​វា​ឥឡូវ ទំលាក់​ចុះ​ក្នុង​អណ្តូង​ណា​មួយ​ទៅ រួច​សឹម​និយាយ​ថា មាន​សត្វ​សាហាវ​ណា​បាន​ហែក​វា​ស៊ី​ទៅ​ហើយ យើង​នឹង​មើល តើ​នឹង​មាន​អ្វី​កើត​ពី​សប្តិ​នោះ​មក

21. ឯ​រូបេន​ក៏​ឮ ហើយ​គាត់​ខំ​ជួយ​ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​គេ គាត់​និយាយ​ថា កុំ​ឲ្យ​យើង​យក​ជីវិត​វា​ឡើយ

22. រួច​រូបេន​និយាយ​ទៅ​គេ​ថា កុំ​ឲ្យ​កំចាយ​ឈាម​អី ឲ្យ​គ្រាន់​តែ​ទំលាក់​វា​ទៅ​ក្នុង​អណ្តូង​នៅ​ទី​រហោ‌ស្ថាន​នេះ​ចុះ កុំ​ឲ្យ​ដាក់​ដៃ​ធ្វើ​វា​ឡើយ ដោយ​គំនិត​គាត់​ប៉ង​នឹង​ជួយ ឲ្យ​យ៉ូសែប​រួច​ពី​កណ្តាប់​ដៃ​របស់​គេ ដើម្បី​នឹង​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ឯ​ឪពុក​វិញ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 37