គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 35:2-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. នោះ​យ៉ាកុប​គាត់​ប្រាប់​ដល់​ពួក​គ្រួ​គាត់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ថា ចូរ​ចោល​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា​ចេញ រួច​សំអាត​ខ្លួន ហើយ​ផ្លាស់​សំលៀក‌បំពាក់​ឯង​ចុះ

3. ចូរ​យើង​រៀប‌ចំ​ឡើង​ទៅ​ឯ​បេត-អែល នៅ​ទី​នោះ អញ​នឹង​ស្អាង​អាស‌នា​១​ថ្វាយ​ព្រះ ដែល​ទ្រង់​បាន​ឆ្លើយ​មក​អញ ក្នុង​កាល​ដែល​អញ​មាន​សេចក្ដី​វេទនា ហើយ​បាន​គង់​ជា​មួយ​នឹង​អញ​តាម​ផ្លូវ​ដែល​អញ​ដើរ​ដំណើរ​មក

4. នោះ​គេ​ក៏​ប្រគល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ដៃ​គេ ព្រម​ទាំង​កាវ​ទាំង​អស់​ដែល​នៅ​ត្រចៀក​គេ​ដល់​យ៉ាកុប រួច​គាត់​កប់​ចោល​នៅ​ក្រោម​ដើម​ម៉ៃសាក់​ដែល​នៅ​ជិត​ស៊ីគែម

5. គេ​ក៏​ធ្វើ​ដំណើរ​ទៅ ឯ​គ្រប់​ទាំង​ទី​ក្រុង​នៅ​ជុំវិញ​ទាំង‌ឡាយ ក៏​កើត​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ជា​ខ្លាំង គេ​មិន​បាន​ដេញ​តាម​ពួក​កូន​យ៉ាកុប​ទេ។

6. យ៉ាកុប និង​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​គាត់ ក៏​ទៅ​ដល់​លូស ដែល​នៅ​ក្នុង​ស្រុក​កាណាន គឺ​ជា​បេត-អែល

7. នៅ​ទី​នោះ​គាត់​ស្អាង​អាស‌នា​១ រួច​ដាក់​ឈ្មោះ​ទី​នោះ​ថា អែល-បេត-អែល ដ្បិត​គឺ​នៅ​ទី​នោះ​ហើយ ដែល​ព្រះ​ទ្រង់​បាន​លេច​មក​ឯ​គាត់ ក្នុង​កាល​ដែល​គាត់​រត់​ពី​បង​ទៅ

8. គ្រា​នោះ​ដេបូរ៉ា​ជា​មេនំ​រេបិកា​ក៏​ស្លាប់ ហើយ​គេ​កប់​នាង នៅ​ក្រោម​ដើម​ម៉ៃសាក់​ខាង​ក្រោម​បេត-អែល ដែល​គេ​ហៅ​ថា ដើម​ម៉ៃសាក់​ទឹក​ភ្នែក។

9. កាល​យ៉ាកុប​បាន​ត្រឡប់​មក​ពី​ប៉ាដាន់-អើរ៉ាម​ហើយ នោះ​ព្រះ​ទ្រង់​លេច​មក​ឯ​គាត់​ម្តង​ទៀត ព្រម​ទាំង​ប្រទាន​ពរ​ដល់​គាត់

10. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​មាន​ឈ្មោះ​ថា យ៉ាកុប តែ​មិន​ត្រូវ​ហៅ​ថា យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល​វិញ ដូច្នេះ​ទ្រង់​បាន​ដាក់​ឈ្មោះ​ថា អ៊ីស្រា‌អែលឲ្យ​គាត់

11. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​គាត់​ថា អញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ចូរ​ឯង​បង្កើត​កូន​ចំរើន​ជា​ច្រើន​ឡើង និង​មាន​សាសន៍១ គឺ​សាសន៍​ជា​ច្រើន​រួម​គ្នា​តែ​១​កើត​ពី​ឯង​មក ក៏​នឹង​មាន​ស្តេច​ជា​ច្រើន​ចេញ​ពី​ឯង​ដែរ

12. ឯ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​អ័ប្រា‌ហាំ និង​អ៊ីសាក នោះអញ​នឹង​ឲ្យ​ដល់​ឯង គឺ​អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​ពួក​ឯង​ត​រៀង​ទៅ

13. ព្រះ​ទ្រង់​ក៏​ហោះ​ឡើង ចេញ​ពី​គាត់ នៅ​ត្រង់​កន្លែង​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គាត់​ទៅ

14. រួច​យ៉ាកុប​យក​ថ្ម​១​បញ្ឈរ​ឡើង ជា​បង្គោល​ត្រង់​កន្លែង​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​គាត់​នោះ ហើយ​ច្រួច​ដង្វាយ​ច្រួច​ពី​លើ ព្រម​ទាំង​ចាក់​ប្រេង​ផង

15. គាត់​ហៅ​កន្លែង​ដែល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​នឹង​គាត់​នោះ​ថា បេត-អែល។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 35