គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 30:14-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ឯ​រូបេន ក៏​ចេញ​ទៅ​ឯ​វាល​នៅ​វេលា​ច្រូត​ស្រូវ​ភោជ្ជ‌សាលី ឃើញ​ផ្លែ​ស្នេហ៍ រួច​យក​មក​ជូន​ដល់​លេអា​ជា​ម្តាយ នោះ​រ៉ាជែល​និយាយ​ទៅ​លេអា​ថា សូម​ឲ្យ​ផ្លែ​ស្នេហ៍​របស់​កូន​បង​ខ្លះ​មក​ខ្ញុំ​ផង

15. តែ​លេអា​ឆ្លើយ​ថា ដែល​ឯង​ដណ្តើម​យក​ប្ដី​អញ នោះ​តើ​ជា​ការ​ស្រាល​ឬ បាន​ជា​ឥឡូវ​ចង់​យក​ផ្លែ​ស្នេហ៍​របស់​កូន​អញ​ទៅ​ទៀត រ៉ាជែល​និយាយ​ថា​បើ​ឲ្យ​ផ្លែ​ស្នេហ៍​របស់​កូន​បង​មក​ខ្ញុំ នោះ​ឲ្យ​ប្ដី​យើង​ដេក​ជា​មួយ​នឹង​បង​នៅ​យប់​នេះ​ចុះ

16. ដល់​ល្ងាច​កាល​យ៉ាកុប​វិល​មក​ពី​ចំការ​វិញ នោះ​លេអា​ក៏​ចេញ​ទៅ​ទទួល​ដោយ​ពាក្យ​ថា អ្នក​ត្រូវ​អញ្ជើញ​ចូល​ទៅ​ឯ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​ជួល​អ្នក​ដោយ​ផ្លែ​ស្នេហ៍​របស់​កូន​ខ្ញុំ​ហើយ ដូច្នេះ គាត់​ក៏​ដេក​ជា​មួយ​នឹង​នាង​ក្នុង​យប់​នោះ​ទៅ

17. ព្រះ​ទ្រង់​ក៏​ស្តាប់​តាម​លេអា ហើយ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​ទី​៥​ឲ្យ​យ៉ាកុប

18. នោះ​លេអា​គិត​ថា ព្រះ​ទ្រង់​បាន​ប្រទាន​រង្វាន់​មក​អញ ពី​ព្រោះ​អញ​បាន​ឲ្យ​បាវ​ស្រី​ទៅ​ប្ដី​ហើយ រួច​នាង​ឲ្យ​ឈ្មោះ​ថា អ៊ីសាខារ

19. នាង​ក៏​មាន​ទំងន់​ទៀត បង្កើត​បាន​កូន​ប្រុស​ទី​៦​ឲ្យ​យ៉ាកុប

20. នោះ​នាង​គិត​ថា ព្រះ​ទ្រង់​បាន​ប្រទាន​អំណោយ​ទាន​យ៉ាង​ល្អ​មក​អញ ម្តង​ណេះ​ប្ដី​អញ​នឹង​នៅ​ជា​មួយ​នឹង​អញ ដោយ​ព្រោះ​អញ​បាន​បង្កើត​កូន​៦​ឲ្យ​គាត់​ហើយ រួច​នាង​ឲ្យ​ឈ្មោះ​ថា សាប់‌យូ‌ល៉ូន

21. ក្រោយ​នោះ​មក នាង​បង្កើត​បាន​កូន​ស្រី​១ ក៏​ឲ្យ​ឈ្មោះ​ថា ឌីណា។

22. ព្រះ​ទ្រង់​នឹក​ចាំ​ពី​រ៉ាជែល ក៏​ស្តាប់​តាម​នាង ហើយ​ប្រោស​ឲ្យ​នាង​បង្កើត​កូន​បាន

23. នោះ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ រួច​នាង​គិត​ថា ព្រះ​ទ្រង់​បាន​ដក​សេចក្ដី​ដំនៀល​ពី​អញ​ចេញ

24. ហើយ​នាង​ឲ្យ​ឈ្មោះ​ថា យ៉ូសែប ដោយ​ថា សូម​ព្រះ‌យេហូវ៉ា​បន្ថែម​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​កូន​១​ទៀត។

25. កាល​រ៉ាជែល​សំរាល​បាន​យ៉ូសែប​ហើយ នោះ​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា ខ្ញុំ​សូម​លា​លោក​ឪពុក​ត្រឡប់​ទៅ​ឯ​ទី​កន្លែង​ខ្ញុំ ឯ​ស្រុក​ខ្ញុំ​វិញ​ហើយ

26. សូម​ឲ្យ​ប្រពន្ធ​កូន​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​ឲ្យ​បាន​នេះ បាន​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ផង ដ្បិត​លោក​ឪពុក​ជ្រាប​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ជូន​រួច​ហើយ

27. នោះ​ឡាបាន់​ឆ្លើយ​ថា បើ‌សិន​ជា​ឯង​ចូល​ចិត្ត​នឹង​អញ នោះ​កុំ​អាល​ទៅ​សិន ពី​ព្រោះ​អញ​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​អញ​ដោយ​ព្រោះ​ឯង

28. គាត់​ក៏​និយាយ​ថា ចូរ​គិត​ថ្លៃ​ឈ្នួល​ឯង​ចុះ នោះ​អញ​នឹង​បើក​ឲ្យ

29. រួច​យ៉ាកុប​និយាយ​ថា លោក​ឪពុក​ជ្រាប​ហើយ​ថា ខ្ញុំ​បាន​នៅ​បំរើ​លោក​ឪពុក ហើយ​ថា ហ្វូង​សត្វ​លោក​ឪពុក​បាន​កើត​សាយ‌គ្រាយ​ជា​យ៉ាង​ណា ក្នុង​គ្រា​ដែល​ខ្ញុំ​បាន​ឃ្វាល

30. ដ្បិត​មុន​ដែល​ខ្ញុំ​មក នោះ​លោក​ឪពុក​មាន​តិច​ណាស់ ឥឡូវ​នេះ​វិញ​បាន​ចំរើន​ឡើង​យ៉ាង​សន្ធឹក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​លោក​ឪពុក​ដោយ‌សារ​ខ្ញុំ ឥឡូវ​នេះ តើ​ចាំ​ដល់​កាល​ណា​ទៀត​ទើប​ឲ្យ​ខ្ញុំ​ផ្គត់‌ផ្គង់​ដល់​គ្រួ​របស់​ខ្ញុំ​ផង

សូមអានជំពូកពេញលេញ លោកុប្បត្តិ 30