គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 31:24-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. នៅ​វេលា​យប់ ព្រះ​ទ្រង់​មក​ពន្យល់​សប្តិ ប្រាប់​ឡាបាន់ ជា​សាសន៍​អើរ៉ាម​ថា ចូរ​ប្រយ័ត្ន កុំ​ឲ្យ​ឯង​និយាយ​ពាក្យ​ណា ទោះ​ល្អ ឬ​អាក្រក់​នឹង​យ៉ាកុប​ឡើយ

25. នោះ​ឡាបាន់​ក៏​ទៅ​ដល់​គាត់ ឯ​យ៉ាកុប បាន​ដំឡើង​ត្រសាល​នៅ​លើ​ភ្នំ​កាឡាត ហើយ​ឡាបាន់ និង​បង​ប្អូន​គាត់​ក៏​តំឡើង​ត្រសាល​គេ​នៅ​លើ​ភ្នំ​នោះ​ដែរ

26. ឡាបាន់​និយាយ​ទៅ​យ៉ាកុប​ថា ដូច​ម្តេច​បាន​ជា​ឯង​ធ្វើ​ដូច្នេះ គឺ​ដែល​ឯង​ចេញ​មក​ដោយ​លួច‌លាក់​មិន​ឲ្យ​អញ​ដឹង​សោះ ព្រម​ទាំង​នាំ​ពង្រត់​កូន​ស្រី​អញ​មក ដូច​ជា​ឈ្លើយ​ដែល​ចាប់​បាន​ដោយ​ដាវ​ផង

27. ហេតុ​អ្វី​បាន​ជា​ឯង​លួច​រត់​ចេញ​មក​ពី​អញ​ដោយ​ស្ងាត់​កំបាំង​ដូច្នេះ ឥត​ប្រាប់​ឲ្យ​អញ​ដឹង​ផង ដើម្បី​ឲ្យ​អញ​បាន​ជូន​មក​ដោយ​សេចក្ដី​អំណរ គឺ​ដោយ​ច្រៀង​ចំរៀង និង​បន្ទរ​ក្រាប់ ព្រម​ទាំង​ចាប់​ស៊ុង​ដែរ

28. ឯង​មិន​បាន​ឲ្យ​អញ​ថើប​លា​កូន​ចៅ​របស់​អញ​សោះ ដូច្នេះ ឯង​បាន​ប្រព្រឹត្ត​បែប​ចំកួត​ហើយ

29. អញ​មាន​អំណាច​នឹង​ធ្វើ​បាប​ឯង​បាន តែ​ព្រះ​នៃ​ឪពុក​ឯង ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អញ​ពី​យប់​មិញ​ថា ចូរ​ប្រយ័ត្ន កុំ​ឲ្យ​និយាយ​ពាក្យ​ណា ទោះ​ល្អ ឬ​អាក្រក់​នឹង​យ៉ាកុប​ឡើយ

30. ឥឡូវ​នេះ ឯង​បាន​ចេញ​មក ពី​ព្រោះ​តែ​ឯង​រឭក​ដល់​ផ្ទះ​ឪពុក​ឯង​ខ្លាំង​ពេក តែ​ហេតុ​អ្វី​បាន​ជា​ឯង​លួច​យក​ព្រះ​របស់​អញ​មក​ផង

31. នោះ​យ៉ាកុប​ឆ្លើយ​ទៅ​ឡាបាន់​ថា ពី​ព្រោះ​ខ្ញុំ​ខ្លាច ទាំង​គិត​ក្រែង​លោ​លោក​ឪពុក​ដក​យក​កូន​ស្រី​ពី​ខ្ញុំ​ទៅ​វិញ​ដោយ​អំណាច

32. បើ​លោក​ឪពុក​រក​ឃើញ​មាន​ព្រះ​ទាំង​នោះ​នៅ​លើ​រូប​អ្នក​ណា អ្នក​នោះ​មិន​ត្រូវ​នៅ​រស់​ទៀត​ទេ សូម​ឆែក‌ឆេរ​នៅ​ចំពោះ​មុខ​បង​ប្អូន​យើង​នេះ​ចុះ មើល​បើ​មាន​របស់​ណា ជា​របស់​ផង​លោក​ឪពុក នៅ​នឹង​ខ្ញុំ នោះ​សូម​យក​វិញ​ចុះ ឯ​យ៉ាកុប​គាត់​មិន​ដឹង​ជា​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ

33. នោះ​ឡាបាន់​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​យ៉ាកុប ត្រសាល​លេអា និង​ត្រសាល​របស់​បាវ​ស្រី​ទាំង​២ រក​មិន​ឃើញ​សោះ រួច​គាត់​ចេញ​ពី​ត្រសាល​លេអា​ចូល​ទៅ​ក្នុង​ត្រសាល​រ៉ាជែល

34. ឯ​រ៉ាជែល​នាង​បាន​យក​រូប​ព្រះ​ទាំង​នោះ ទៅ​ដាក់​ក្នុង​ប្រដាប់​អូដ្ឋ​ទាំង​ប៉ុន្មាន ហើយ​អង្គុយ​ពី​លើ ឡាបាន់​ឆែក​រក​ពេញ​ក្នុង​ត្រសាល​មិន​ឃើញ​សោះ

