គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 31:12-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឯង​ងើប​ភ្នែក​ឡើង មើល​ទៅ​សត្វ​ឈ្មោល​ទាំង​ប៉ុន្មាន ដែល​ជាន់​ញី នោះ​មាន​ឆ្នូត មាន​ពពាល ហើយ​ប្រផេះ ដ្បិត​អញ​បាន​ឃើញ​អស់​ទាំង​ការ ដែល​ឡាបាន់​បាន​ធ្វើ​ដល់​ឯង

13. អញ​ជា​ព្រះ​នៃ​បេត-អែល ជា​កន្លែង​ដែល​ឯង​បាន​ចាក់​ប្រេង​លើ​បង្គោល​នោះ ហើយ​ដែល​ឯង​បាន​បន់​ដល់​អញ ឥឡូវ​នេះ ឲ្យ​រៀប‌ចំ ហើយ​ចេញ​ពី​ស្រុក​នេះ វិល​នៅ​ឯ​ស្រុក​កំណើត​ឯង​វិញ​ទៅ

14. ឯ​រ៉ាជែល និង​លេអា​ក៏​ឆ្លើយ​ទៅ​ប្ដី​ថា ចុះ​យើង​នៅ​មាន​ចំណែក ឬ​មរដក នៅ​ក្នុង​ផ្ទះ​ឪពុក​យើង​ឯ​ណា

15. តើ​គាត់​មិន​រាប់​យើង​ទុក​ដូច​ជា​អ្នក​ដទៃ​ទេ​ឬ​អី ដ្បិត​គាត់​បាន​លក់​យើង ហើយ​ស៊ី​បង្ហិន​ប្រាក់​បណ្តា‌ការ​របស់​យើង​អស់​រលីង​ផង

16. គ្រប់​ទាំង​របស់​ទ្រព្យ​ណា​ដែល​ព្រះ​បាន​ដក​ពី​ឪពុក​យើង​មក នោះ​ជា​របស់​ផង​យើង និង​កូន​ចៅ​យើង​ហើយ ដូច្នេះ ការ​អ្វី​ដែល​ព្រះ​បាន​បង្គាប់​មក​អ្នក សូម​អ្នក​ធ្វើ​ឥឡូវ​ចុះ។

17. យ៉ាកុប​ក៏​ក្រោក​ឡើង បញ្ជិះ​ប្រពន្ធ​កូន​លើ​សត្វ​អូដ្ឋ

18. នាំ​ហ្វូង​សត្វ​របស់​គាត់​ទាំង​អស់ និង​ទ្រព្យ​ដែល​បាន​ប្រមូល​ទាំង​ប៉ុន្មាន គឺ​ជា​ហ្វូង​សត្វ​ដែល​បាន​ពី​កាល​នៅ​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​ឯ​អ៊ីសាក ឪពុក​ខ្លួន នៅ​ស្រុក​កាណាន​វិញ

19. រីឯ​ឡាបាន់​គាត់​មាន​កិច្ច​ចេញ​ទៅ​កាត់​រោម​ចៀម ពេល​នោះ នាង​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ឪពុក

20. ឯ​យ៉ាកុប​គាត់​ចេញ​ទៅ​ដោយ​លួច‌លាក់ មិន​បាន​ប្រាប់​ឲ្យ​ឡាបាន់​ជា​សាសន៍​អើរ៉ាម​ដឹង​ផង​ទេ

21. គាត់​បាន​នាំ​យក​របស់​គាត់​ទាំង​អស់​រត់​ចេញ​ទៅ ក៏​ឆ្លង​កាត់​ទន្លេ ដំរង់​ឆ្ពោះ​មុខ​ទៅ​ឯ​ភ្នំ​កាឡាត​ទៅ។

22. លុះ​កន្លង​បាន​៣​ថ្ងៃ​ក្រោយ​មក នោះ​មាន​គេ​ទៅ​ជំរាប​ដល់​ឡាបាន់​ថា យ៉ាកុប​បាន​រត់​បាត់​ទៅ​ហើយ

