គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 28:5-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. នោះ​អ៊ីសាក​ឲ្យ​យ៉ាកុប​ទៅ គាត់​ក៏​ទៅ​ឯ​ស្រុក​ប៉ាដាន់-អើរ៉ាម ដល់​ឡាបាន់​ជា​កូន​បេធូ‌អែល​សាសន៍​អើរ៉ាម ជា​បង​រេបិកា​ដែល​ជា​ម្តាយ​យ៉ាកុប​ហើយ​នឹង​អេសាវ។

6. រីឯ​អេសាវ​គាត់​ឃើញ​ថា អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប ព្រម​ទាំង​ឲ្យ​គាត់​ទៅ​ឯ​ស្រុក​ប៉ាដាន់-អើរ៉ាម ដើម្បី​នឹង​យក​ប្រពន្ធ​ពី​នោះ​មក ហើយ​ថា ក្នុង​ខណៈ​ដែល​ឲ្យ​ពរ​នោះ គាត់​ក៏​ផ្តាំ​ថា កុំ​ឲ្យ​ឯង​យក​ប្រពន្ធ​ក្នុង​ពួក​កូន​ស្រី​ស្រុក​កាណាន​ឡើយ

7. ហើយ​ឃើញ​ថា យ៉ាកុប​បាន​ស្តាប់​តាម ឪពុក​ម្តាយ​ហើយ ទាំង​ចេញ​ទៅ​ឯ​ស្រុក​ប៉ាដាន់-អើរ៉ាម​ផង

8. ដូច្នេះ អេសាវ​យល់​ថា កូន​ស្រី​កាណាន​មិន​ជា​ទី​ពេញ​ចិត្ត​ដល់​អ៊ីសាក​ជា​ឪពុក​ខ្លួន​ទេ

9. នោះ​គាត់​ទៅ​ឯ​អ៊ីស‌ម៉ា‌អែល យក​នាង​ម៉ាហា‌ឡាត់ ប្អូន​នេបា‌យ៉ូត ជា​កូន​អ៊ីស‌ម៉ា‌អែល ចៅ​អ័ប្រា‌ហាំ មក​ធ្វើ​ជា​ប្រពន្ធ​ថែម​ទៀត។

10. ឯ​យ៉ាកុប គាត់​ចេញ​ពី​បៀរ-សេបា ទៅ​ឯ​ខារ៉ាន

11. បាន​ដល់​កន្លែង​១ ក៏​សំណាក់​នៅ​ទី​នោះ​១​យប់ ពី​ព្រោះ​ថ្ងៃ​លិច​ហើយ គាត់​យក​ថ្ម​នៅ​ទី​នោះ​មក​កើយ​ក្បាល​ដេក​លក់​ទៅ

12. គាត់​យល់​សប្តិ​ឃើញ​ថា មាន​ជណ្តើរ​១​បញ្ឈរ​នៅ​លើ​ដី មាន​ចុង​ទល់​នឹង​ផ្ទៃ​មេឃ ក៏​ឃើញ​មាន​ពួក​ទេវតា​របស់​ព្រះ​ឡើង​ចុះ​តាម​ជណ្តើរ​នោះ

13. ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​ពី​លើ​ជណ្តើរ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ជីតា​ឯង ហើយ​ជា​ព្រះ​នៃ​អ៊ីសាក ឯ​ដី​ដែល​ឯង​ដេក​នៅ​នេះ អញ​នឹង​ឲ្យ​ដល់​ឯង ហើយ​នឹង​ពូជ​ឯង​ត​ទៅ

14. ពូជ​ឯង​នឹង​មាន​គ្នា​ច្រើន​ដូច​ជា​ធូលី​ដី ហើយ​ឯង​នឹង​បាន​វាត​ទី​ទៅ​ខាង​លិច ខាង​កើត ខាង​ជើង ហើយ​ខាង​ត្បូង គ្រប់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ឯង និង​ពូជ​ឯង

15. មើល អញ​នៅ​ជា​មួយ​នឹង​ឯង អញ​នឹង​ថែ​រក្សា​ឯង​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ ហើយ​នឹង​ថែ​រក្សា​ឯង​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ ហើយ​នឹង​នាំ​ឯង​មក​ក្នុង​ស្រុក​នេះ​វិញ ពី​ព្រោះ​អញ​មិន​ចោល​ឯង​ឡើយ ទាល់​តែ​អញ​បាន​ធ្វើ​សំរេច​សេចក្ដី​ដែល​អញ​បាន​ប្រាប់​ឯង​ហើយ។

16. នោះ​យ៉ាកុប​គាត់​ភ្ញាក់​ពី​ដេក​ឡើង ក៏​នឹក​ក្នុង​ចិត្ត​ថា ពិត​ប្រាកដ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នេះ​ហើយ តែ​អញ​មិន​បាន​ដឹង​ទេ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 28