35. រួច​នាង​និយាយ​ទៅ​ឪពុក​ថា សូម​កុំ​ឲ្យ​លោក​ឪពុក​ខឹង​នឹង​ខ្ញុំ ដែល​ខ្ញុំ​ក្រោក​នៅ​មុខ​លោក​ឪពុក​ពុំ​បាន​នោះ​ឡើយ ពី​ព្រោះ​ខ្ញុំ​កើត​មាន​កិច្ច​ដូច​ជា​ស្រីៗ​ធ្លាប់​មាន គាត់​ក៏​ពិនិត្យ​រក តែ​មិន​ឃើញ​រូប​ព្រះ​ទាំង​នោះ​សោះ។

36. ឯ​យ៉ាកុប​គាត់​ខឹង ហើយ​ក៏​ឈ្លោះ​នឹង​ឡាបាន់​ដោយ​ពាក្យ​ថា តើ​ខ្ញុំ​មាន​ទោស​អ្វី ឬ​បាន​ធ្វើ​បាប​ណា​បាន​ជា​លោក​ឪពុក​ដេញ​តាម​ខ្ញុំ ដោយ​ចិត្ត​ក្តៅ​យ៉ាង​ដូច្នេះ

37. លោក​ឪពុក​បាន​ឆែក‌ឆេរ​របស់​ខ្ញុំ សព្វ​គ្រប់​ទាំង​អស់​ហើយ តើ​បាន​ឃើញ​របស់​ណា​ជា​របស់​ពី​ផ្ទះ​លោក​ឪពុក​ខ្លះ ចូរ​ដាក់​បង្ហាញ​នៅ​មុខ​បង​ប្អូន​ខ្ញុំ ហើយ​នឹង​បង​ប្អូន​របស់​លោក​ឪពុក​មក​មើល ដើម្បី​ឲ្យ​គេ​ជំនុំ‌ជំរះ​ពី​រឿង​យើង​ទាំង​នេះ

38. នេះ​ពេញ​២០​ឆ្នាំ​គត់​ហើយ ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​លោក​ឪពុក ចៀម និង​ពពែ​របស់​លោក​ឪពុក​មិន​ដែល​មាន​រលូត​១​សោះ ហើយ​ខ្ញុំ​ក៏​ឥត​ដែល​បាន​ទទួល​ទាន​ចៀម​ឈ្មោល​ពី​ហ្វូង​របស់​លោក​ឪពុក​ដែរ

39. សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ នោះ​ខ្ញុំ​មិន​ដែល​យក​មក​ជូន​ទេ ខ្ញុំ​បាន​ទទួល​សង គឺ​លោក​ឪពុក​បាន​ចាប់​ឲ្យ​ខ្ញុំ​សង ទោះ​បើ​លួច​បាន​នៅ​ពេល​ថ្ងៃ​ឬ​ពេល​យប់​ក្តី

40. ខ្ញុំ​ក៏​ត្រូវ​តែ​ដូច្នោះ គឺ​នៅ​ពេល​ថ្ងៃ ខ្ញុំ​តែង​ត្រូវ​ចំហាយ​ក្តៅ ហើយ​ពេល​យប់​ត្រូវ​រងា ភ្នែក​ខ្ញុំ​ក៏​អត់​ងងុយ​ជ្រប់

41. ខ្ញុំ​បាន​នៅ​ផ្ទះ​លោក​ឪពុក​អស់​២០​ឆ្នាំ​នេះ​ហើយ គឺ​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​១៤​ឆ្នាំ ឲ្យ​បាន​កូន​ស្រី​របស់​លោក​ឪពុក​ទាំង​២​រូប ហើយ​៦​ឆ្នាំ​ទៀត​ឲ្យ​បាន​ចៀម​របស់​លោក​ឪពុក តែ​លោក​ឪពុក​បាន​បំផ្លាស់​ឈ្នួល​ខ្ញុំ​១០​ដង​ហើយ

42. បើ​ព្រះ​នៃ​ឪពុក​ខ្ញុំ គឺ​ព្រះ​នៃ​អ័ប្រា‌ហាំ ដែល​អ៊ីសាក​បាន​កោត‌ខ្លាច ទ្រង់​មិន​បាន​គង់​នៅ​ខាង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​លោក​ឪពុក​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ដោយ​ដៃ​ទទេ​ហើយ ព្រះ​ទ្រង់​បាន​ឃើញ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ និង​ការ​នឿយ‌ហត់​ដែល​ដៃ​ខ្ញុំ​ធ្វើ ដូច្នេះ​ហើយ បាន​ជា​ទ្រង់​បន្ទោស​ដល់​លោក​ឪពុក​ពី​យប់​មិញ​នេះ។

43. នោះ​ឡាបាន់​ឆ្លើយ​ទៅ​យ៉ាកុប​ថា ស្ត្រី​ទាំង​នេះ​ជា​កូន​អញ ហើយ​ក្មេង​ទាំង​នេះ​ក៏​ជា​ចៅ​អញ ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​អញ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​ឯង​ឃើញ​ក៏​ជា​របស់​ផង​អញ​ទាំង​អស់​ដែរ តែ​នៅ​ថ្ងៃ​នេះ តើ​អញ​នឹង​ធ្វើ​អ្វី​ដល់​កូន​អញ ហើយ​នឹង​កូន​ដែល​វា​បាន​បង្កើត​ទាំង​ប៉ុន្មាន​នេះ​បាន

សូមអានជំពូកពេញលេញ លោកុប្បត្តិ 31