គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 37:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​យ៉ាកុប​គាត់​អាស្រ័យ​នៅ​ក្នុង​ស្រុក​កាណាន​ជា​ស្រុក​ដែល​ឪពុក​បាន​ស្នាក់​នៅ ទុក​ដូច​ជា​សាសន៍​ដទៃ

2. នេះ​ជា​ពង្សាវតារ​នៃ​ពួក​កូន​ចៅ​របស់​យ៉ាកុប រីឯ​យ៉ូសែប​កាល​មាន​អាយុ​១៧​ឆ្នាំ នោះ​គាត់​តែង‌តែ​ឃ្វាល​ហ្វូង​សត្វ​ជា​មួយ​នឹង​ពួក​បង​ប្អូន ក្មេង​ជំទង់​នោះ​ក៏​នៅ​ជា​មួយ​នឹង​ពួក​កូន​ប៊ីលហា និង​កូន​ស៊ីលផា ជា​ប្រពន្ធ​របស់​ឪពុក​ខ្លួន ហើយ​គាត់​នាំ​រឿង​ពី​ការ​អាក្រក់​របស់​គេ​មក​ប្រាប់​ដល់​ឪពុក

3. ឯ​អ៊ីស្រា‌អែល គាត់​ស្រឡាញ់​យ៉ូសែប​លើស​ជាង​កូន​ទាំង​អស់ ពី​ព្រោះ​ជា​កូន​ដែល​កើត​មក​ក្នុង​កាល​ដែល​គាត់​ចាស់​ហើយ គាត់​ធ្វើ​អាវ​១​ដ៏​មាន​ពណ៌​ច្រើន​ឲ្យ​ពាក់

4. បង​ទាំង​ប៉ុន្មាន​ក៏​ឃើញ​ថា ឪពុក​ស្រឡាញ់​យ៉ូសែប​លើស​ជាង​កូន​ទាំង​អស់ បាន​ជា​គេ​ព្រួត​គ្នា​ស្អប់​ដល់​គាត់ ហើយ​និយាយ​អ្វី​នឹង​គាត់​ដោយ​ស្រួល​ពុំ​បាន​ទេ។

5. មាន​ថ្ងៃ​១ យ៉ូសែប​បាន​យល់​សប្តិ ក៏​និយាយ​សប្តិ​នោះ​ប្រាប់​ដល់​ពួក​បងៗ​ទាំង​ប៉ុន្មាន តែ​នោះ​គេ​រឹត​តែ​ស្អប់​គាត់​ជា​ខ្លាំង​ទៅ​ទៀត

6. គាត់​ប្រាប់​ថា សូម​ស្តាប់​សប្តិ​ខ្ញុំ​នេះ​សិន

7. ដ្បិត​យើង​រាល់​គ្នា​កំពុង​តែ​ចង​កណ្តាប់​នៅ​ស្រែ នោះ​កណ្តាប់​របស់​ខ្ញុំ​ក៏​ឈរ​ឡើង ហើយ​មើល កណ្តាប់​របស់​អ្នក​រាល់​គ្នា​បាន​មក​ព័ទ្ធ​ជុំវិញ ហើយ​ក្រាប​គោរព​ចំពោះ​កណ្តាប់​របស់​ខ្ញុំ

8. ពួក​បងៗ​ឆ្លើយ​ឡើង​ថា បើ​ដូច្នេះ ឯង​នឹង​គ្រប់‌គ្រង​លើ​យើង​ឬ ឯង​នឹង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​យើង​មែន​ឬ ហើយ​គេ​ក៏​ស្អប់​គាត់​រឹត‌តែ​ខ្លាំង​ឡើង ដោយ​ព្រោះ​សប្តិ និង​ពាក្យ​សំដី​របស់​គាត់។

9. គាត់​យល់​សប្តិ​ឃើញ​ទៀត ហើយ​ក៏​ប្រាប់​ដល់​ពួក​បង​គាត់​ថា ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​ដូច្នេះ​ទៀត គឺ​ថ្ងៃ ខែ និង​ផ្កាយ​ទាំង​១១​បាន​ក្រាប​គោរព​ដល់​ខ្ញុំ

10. គាត់​ក៏​និយាយ​ប្រាប់​ដល់​ទាំង​ឪពុក ហើយ​នឹង​ពួក​បងៗ​ដែរ តែ​ឪពុក​បន្ទោស​ថា ឯង​បាន​យល់​សប្តិ​ឃើញ​អ្វី​ដូច្នេះ តើ​ត្រូវ​ឲ្យ​អញ និង​ម្តាយ​ឯង ហើយ​បង​ប្អូន​ទាំង​អស់​ក្រាប​នៅ​ដី​គោរព​ដល់​ឯង​ឬ

11. ហើយ​ពួក​បងៗ​ក៏​ច្រណែន​នឹង​គាត់ តែ​ឪពុក​បាន​កំណត់​រឿង​នោះ​ទុក។

12. ពួក​បង​គាត់​នាំ​គ្នា​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​ឪពុក​នៅ​ឯ​ស៊ីគែម

13. ហើយ​អ៊ីស្រា‌អែល​និយាយ​ទៅ​យ៉ូសែប​ថា ពួក​បង​ឯង​បាន​ទៅ​ឃ្វាល​សត្វ​ឯ​ស៊ីគែម​ហើយ ចូរ​ឯង​មក​ណេះ អញ​នឹង​ប្រើ​ទៅ​ឯ​គេ នោះ​គាត់​ឆ្លើយ​ទៅ​ឪពុក​ថា បាទ

14. រួច​ឪពុក​ប្រាប់​ថា ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង និង​ហ្វូង​សត្វ​សុខ​សប្បាយ​ទេ​ឬ រួច​សឹម​មក​ប្រាប់​ដល់​អញ​វិញ ដូច្នេះ ឪពុក​ក៏​ចាត់​ឲ្យ​គាត់​ចេញ​ពី​វាល​ច្រក​ហេប្រុន​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម

15. នោះ​មាន​មនុស្ស​ម្នាក់​ឃើញ​គាត់​ដើរ​វីម‌វាម​នៅ​វាល ក៏​សួរ​ថា ឯង​រក​អី

សូមអានជំពូកពេញលេញ លោកុប្បត្តិ 37