គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 31:6-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ឯង​ក៏​ដឹង​ថា អញ​បាន​បំរើ​ឪពុក​ឯង​អស់​ពី​កំឡាំង​ដែរ តែ​ឪពុក​ឯង​បាន​បញ្ឆោត​អញ ហើយ​បាន​បំផ្លាស់​ឈ្នួល​របស់​អញ​១០​ដង​ហើយ

7. តែ​ព្រះ​ទ្រង់​មិន​ព្រម​បើក​ឱកាស​ឲ្យ​គាត់​ប្រទូស្ត​ចំពោះ​អញ​ទេ

8. កាល​ណា​គាត់​ថា សត្វ​ពពាល​នឹង​បាន​ជា​ឈ្នួល​ឯង នោះ​ពួក​សត្វ​មេៗ​ទាំង​អស់​ក៏​កើត​កូន​មក​សុទ្ធ​តែ​ពពាល បើ​កាល​ណា​គាត់​ថា សត្វ​ឆ្នូត​នឹង​បាន​ជា​ឈ្នួល​ឯង នោះ​ពួក​មេៗ​ទាំង​អស់​ក៏​កើត​កូន​មក​សុទ្ធ​តែ​ឆ្នូត​ដែរ

9. ដូច្នេះ ព្រះ​ទ្រង់​បាន​ដក​ហ្វូង​សត្វ​របស់​ឪពុក​ឯង​ប្រទាន​មក​ឲ្យ​អញ​វិញ​ហើយ

10. នៅ​រដូវ​ដែល​សត្វ​ធ្លាប់​ជាន់​គ្នា នោះ​អញ​ងើប​ភ្នែក​ឡើង​ឃើញ​ក្នុង​សប្តិ​ថា សត្វ​ឈ្មោល​ដែល​ជាន់​ញី​ថា​វា​មាន​ឆ្នូត មាន​ពពាល ហើយ​នឹង​ប្រផេះ

11. នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​អញ​ក្នុង​សប្តិ​នោះ​ថា យ៉ាកុប​អើយ អញ​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់

12. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឯង​ងើប​ភ្នែក​ឡើង មើល​ទៅ​សត្វ​ឈ្មោល​ទាំង​ប៉ុន្មាន ដែល​ជាន់​ញី នោះ​មាន​ឆ្នូត មាន​ពពាល ហើយ​ប្រផេះ ដ្បិត​អញ​បាន​ឃើញ​អស់​ទាំង​ការ ដែល​ឡាបាន់​បាន​ធ្វើ​ដល់​ឯង

13. អញ​ជា​ព្រះ​នៃ​បេត-អែល ជា​កន្លែង​ដែល​ឯង​បាន​ចាក់​ប្រេង​លើ​បង្គោល​នោះ ហើយ​ដែល​ឯង​បាន​បន់​ដល់​អញ ឥឡូវ​នេះ ឲ្យ​រៀប‌ចំ ហើយ​ចេញ​ពី​ស្រុក​នេះ វិល​នៅ​ឯ​ស្រុក​កំណើត​ឯង​វិញ​ទៅ

14. ឯ​រ៉ាជែល និង​លេអា​ក៏​ឆ្លើយ​ទៅ​ប្ដី​ថា ចុះ​យើង​នៅ​មាន​ចំណែក ឬ​មរដក នៅ​ក្នុង​ផ្ទះ​ឪពុក​យើង​ឯ​ណា

15. តើ​គាត់​មិន​រាប់​យើង​ទុក​ដូច​ជា​អ្នក​ដទៃ​ទេ​ឬ​អី ដ្បិត​គាត់​បាន​លក់​យើង ហើយ​ស៊ី​បង្ហិន​ប្រាក់​បណ្តា‌ការ​របស់​យើង​អស់​រលីង​ផង

16. គ្រប់​ទាំង​របស់​ទ្រព្យ​ណា​ដែល​ព្រះ​បាន​ដក​ពី​ឪពុក​យើង​មក នោះ​ជា​របស់​ផង​យើង និង​កូន​ចៅ​យើង​ហើយ ដូច្នេះ ការ​អ្វី​ដែល​ព្រះ​បាន​បង្គាប់​មក​អ្នក សូម​អ្នក​ធ្វើ​ឥឡូវ​ចុះ។

17. យ៉ាកុប​ក៏​ក្រោក​ឡើង បញ្ជិះ​ប្រពន្ធ​កូន​លើ​សត្វ​អូដ្ឋ

18. នាំ​ហ្វូង​សត្វ​របស់​គាត់​ទាំង​អស់ និង​ទ្រព្យ​ដែល​បាន​ប្រមូល​ទាំង​ប៉ុន្មាន គឺ​ជា​ហ្វូង​សត្វ​ដែល​បាន​ពី​កាល​នៅ​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​ឯ​អ៊ីសាក ឪពុក​ខ្លួន នៅ​ស្រុក​កាណាន​វិញ

19. រីឯ​ឡាបាន់​គាត់​មាន​កិច្ច​ចេញ​ទៅ​កាត់​រោម​ចៀម ពេល​នោះ នាង​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ឪពុក

20. ឯ​យ៉ាកុប​គាត់​ចេញ​ទៅ​ដោយ​លួច‌លាក់ មិន​បាន​ប្រាប់​ឲ្យ​ឡាបាន់​ជា​សាសន៍​អើរ៉ាម​ដឹង​ផង​ទេ

21. គាត់​បាន​នាំ​យក​របស់​គាត់​ទាំង​អស់​រត់​ចេញ​ទៅ ក៏​ឆ្លង​កាត់​ទន្លេ ដំរង់​ឆ្ពោះ​មុខ​ទៅ​ឯ​ភ្នំ​កាឡាត​ទៅ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 31