គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 35:8-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. គ្រា​នោះ​ដេបូរ៉ា​ជា​មេនំ​រេបិកា​ក៏​ស្លាប់ ហើយ​គេ​កប់​នាង នៅ​ក្រោម​ដើម​ម៉ៃសាក់​ខាង​ក្រោម​បេត-អែល ដែល​គេ​ហៅ​ថា ដើម​ម៉ៃសាក់​ទឹក​ភ្នែក។

9. កាល​យ៉ាកុប​បាន​ត្រឡប់​មក​ពី​ប៉ាដាន់-អើរ៉ាម​ហើយ នោះ​ព្រះ​ទ្រង់​លេច​មក​ឯ​គាត់​ម្តង​ទៀត ព្រម​ទាំង​ប្រទាន​ពរ​ដល់​គាត់

10. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​មាន​ឈ្មោះ​ថា យ៉ាកុប តែ​មិន​ត្រូវ​ហៅ​ថា យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល​វិញ ដូច្នេះ​ទ្រង់​បាន​ដាក់​ឈ្មោះ​ថា អ៊ីស្រា‌អែលឲ្យ​គាត់

11. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​គាត់​ថា អញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ចូរ​ឯង​បង្កើត​កូន​ចំរើន​ជា​ច្រើន​ឡើង និង​មាន​សាសន៍១ គឺ​សាសន៍​ជា​ច្រើន​រួម​គ្នា​តែ​១​កើត​ពី​ឯង​មក ក៏​នឹង​មាន​ស្តេច​ជា​ច្រើន​ចេញ​ពី​ឯង​ដែរ

12. ឯ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​អ័ប្រា‌ហាំ និង​អ៊ីសាក នោះអញ​នឹង​ឲ្យ​ដល់​ឯង គឺ​អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​ពួក​ឯង​ត​រៀង​ទៅ

13. ព្រះ​ទ្រង់​ក៏​ហោះ​ឡើង ចេញ​ពី​គាត់ នៅ​ត្រង់​កន្លែង​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គាត់​ទៅ

14. រួច​យ៉ាកុប​យក​ថ្ម​១​បញ្ឈរ​ឡើង ជា​បង្គោល​ត្រង់​កន្លែង​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​គាត់​នោះ ហើយ​ច្រួច​ដង្វាយ​ច្រួច​ពី​លើ ព្រម​ទាំង​ចាក់​ប្រេង​ផង

15. គាត់​ហៅ​កន្លែង​ដែល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​នឹង​គាត់​នោះ​ថា បេត-អែល។

16. រួច​មក​គេ​ចេញ​ពី​បេត-អែល​ដើរ​ដំណើរ​ទៅ នៅ​តែ​បន្តិច​ទៀត​នឹង​បាន​ដល់​អេប្រាតា នោះ​រ៉ាជែល​ក៏​ឈឺ​ពោះ​នឹង​សំរាល​កូន នាង​សំរាល​មក​ដោយ​ពិបាក

17. កាល​នាង​កំពុង​តែ​សំរាល​កូន​ដោយ​ពិបាក​ដូច្នេះ នោះ​ឆ្មប​ប្រាប់​ថា កុំ​ខ្លាច​អី ដ្បិត​នាង​បាន​កូន​ប្រុស​១​ទៀត

18. តែ​កាល​ព្រលឹង​កំពុង​តែ​ចេញ​ពី​នាង​ទៅ ដ្បិត​នាង​ត្រូវ​ស្លាប់ នោះ​នាង​ឲ្យ​កូន​ឈ្មោះ​ថា បេន-អូនី តែ​ឪពុក​ហៅ​ថា បេន-យ៉ាមីន​វិញ

19. រ៉ាជែល​ក៏​ស្លាប់​ទៅ ហើយ​គេ​កប់​នាង​តាម​ផ្លូវ​ទៅ​ឯ​អេប្រាតា គឺ​ជា​បេថ្លេ‌ហិម

20. យ៉ាកុប​គាត់​បញ្ឈរ​បង្គោល​ថ្ម​១​នៅ​លើ​ផ្នូរ​សព​នាង គឺ​ជា​បង្គោល​ផ្នូរ​សព​របស់​រ៉ាជែល​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

21. រួច​អ៊ីស្រា‌អែល គាត់​ដើរ​ដំណើរ​ទៅ ដំឡើង​ត្រសាល​នៅ​ខាង​នាយ​ប៉ម​អេឌើរ

22. កំពុង​ដែល​គាត់​នៅ​ក្នុង​ស្រុក​នោះ រូបេន​ក៏​បាន​ទៅ​រួម​ដំណេក​នឹង​ប៊ីលហា​ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រា‌អែល​ក៏​ឮ​និយាយ។រីឯ​កូន​ប្រុស​របស់​យ៉ាកុប មាន​១២​នាក់

23. ឯ​កូន​របស់​នាង​លេអា គឺ​រូបេន​ជា​កូន​ច្បង​យ៉ាកុប​១ ស៊ីម្មាន​១ លេវី​១ យូដា​១ អ៊ីសាខារ​១ និង​សាប់‌យូ‌ល៉ូន​១

សូមអានជំពូកពេញលេញ លោកុប្បត្តិ 35