គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 34:5-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. រីឯ​យ៉ាកុប​គាត់​ក៏​ឮ​ថា គេ​បាន​បង្ខូច​ឌីណា​ជា​កូន​ហើយ តែ​កូន​ប្រុសៗ​របស់​គាត់​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​នៅ​ឯ​វាល​ទាំង​អស់​គ្នា ដូច្នេះ យ៉ាកុប​ក៏​នៅ​ស្ងៀម​ទាល់​តែ​គេ​បាន​មក​វិញ។

6. ចំណែក​ហាម៉ោរ​ជា​បិតា​ស៊ីគែម​ក៏​មក​មាន​ព្រះ‌បន្ទូល​នឹង​យ៉ាកុប

7. ឯ​ពួក​កូន​របស់​យ៉ាកុប កាល​បាន​ឮ​ដំណឹង​នោះ គេ​ក៏​វិល​មក​ពី​វាល​វិញ គេ​មាន​សេចក្ដី​ឈឺ​ចិត្ត ហើយ​ខឹង​ជា​ខ្លាំង ដោយ​ព្រោះ​ទ្រង់​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​ភាស​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល គឺ​បាន​រួម​ដំណេក​នឹង​កូន​ក្រមុំ​របស់​យ៉ាកុប ជា​ការ​ដែល​មិន​គួរ​គប្បី​ធ្វើ​ឡើយ

8. ហាម៉ោរ​ក៏​មាន​ព្រះ‌បន្ទូល​នឹង​គេ​ថា ស៊ីគែម​កូន​ខ្ញុំ​បាន​ពេញ​ចិត្ត​នឹង​កូន​ស្រី​របស់​អ្នក​ណាស់ ដូច្នេះ សូម​អ្នក​ឲ្យ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​វា​ទៅ

9. ចូរ​អ្នក​រាល់​គ្នា​ភ្ជាប់​ញាតិ​ពន្ធ​នឹង​ពួក​យើង ដោយ​ឲ្យ​កូន​ក្រមុំ​របស់​អ្នក​រាល់​គ្នា​ដល់​ពួក​យើង ហើយ​យក​កូន​ក្រមុំ​របស់​ពួក​យើង​ទៅ​វិញ​ចុះ

10. នោះ​អ្នក​រាល់​គ្នា​នឹង​បាន​អាស្រ័យ​នៅ​ជា​មួយ​នឹង​យើង ហើយ​ស្រុក​យើង​នេះ​នឹង​បាន​នៅ​ចំហ​ចំពោះ​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ ហើយ​ធ្វើ​ជំនួញ​ចុះ ព្រម​ទាំង​ទិញ​ដី​ទុក​ជា​កេរ‌អាករ​សំរាប់​អ្នក​រាល់​គ្នា​ត​ទៅ

11. ឯ​ស៊ីគែម​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ឪពុក ហើយ​នឹង​ពួក​បង​ប្អូន​នាង​ថា សូម​អាណិត​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​អ្នក​រាល់​គ្នា​ផង អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បង្គាប់​មក នោះ​ខ្ញុំ​នឹង​ជូន​ទាំង​អស់

12. ទោះ​បើ​ដំឡើង​បណ្តា‌ការ និង​ជំនូន​ដ៏​សន្ធឹក​យ៉ាង​ណា​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ជូន​តាម​ដែល​អ្នក​រាល់​គ្នា​បង្គាប់​មក​មិន​ខាន សូម​តែ​អាណិត​ឲ្យ​នាង​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្ញុំ​ចុះ។

13. នោះ​ពួក​កូន​យ៉ាកុប​ក៏​ទូល​ឆ្លើយ​ដល់​ស៊ីគែម និង​ហាម៉ោរ​ជា​បិតា​ទ្រង់​ដោយ​ឧបាយ‌កល​វិញ ពី​ព្រោះ​ស៊ីគែម​បាន​បង្ខូច​ឌីណា​ជា​ប្អូន​ស្រី​របស់​គេ

14. គឺ​គេ​ទូល​ថា យើង​ខ្ញុំ​នឹង​ឲ្យ​ប្អូន​ស្រី​របស់​យើង​ខ្ញុំ ដល់​មនុស្ស​ដែល​មិន​កាត់​ស្បែក​ដូច្នេះ​មិន​បាន​ទេ ធ្វើ​ដូច្នោះ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​អាម៉ាស់​ខ្មាស​ដល់​យើង​ខ្ញុំ​ណាស់

15. បើ​ចង់​ឲ្យ​យើង​ខ្ញុំ​ព្រម​តាម​ទ្រង់ នោះ​មាន​តែ​ពួក​ទ្រង់​ត្រឡប់​ដូច​ជា​យើង​ខ្ញុំ​ដែរ ដោយ​កាត់​ស្បែក​ដល់​ពួក​ប្រុសៗ​ទាំង​អស់​គ្នា

16. នោះ​ទើប​យើង​ខ្ញុំ​នឹង​ឲ្យ​កូន​ស្រី​របស់​យើង​ខ្ញុំ​ដល់​ពួក​ទ្រង់ ហើយ​នឹង​យក​កូន​ស្រី​របស់​ពួក​ទ្រង់​មក​វិញ​ដែរ ដូច្នេះ យើង​ខ្ញុំ​នឹង​អាស្រ័យ​នៅ​ជា​មួយ​នឹង​ទ្រង់ ហើយ​នឹង​ត្រឡប់​ទៅ​ជា​សាសន៍​តែ​១

17. ប៉ុន្តែ​បើ​ពួក​ទ្រង់​មិន​ព្រម​កាត់​ស្បែក​ធ្វើ​តាម​យើង​ខ្ញុំ​ទេ នោះ​យើង​ខ្ញុំ​នឹង​យក​កូន​ស្រី​របស់​យើង​ខ្ញុំ​មក​វិញ ហើយ​នឹង​ចេញ​បាត់​ទៅ។

18. ពាក្យ​ទាំង​នោះ​ក៏​នាំ​ឲ្យ​ពេញ​ព្រះ‌ទ័យ​ហាម៉ោរ និង​ស៊ីគែម​ជា​បុត្រ​ទ្រង់​ដែរ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 34