4. យ៉ាកុបគាត់ចាត់គេឲ្យទៅហៅរ៉ាជែល និងលេអាមកឯហ្វូងសត្វត្រង់ទីវាល
5. ប្រាប់ថា អញឃើញឫកពារបស់ឪពុកឯងហាក់ដូចជាមិនសូវស្រួលនឹងអញដូចពីដើមសោះ តែព្រះនៃឪពុកអញទ្រង់បានគង់នៅជាមួយនឹងអញ
6. ឯងក៏ដឹងថា អញបានបំរើឪពុកឯងអស់ពីកំឡាំងដែរ តែឪពុកឯងបានបញ្ឆោតអញ ហើយបានបំផ្លាស់ឈ្នួលរបស់អញ១០ដងហើយ
7. តែព្រះទ្រង់មិនព្រមបើកឱកាសឲ្យគាត់ប្រទូស្តចំពោះអញទេ
8. កាលណាគាត់ថា សត្វពពាលនឹងបានជាឈ្នួលឯង នោះពួកសត្វមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែពពាល បើកាលណាគាត់ថា សត្វឆ្នូតនឹងបានជាឈ្នួលឯង នោះពួកមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែឆ្នូតដែរ
9. ដូច្នេះ ព្រះទ្រង់បានដកហ្វូងសត្វរបស់ឪពុកឯងប្រទានមកឲ្យអញវិញហើយ
10. នៅរដូវដែលសត្វធ្លាប់ជាន់គ្នា នោះអញងើបភ្នែកឡើងឃើញក្នុងសប្តិថា សត្វឈ្មោលដែលជាន់ញីថាវាមានឆ្នូត មានពពាល ហើយនឹងប្រផេះ
11. នោះទេវតានៃព្រះយេហូវ៉ាមានព្រះបន្ទូលមកអញក្នុងសប្តិនោះថា យ៉ាកុបអើយ អញទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់
12. នោះទ្រង់មានព្រះបន្ទូលថា ចូរឯងងើបភ្នែកឡើង មើលទៅសត្វឈ្មោលទាំងប៉ុន្មាន ដែលជាន់ញី នោះមានឆ្នូត មានពពាល ហើយប្រផេះ ដ្បិតអញបានឃើញអស់ទាំងការ ដែលឡាបាន់បានធ្វើដល់ឯង
13. អញជាព្រះនៃបេត-អែល ជាកន្លែងដែលឯងបានចាក់ប្រេងលើបង្គោលនោះ ហើយដែលឯងបានបន់ដល់អញ ឥឡូវនេះ ឲ្យរៀបចំ ហើយចេញពីស្រុកនេះ វិលនៅឯស្រុកកំណើតឯងវិញទៅ
14. ឯរ៉ាជែល និងលេអាក៏ឆ្លើយទៅប្ដីថា ចុះយើងនៅមានចំណែក ឬមរដក នៅក្នុងផ្ទះឪពុកយើងឯណា
15. តើគាត់មិនរាប់យើងទុកដូចជាអ្នកដទៃទេឬអី ដ្បិតគាត់បានលក់យើង ហើយស៊ីបង្ហិនប្រាក់បណ្តាការរបស់យើងអស់រលីងផង
16. គ្រប់ទាំងរបស់ទ្រព្យណាដែលព្រះបានដកពីឪពុកយើងមក នោះជារបស់ផងយើង និងកូនចៅយើងហើយ ដូច្នេះ ការអ្វីដែលព្រះបានបង្គាប់មកអ្នក សូមអ្នកធ្វើឥឡូវចុះ។
17. យ៉ាកុបក៏ក្រោកឡើង បញ្ជិះប្រពន្ធកូនលើសត្វអូដ្ឋ