គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 3:2-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ស្ត្រី​ឆ្លើយ​តប​ថា យើង​បរិភោគ​អស់​ទាំង​ផ្លែ​ឈើ​នៅ​ក្នុង​សួន‌ច្បារ​បាន

3. តែ​ត្រង់​ដើម​ឈើ​១​ដែល​នៅ​កណ្តាល​សួន‌ច្បារ​នោះ ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​បរិភោគ​ផ្លែ​នោះ​ឡើយ ថែម​ទាំង​កុំ​ឲ្យ​ពាល់​ប៉ះ​ផង ក្រែង‌លោ​ស្លាប់

4. រួច​ពស់​ក៏​និយាយ​ទៅ​ស្ត្រី​ថា អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ

5. ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង

6. កាល​ស្ត្រី​បាន​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ជា​ដើម​ដែល​ល្មម​គួរ​នឹង​ចង់​បាន ដើម្បី​ឲ្យ​បាន​ប្រាជ្ញា នោះ​នាង​ក៏​យក​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ដល់​ប្ដី​ដែរ គាត់​ក៏​បរិភោគ​តាម

7. នោះ​ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​២​បាន​ភ្លឺ​ឡើង ហើយ​គេ​ដឹង​ថា​ខ្លួន​នៅ​ជា​អាក្រាត ក៏​យក​ស្លឹក​ល្វា​មក​ក្លាស់​ធ្វើ​ជា​ប្រដាប់​ប៉ឹង

8. រួច​មក​បាន​ឮ​សំឡេង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ដែល​ទ្រង់​យាង​ក្នុង​សួន‌ច្បារ​នៅ​ពេល​ថ្ងៃ​ល្ហើយ នោះ​អ័ដាម និង​ប្រពន្ធ​គាត់ ក៏​ពួន​នឹង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​កណ្តាល​ដើម​ឈើ​ក្នុង​សួន‌ច្បារ។

9. ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ហៅ​រក​អ័ដាម​ដោយ​ព្រះ‌បន្ទូល​ថា ឯង​នៅ​ឯ​ណា

10. គាត់​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​បាន​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​សួន‌ច្បារ ក៏​រត់​ទៅ​ពួន ដោយ​នឹក​ភ័យ​ខ្លាច ពី​ព្រោះ​នៅ​ខ្លួន​ទទេ

11. នោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អ្នក​ណា​ប្រាប់​ឲ្យ​ឯង​ដឹង​ថា ឯង​នៅ​ខ្លួន​ទទេ​ដូច្នេះ តើ​ឯង​បាន​ស៊ី​ផ្លែ​ឈើ​ដែល​អញ​ហាម​មិន​ឲ្យ​ស៊ី​ឬ​អី

12. អ័ដាម​ទូល​ទ្រង់​ថា ស្ត្រី​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​នៅ​ជា​មួយ​នឹង​ទូល‌បង្គំ វា​ឲ្យ​ផ្លែ​ឈើ​នោះ​មក​ទូល‌បង្គំ ទូល‌បង្គំ​ក៏​ទទួល​ទាន​ទៅ

13. រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​ស្ត្រី​ថា ឯង​បាន​ធ្វើ​អ្វី​ដូច្នោះ នាង​ទូល​ឆ្លើយ​ថា ពស់​វា​មក​ល្បួង​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​បាន​ទទួល​ទាន

14. រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពស់​ថា ដោយ​ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ នោះ​នៅ​ក្នុង​អស់​ទាំង​ពួក​សត្វ​ស្រុក សត្វ​ព្រៃ ឯង​ជា​សត្វ​ត្រូវ​បណ្តាសា​ហើយ គឺ​ឯង​ត្រូវ​លូន​តែ​នឹង​ពោះ ហើយ​ត្រូវ​ស៊ី​ធូលី​ដី​អស់​១​ជីវិត

15. អញ​នឹង​ធ្វើ​ឲ្យ​ឯង ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង និង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង‌ជើង​គេ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 3