គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 32:5-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ខ្ញុំ​មាន​គោ មាន​លា មាន​ហ្វូង​ចៀម ហើយ​មាន​បាវ​ប្រុស​ស្រី ខ្ញុំ​បាន​ចាត់​គេ​មក​ជំរាប​លោក​ម្ចាស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​លោក

6. ពួក​អ្នក​បំរើ​ក៏​ត្រឡប់​មក​ឯ​យ៉ាកុប​វិញ​ជំរាប​ថា យើង​ខ្ញុំ​បាន​ទៅ​ដល់​អេសាវ​ជា​បង​លោក​ហើយ លោក​ក៏​អញ្ជើញ​មក​ដែរ ព្រម​ទាំង​នាំ​មនុស្ស​៤០០​នាក់​មក​ជា​មួយ​ផង

7. នោះ​យ៉ាកុប​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​មាន​សេចក្ដី​ថប់​ព្រួយ​ក្នុង​ទ្រូង ក៏​ចែក​ពួក​គាត់ ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​អូដ្ឋ​ជា​២​ពួក

8. ដោយ​គិត​ថា បើ​អេសាវ​មក​វាយ​ពួក​១ នោះ​ពួក​១​ទៀត​នឹង​រត់​រួច​បាន

9. យ៉ាកុប​ក៏​ទូល​ថា ឱ​ព្រះ​នៃ​អ័ប្រា‌ហាំ​ជីតា​ទូល‌បង្គំ ជា​ព្រះ​នៃ​អ៊ីសាក​ឪពុក​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ទូល‌បង្គំ​ថា ចូរ​វិល​ទៅ​ឯ​ញាតិ‌សន្តាន​ឯង​នៅ​ស្រុក​ឯង​វិញ​ទៅ នោះ​អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង

10. ទូល‌បង្គំ​មិន​គួរ​ឲ្យ​បាន​អស់​ទាំង​សេចក្ដី​សប្បុរស និង​អស់​ទាំង​សេចក្ដី​ស្មោះ‌ត្រង់​ដែល​ទ្រង់​បាន​ផ្តល់​មក​ទូល‌បង្គំ​ជា​អ្នក​បំរើ​ទ្រង់​ទេ ដ្បិត​ទូល‌បង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ មាន​តែ​ដំបង​១​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ទូល‌បង្គំ​បាន​កើត​ជា​២​ពួក​ហើយ

11. សូម​ទ្រង់​ប្រោស​ឲ្យ​ទូល‌បង្គំ​រួច​ពី​កណ្តាប់​ដៃ​នៃ​អេសាវ​ជា​បង ដ្បិត​ទូល‌បង្គំ​ខ្លាច​ក្រែង​គាត់​មក​វាយ​ពួក​ទូល‌បង្គំ​នេះ ទាំង​ម្តាយ ទាំង​កូន​ផង

12. ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង​ជា​ពិត​ប្រាកដ ហើយ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​គ្នា​ច្រើន ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ដែល​ប្រមាណ​មិន​បាន។

13. យប់​នោះ គាត់​សំណាក់​នៅ​ទី​នោះ រួច​ក៏​យក​របស់​ទ្រព្យ​គាត់​ខ្លះ​ទុក​ជា​ជំនូន​សំរាប់​ជូន​ដល់​អេសាវ​ជា​បង

14. គឺ​ពពែ​ញី​២០០ ពពែ​ឈ្មោល​២០ ចៀម​ញី​២០០ ចៀម​ឈ្មោល​២០

15. អូដ្ឋ​ញី​ដែល​បំបៅ​កូន​៣០ ព្រម​ទាំង​កូន​ផង គោ​ញី​៤០ គោ​ឈ្មោល​១០ លា​ញី​២០ និង​កូន​លា​១០

សូមអានជំពូកពេញលេញ លោកុប្បត្តិ 32