គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 30:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​រ៉ាជែល​ឃើញ​ថា ខ្លួន​មិន​បាន​បង្កើត​កូន​ឲ្យ​យ៉ាកុប​សោះ នោះ​នាង​មាន​ចិត្ត​ច្រណែន​នឹង​បង ហើយ​ក៏​និយាយ​ទៅ​យ៉ាកុប​ថា ចូរ​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ខ្ញុំ​ស្លាប់​ហើយ

2. នោះ​យ៉ាកុប​ក៏​នឹក​ក្តៅ​ចិត្ត​នឹង​រ៉ាជែល ហើយ​តប​ថា តើ​អញ​ជា​ព្រះ​ឬ​អី ដែល​បាន​បង្ខាំង​មិន​ឲ្យ​ឯង​មាន​កូន​ដូច្នេះ

3. នោះ​នាង​និយាយ​ថា មើល​នុ៎ះន៏ ប៊ីលហា​ជា​បាវ​ស្រី​ខ្ញុំ សូម​ឲ្យ​អ្នក​ចូល​ទៅ​ឯ​វា​ចុះ ដើម្បី​ឲ្យ​វា​បាន​បង្កើត​កូន​ដាក់​នៅ​ភ្លៅ​ខ្ញុំ នោះ​ខ្ញុំ​នឹង​បាន​កូន​ដោយ‌សារ​វា

4. នាង​ក៏​ឲ្យ​ប៊ីលហា​ជា​បាវ​ស្រី​ទៅ​ធ្វើ​ជា​ប្រពន្ធ​យ៉ាកុប ហើយ​គាត់​ចូល​ទៅ​ឯ​នាង

5. ដូច្នេះ ប៊ីលហា​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ឲ្យ​យ៉ាកុប

6. នោះ​រ៉ាជែល​គិត​ថា ព្រះ​ទ្រង់​បាន​ជំនុំ‌ជំរះ​អញ ហើយ​បាន​ឮ​សំឡេង​អញ ព្រម​ទាំង​ឲ្យ​អញ​មាន​កូន​ប្រុស​១ នាង​ក៏​ឲ្យ​ឈ្មោះ​ថា ដាន់

7. រួច​ប៊ីលហា​ជា​បាវ​រ៉ាជែល​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត​ឲ្យ​យ៉ាកុប

8. ហើយ​រ៉ាជែល​នឹក​ថា អញ​បាន​ប្រណាំង​នឹង​បង​អញ​ជា​ខ្លាំង​ហើយ ក៏​បាន​ឈ្នះ​ផង នាង​ឲ្យ​ឈ្មោះ​ថា ណែប‌ថាលី។

9. កាល​លេអា​ឃើញ​ថា​ខ្លួន​មិន​មាន​កូន​ទៀត នោះ​នាង​យក​ស៊ីលផា ជា​បាវ​ស្រី​របស់​នាង ឲ្យ​ទៅ​ធ្វើ​ជា​ប្រពន្ធ​យ៉ាកុប​ដែរ

10. ស៊ីលផា​បាវ​ស្រី​លេអា​ក៏​បង្កើត​បាន​កូន​ប្រុស​១​ឲ្យ​យ៉ាកុប

11. នោះ​លេអា​នឹក​ថា មាន​សំណាង​ហើយ នាង​ក៏​ឲ្យ​ឈ្មោះ​ថា កាឌ់

12. រួច​ស៊ីលផា​បាវ​ស្រី​លេអា​ក៏​បង្កើត​កូន​១​ទៀត​ឲ្យ​យ៉ាកុប

13. នោះ​លេអា​នឹក​ថា ខ្ញុំ​សប្បាយ​ណាស់​ហើយ ដ្បិត​គ្រប់​ទាំង​ស្ត្រី​នឹង​ថា ខ្ញុំ​មាន​ពរ នាង​ក៏​ឲ្យ​ឈ្មោះ​ថា អេស៊ើ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 30