គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 31:42-54 ព្រះគម្ពីរបរិសុទ្ធ (KHOV)

42. បើ​ព្រះ​នៃ​ឪពុក​ខ្ញុំ គឺ​ព្រះ​នៃ​អ័ប្រា‌ហាំ ដែល​អ៊ីសាក​បាន​កោត‌ខ្លាច ទ្រង់​មិន​បាន​គង់​នៅ​ខាង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​លោក​ឪពុក​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ដោយ​ដៃ​ទទេ​ហើយ ព្រះ​ទ្រង់​បាន​ឃើញ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ និង​ការ​នឿយ‌ហត់​ដែល​ដៃ​ខ្ញុំ​ធ្វើ ដូច្នេះ​ហើយ បាន​ជា​ទ្រង់​បន្ទោស​ដល់​លោក​ឪពុក​ពី​យប់​មិញ​នេះ។

43. នោះ​ឡាបាន់​ឆ្លើយ​ទៅ​យ៉ាកុប​ថា ស្ត្រី​ទាំង​នេះ​ជា​កូន​អញ ហើយ​ក្មេង​ទាំង​នេះ​ក៏​ជា​ចៅ​អញ ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​អញ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​ឯង​ឃើញ​ក៏​ជា​របស់​ផង​អញ​ទាំង​អស់​ដែរ តែ​នៅ​ថ្ងៃ​នេះ តើ​អញ​នឹង​ធ្វើ​អ្វី​ដល់​កូន​អញ ហើយ​នឹង​កូន​ដែល​វា​បាន​បង្កើត​ទាំង​ប៉ុន្មាន​នេះ​បាន

44. ដូច្នេះ ចូរ​យើង​ចុះ​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​នឹង​ទុក​ជា​ទី​បន្ទាល់​ដល់​ឯង ហើយ​នឹង​អញ

45. នោះ​យ៉ាកុប​គាត់​យក​ថ្ម​១​មក​បញ្ឈរ​ធ្វើ​ជា​បង្គោល

46. ហើយ​ប្រាប់​ដល់​បង​ប្អូន​ថា ចូរ​យក​ថ្ម​មក នោះ​គេ​ក៏​ទៅ​យក​ថ្ម​មក​ដាក់​ជា​គំនរ រួច​នាំ​គ្នា​បរិភោគ​នៅ​លើ​គំនរ​នោះ

47. ឡាបាន់​គាត់​ហៅ​គំនរ​ថ្ម​នោះ​ថា យេការ-សាហាឌូថា តែ​យ៉ាកុប​ហៅ​ថា កាលេឌ វិញ

48. រួច​ឡាបាន់​និយាយ​ថា គំនរ​ថ្ម​នេះ​ជា​ទី​បន្ទាល់​ដល់​ឯង ហើយ​នឹង​អញ​នៅ​ថ្ងៃ​នេះ ហេតុ​នោះ​បាន​ជា​គេ​ដាក់​ឈ្មោះ​ថា កាលេឌ ហើយ​មីសប៉ា

49. ពី​ព្រោះ​គាត់​និយាយ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទត​មើល​ឯង​ហើយ​នឹង​អញ ក្នុង​កាល​ដែល​យើង​នៅ​ឃ្លាត​ពី​គ្នា

50. បើ​ឯង​ធ្វើ​បាប​កូន​អញ ឬ​យក​ប្រពន្ធ​ទៀត​លើស​ពី​កូន​អញ ក្នុង​កាល​ដែល​គ្មាន​មនុស្ស​ណា​នៅ​ជា​មួយ នោះ​មើល ព្រះ​ទ្រង់​ជា​សាក្សី​ដល់​ឯង​ហើយ​នឹង​អញ​ស្រាប់​ហើយ

51. រួច​ឡាបាន់​និយាយ​ទៅ​យ៉ាកុប​ទៀត​ថា មើល គំនរ​ថ្ម​នេះ និង​បង្គោល​នេះ​ហើយ ដែល​អញ​បាន​ដាក់​នៅ​កណ្តាល​ឯង​ហើយ​នឹង​អញ

52. គំនរ​នេះ និង​បង្គោល​នេះ​នឹង​បាន​ជា​ទី​បន្ទាល់​ថា អញ​មិន​រំលង​គំនរ​នេះ​ទៅ​ឯ​ឯង ហើយ​ឯង​ក៏​មិន​រំលង​គំនរ​ឬ​បង្គោល​នេះ​មក​ឯ​អញ ប្រយោជន៍​នឹង​ធ្វើ​អាក្រក់​អ្វី​ឡើយ

53. សូម​ឲ្យ​ព្រះ​នៃ​អ័ប្រា‌ហាំ​ជា​ព្រះ​នៃ​ណាឃរ គឺ​ជា​ព្រះ​នៃ​អយ្យកោ​របស់​លោក ទ្រង់​ជំនុំ‌ជំរះ​យើង​ចុះ នៅ​ទី​នោះ យ៉ាកុប​ក៏​ស្បថ​នឹង​ព្រះ ដែល​ជា​ទី​កោត‌ខ្លាច​នៃ​អ៊ីសាក​ឪពុក​ខ្លួន​ដែរ។

54. យ៉ាកុប​ក៏​រៀប‌ចំ​បូជា‌យញ្ញ ថ្វាយ​នៅ​លើ​ភ្នំ​នោះ ហើយ​ហៅ​ពួក​បង​ប្អូន​មក​ជួប‌ជុំ​បរិភោគ គេ​ក៏​នាំ​គ្នា​បរិភោគ​ទៅ រួច​ដេក​នៅ​លើ​ភ្នំ​ក្នុង​យប់​នោះ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 31