គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 30:30-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

30. ដ្បិត​មុន​ដែល​ខ្ញុំ​មក នោះ​លោក​ឪពុក​មាន​តិច​ណាស់ ឥឡូវ​នេះ​វិញ​បាន​ចំរើន​ឡើង​យ៉ាង​សន្ធឹក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​លោក​ឪពុក​ដោយ‌សារ​ខ្ញុំ ឥឡូវ​នេះ តើ​ចាំ​ដល់​កាល​ណា​ទៀត​ទើប​ឲ្យ​ខ្ញុំ​ផ្គត់‌ផ្គង់​ដល់​គ្រួ​របស់​ខ្ញុំ​ផង

31. នោះ​ឡាបាន់​សួរ​ថា តើ​ចង់​ឲ្យ​អញ​ឲ្យ​អ្វី​ដល់​ឯង យ៉ាកុប​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​អ្វី​មក​ខ្ញុំ​សោះ បើ​លោក​ឪពុក​នឹង​ធ្វើ​ដូច្នេះ នោះ​ខ្ញុំ​នឹង​នៅ​ឃ្វាល ហើយ​ថែ​រក្សា​ហ្វូង​សត្វ​របស់​លោក​ឪពុក​ទៀត

32. គឺ​ខ្ញុំ​នឹង​ទៅ​ក្នុង​គ្រប់​ទាំង​ហ្វូង​ចៀម​របស់​លោក​ឪពុក​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​ញែក​យក​អស់​ទាំង​សត្វ​ពព្លាក់ និង​ពពាល ហើយ​នឹង​សត្វ​ខ្មៅ​ទាំង​អស់​ក្នុង​កូន​ចៀម​ទាំង​ប៉ុន្មាន ព្រម​ទាំង​សត្វ​ដែល​ពពាល​ពព្លាក់​ក្នុង​ហ្វូង​ពពែ​ផង ឲ្យ​បាន​ជា​ឈ្នួល​ដល់​ខ្ញុំ

33. ដូច្នេះ ទៅ​មុខ​ទៀត កាល​ណា​លោក​ឪពុក​ចូល​មក​សាក​សួរ​ពី​ឈ្នួល​ខ្ញុំ នោះ​សេចក្ដី​សុចរិត​របស់​ខ្ញុំ​នឹង​សំដែង​ឲ្យ​ឃើញ​ច្បាស់​ដូច្នេះ គឺ​បើ​មាន​សត្វ​ណា​នៅ​ជា​មួយ​នឹង​ខ្ញុំ ដែល​មិន​ពពាល​ពព្លាក់​ក្នុង​ហ្វូង​ពពែ ហើយ​ដែល​មិន​ខ្មៅ​ក្នុង​ហ្វូង​ចៀម នោះ​នឹង​រាប់​ទុក​ជា​របស់​លួច

34. ឡាបាន់​ក៏​និយាយ​ថា អើ ចូរ​តាម​ពាក្យ​ឯង​ចុះ

35. ហើយ​នៅ​ថ្ងៃ​នោះ​ឯង ឡាបាន់​ក៏​ញែក​ពពែ​ឈ្មោល​ឆ្នូតៗ​ហើយ​ពពាល និង​អស់​ទាំង​ពពែ​ញី​ដែល​ពព្លាក់​ហើយ​ពពាល គ្រប់​ទាំង​សត្វ​ដែល​មាន​សម្បុរ​ស​ដុំៗ និង​អស់​ទាំង​សត្វ​ខ្មៅ​ក្នុង​ហ្វូង​ចៀម​ទាំង​អស់ ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​កូន​ខ្លួន​ទាំង​ប៉ុន្មាន

36. រួច​គាត់​ចេញ​ពី​យ៉ាកុប​ទៅ​ចំងាយ​ដើរ​ផ្លូវ​អស់​៣​ថ្ងៃ ឯ​យ៉ាកុប​ក៏​ឃ្វាល​ហ្វូង​សត្វ​របស់​ឡាបាន់​ដែល​នៅ​សល់​នោះ។

37. នោះ​យ៉ាកុប​គាត់​យក​មែក​រលួស ចំបក់ និង​ក្រចៅ​ស្រស់ មក​ក្រី​បក​សំបក ជា​កង់ៗ ឲ្យ​ឃើញ​សាច់​ស

38. ហើយ​ដាក់​មែក​ដែល​គាត់​បាន​បក​នោះ​នៅ​ក្នុង​ប្រឡាយ និង​ស្នូក ជា​កន្លែង​ដែល​សត្វ​មក​ផឹក​ទឹក ហើយ​វា​ក៏​ជាន់​គ្នា​ក្នុង​កាល​ដែល​វា​មក​ផឹក​នោះ

39. គឺ​ជាន់​គ្នា​នៅ​ត្រង់​មុខ​មែក​ឈើ​ទាំង​នោះ នោះ​ក៏​បង្កើត​កូន​មក​មាន​ឆ្នូត មាន​ពព្លាក់ មាន​ពពាល

សូមអានជំពូកពេញលេញ លោកុប្បត្តិ 30