23. ឡាបាន់​ក៏​យក​បង​ប្អូន​គាត់​ទៅ​ជា​មួយ ដេញ​តាម​ចំនួន​ដើរ​ផ្លូវ​អស់​៧​ថ្ងៃ បាន​ទាន់​នៅ​នា​ភ្នំ​កាឡាត

24. នៅ​វេលា​យប់ ព្រះ​ទ្រង់​មក​ពន្យល់​សប្តិ ប្រាប់​ឡាបាន់ ជា​សាសន៍​អើរ៉ាម​ថា ចូរ​ប្រយ័ត្ន កុំ​ឲ្យ​ឯង​និយាយ​ពាក្យ​ណា ទោះ​ល្អ ឬ​អាក្រក់​នឹង​យ៉ាកុប​ឡើយ

25. នោះ​ឡាបាន់​ក៏​ទៅ​ដល់​គាត់ ឯ​យ៉ាកុប បាន​ដំឡើង​ត្រសាល​នៅ​លើ​ភ្នំ​កាឡាត ហើយ​ឡាបាន់ និង​បង​ប្អូន​គាត់​ក៏​តំឡើង​ត្រសាល​គេ​នៅ​លើ​ភ្នំ​នោះ​ដែរ

26. ឡាបាន់​និយាយ​ទៅ​យ៉ាកុប​ថា ដូច​ម្តេច​បាន​ជា​ឯង​ធ្វើ​ដូច្នេះ គឺ​ដែល​ឯង​ចេញ​មក​ដោយ​លួច‌លាក់​មិន​ឲ្យ​អញ​ដឹង​សោះ ព្រម​ទាំង​នាំ​ពង្រត់​កូន​ស្រី​អញ​មក ដូច​ជា​ឈ្លើយ​ដែល​ចាប់​បាន​ដោយ​ដាវ​ផង

27. ហេតុ​អ្វី​បាន​ជា​ឯង​លួច​រត់​ចេញ​មក​ពី​អញ​ដោយ​ស្ងាត់​កំបាំង​ដូច្នេះ ឥត​ប្រាប់​ឲ្យ​អញ​ដឹង​ផង ដើម្បី​ឲ្យ​អញ​បាន​ជូន​មក​ដោយ​សេចក្ដី​អំណរ គឺ​ដោយ​ច្រៀង​ចំរៀង និង​បន្ទរ​ក្រាប់ ព្រម​ទាំង​ចាប់​ស៊ុង​ដែរ

28. ឯង​មិន​បាន​ឲ្យ​អញ​ថើប​លា​កូន​ចៅ​របស់​អញ​សោះ ដូច្នេះ ឯង​បាន​ប្រព្រឹត្ត​បែប​ចំកួត​ហើយ

29. អញ​មាន​អំណាច​នឹង​ធ្វើ​បាប​ឯង​បាន តែ​ព្រះ​នៃ​ឪពុក​ឯង ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អញ​ពី​យប់​មិញ​ថា ចូរ​ប្រយ័ត្ន កុំ​ឲ្យ​និយាយ​ពាក្យ​ណា ទោះ​ល្អ ឬ​អាក្រក់​នឹង​យ៉ាកុប​ឡើយ

30. ឥឡូវ​នេះ ឯង​បាន​ចេញ​មក ពី​ព្រោះ​តែ​ឯង​រឭក​ដល់​ផ្ទះ​ឪពុក​ឯង​ខ្លាំង​ពេក តែ​ហេតុ​អ្វី​បាន​ជា​ឯង​លួច​យក​ព្រះ​របស់​អញ​មក​ផង

31. នោះ​យ៉ាកុប​ឆ្លើយ​ទៅ​ឡាបាន់​ថា ពី​ព្រោះ​ខ្ញុំ​ខ្លាច ទាំង​គិត​ក្រែង​លោ​លោក​ឪពុក​ដក​យក​កូន​ស្រី​ពី​ខ្ញុំ​ទៅ​វិញ​ដោយ​អំណាច

សូមអានជំពូកពេញលេញ លោកុប្បត្តិ 31