គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 3:11-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. នោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អ្នក​ណា​ប្រាប់​ឲ្យ​ឯង​ដឹង​ថា ឯង​នៅ​ខ្លួន​ទទេ​ដូច្នេះ តើ​ឯង​បាន​ស៊ី​ផ្លែ​ឈើ​ដែល​អញ​ហាម​មិន​ឲ្យ​ស៊ី​ឬ​អី

12. អ័ដាម​ទូល​ទ្រង់​ថា ស្ត្រី​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​នៅ​ជា​មួយ​នឹង​ទូល‌បង្គំ វា​ឲ្យ​ផ្លែ​ឈើ​នោះ​មក​ទូល‌បង្គំ ទូល‌បង្គំ​ក៏​ទទួល​ទាន​ទៅ

13. រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​ស្ត្រី​ថា ឯង​បាន​ធ្វើ​អ្វី​ដូច្នោះ នាង​ទូល​ឆ្លើយ​ថា ពស់​វា​មក​ល្បួង​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​បាន​ទទួល​ទាន

14. រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពស់​ថា ដោយ​ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ នោះ​នៅ​ក្នុង​អស់​ទាំង​ពួក​សត្វ​ស្រុក សត្វ​ព្រៃ ឯង​ជា​សត្វ​ត្រូវ​បណ្តាសា​ហើយ គឺ​ឯង​ត្រូវ​លូន​តែ​នឹង​ពោះ ហើយ​ត្រូវ​ស៊ី​ធូលី​ដី​អស់​១​ជីវិត

15. អញ​នឹង​ធ្វើ​ឲ្យ​ឯង ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង និង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង‌ជើង​គេ

16. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​វិញ​ថា អញ​នឹង​ចំរើន​ឲ្យ​ឯង​មាន​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន​ឡើង ក្នុង​វេលា​ដែល​មាន​ផ្ទៃ​ពោះ ឯង​នឹង​បង្កើត​កូន​ដោយ​ឈឺ​ចាប់ ចិត្ត​ឯង​នឹង​ប្រាថ្នា​ខាង​ឯ​ប្ដី ហើយ​ប្ដី​នឹង​ត្រួត‌ត្រា​លើ​ឯង

17. រួច​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ័ដាម​ថា ដោយ​ព្រោះ​ឯង​បាន​ស្តាប់​តាម​ប្រពន្ធ​ឯង ហើយ​ស៊ី​ផ្លែ​ឈើ​នោះ ដែល​អញ​បាន​ហាម​មិន​ឲ្យ​ស៊ី​ឡើយ នោះ​ដី​ត្រូវ​បណ្តាសា​ដោយ​ព្រោះ​ឯង ឯង​ត្រូវ​រក​ស៊ី​ពី​ដី​ដោយ​នឿយ‌ហត់​អស់​១​ជីវិត

18. ដី​នឹង​ដុះ​ជា​បន្លា​ហើយ​នឹង​អញ្ចាញ​ឲ្យ​ឯង ឯង​ត្រូវ​ស៊ី​អស់​ទាំង​តិណ‌ជាតិ​ដែល​ដុះ​នៅ​ស្រែ​ចំការ

19. ឯង​នឹង​បាន​អាហារ​ស៊ី​ដោយ​ការ​បែក​ញើស ដរាប​ដល់​ឯង​ត្រឡប់​ទៅ​ជា​ដី​វិញ ពី​ព្រោះ​អញ​បាន​យក​ឯង​ពី​ដី​មក ដ្បិត​ឯង​ជា​ធូលី​ដី ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ

20. អ័ដាម​បាន​ឲ្យ​ឈ្មោះ​ប្រពន្ធ​គាត់​ថា «អេវ៉ា» ពី​ព្រោះ​នាង​ជា​ម្តាយ​នៃ​មនុស្ស​ទាំង​អស់

21. នោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ក៏​ធ្វើ​អាវ​ពី​ស្បែក ឲ្យ​អ័ដាម និង​ប្រពន្ធ​គាត់​ពាក់​បិទ​បាំង​កាយ។

22. រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល​មនុស្ស​បាន​ត្រឡប់​ដូច​ជា​យើង​១​ដែរ ទាំង​ដឹង​ខុស​ត្រូវ​ផង ឥឡូវ​ខ្លាច​ក្រែង​វា​លូក​ដៃ​ទៅ​បេះ​ផ្លែ​ជីវិត​ស៊ី​ទៀត ហើយ​រស់​ជា​រៀង‌រាប​ដរាប​ទៅ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 3