គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 29:14-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ឡាបាន់​និយាយ​ថា ឯង​ជា​សាច់​ឈាម​របស់​អញ​ពិត​មែន រួច​យ៉ាកុប​ក៏​នៅ​ជា​មួយ​នឹង​គាត់​១​ខែ។

15. ឡាបាន់​និយាយ​ទៅ​យ៉ាកុប​ថា តើ​ត្រូវ​ឲ្យ​ឯង​បំរើ​អញ​ទទេ ដោយ​ព្រោះ​តែ​ឯង​ជា​បង​ប្អូន​នឹង​អញ​ឬ​អី ចូរ​ប្រាប់​អញ​ចុះ តើ​ឯង​ចង់​បាន​ឈ្នួល​ជា​អ្វី

16. រីឯ​ឡាបាន់​គាត់​មាន​កូន​ស្រី​២ កូន​ច្បង​ឈ្មោះ​លេអា ហើយ​កូន​ពៅ​ឈ្មោះ​រ៉ាជែល

17. នាង​លេអា​មាន​ភ្នែក​ទន់ ឯ​រ៉ាជែល​មាន​រូប‌ឆោម​លោម‌ពណ៌​ស្រស់‌បស់​ល្អ​ណាស់

18. ឯ​យ៉ាកុប​គាត់​ចាប់​ចិត្ត​ស្រឡាញ់​រ៉ាជែល ហើយ​ក៏​និយាយ​ថា ខ្ញុំ​សូម​នៅ​បំរើ​ឪពុក​ធំ​៧​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល​ជា​កូន​ពៅ​របស់​លោក

19. ឡាបាន់​តប​ថា អើ ដែល​អញ​ឲ្យ​វា​ដល់​ឯង នោះ​ល្អ​ជា​ជាង​ឲ្យ​ដល់​គេ ដូច្នេះ ចូរ​នៅ​ជា​មួយ​នឹង​អញ​ចុះ

20. យ៉ាកុប​ក៏​ខំ​បំរើ​អស់​៧​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល តែ​នោះ​មើល​ទៅ​ដូច​ជា​បួន​ដប់​ថ្ងៃ​ទេ ដោយ​ព្រោះ​គាត់​ស្រឡាញ់​ដល់​នាង​ណាស់។

21. រួច​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​មក​ខ្ញុំ ពី​ព្រោះ​ដល់​កំណត់​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ឯ​នាង

22. ឡាបាន់​ក៏​អញ្ជើញ​មនុស្ស​នៅ​ទី​នោះ​ទាំង​អស់​មក ហើយ​រៀប​ជប់‌លៀង​ដល់​គេ

23. ដល់​ពេល​យប់ ឡាបាន់​ប្តូរ​យក​លេអា​ជា​កូន​ច្បង​ទៅ​ឲ្យ​គាត់ នោះ​គាត់​ក៏​ចូល​ទៅ​ឯ​នាង

24. ឡាបាន់​ឲ្យ​ស៊ីលផា ជា​បាវ​ស្រី​របស់​ខ្លួន​ទៅ​បំរើ​ដល់​លេអា

25. លុះ​ព្រឹក​ឡើង នោះ​ស្រាប់​តែ​ឃើញ​ថា​ជា​នាង​លេអា​ទេ រួច​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា តើ​លោក​ឪពុក​បាន​ធ្វើ​អ្វី​ដល់​ខ្ញុំ​ដូច្នេះ ក្រែង​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​នេះ ដើម្បី​ឲ្យ​បាន​តែ​រ៉ាជែល​មែន​ឬ​មិន​មែន ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ដូច្នេះ

26. ឡាបាន់​ឆ្លើយ​ថា នៅ​ស្រុក​យើង​នេះ គេ​មិន​ដែល​ឲ្យ​ប្អូន​មុន​បង​ដូច្នោះ​ទេ

27. ចូរ​ឯង​នៅ​គ្រប់​១​អាទិត្យ​នឹង​នាង​នេះ​សិន រួច​សឹម​យើង​ឲ្យ​នាង​នោះ​ទៅ​ឯង​ដែរ ទុក​ជា​ឈ្នួល​ការ​ដែល​ឯង​នឹង​បំរើ​អញ​៧​ឆ្នាំ​ទៀត

សូមអានជំពូកពេញលេញ លោកុប្បត្តិ 29