គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 27:2-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. នោះ​គាត់​ប្រាប់​ថា មើល ឥឡូវ​នេះ អញ​ចាស់​ហើយ មិន​ដឹង​ជា​ថ្ងៃ​ណា​ដែល​អញ​នឹង​ត្រូវ​ស្លាប់​ទេ

3. ដូច្នេះ ចូរ​ឯង​យក​គ្រឿង​ប្រដាប់​មក​ឥឡូវ គឺ​បំពង់​ព្រួញ និង​ធ្នូ ហើយ​ចេញ​ទៅ​ឯ​វាល ដើម្បី​នឹង​បាញ់​សត្វ​យក​មក

4. រួច​រៀប​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​តាម​ដែល​អញ​ចូល​ចិត្ត មក​ឲ្យ​អញ​ស៊ី​ម្តង ដើម្បី​ឲ្យ​អញ​ឲ្យ​ពរ​ដល់​ឯង ក្នុង​ពេល​មុន​ដែល​អញ​ស្លាប់

5. ដូច្នេះ អេសាវ​ក៏​ចេញ​ទៅ​ឯ​វាល ដើម្បី​នឹង​បាញ់​សត្វ​យក​មក​ជូន​ឪពុក ឯ​រេបិកា កាល​អ៊ីសាក​កំពុង​តែ​និយាយ​នឹង​អេសាវ​ជា​កូន នោះ​នាង​ក៏​ឮ​ដែរ។

6. រួច​រេបិកា​ប្រាប់​យ៉ាកុប​ជា​កូន​ថា មើល អញ​ឮ​ឪពុក​ឯង​និយាយ​នឹង​អេសាវ​បង​ឯង​ថា

7. ចូរ​ទៅ​បាញ់​សត្វ​យក​មក​រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​អញ​ស៊ី​ម្តង ដើម្បី​ឲ្យ​អញ​បាន​ឲ្យ​ពរ​ដល់​ឯង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មុន​ពេល​ដែល​អញ​ស្លាប់

8. ដូច្នេះ កូន​អើយ ចូរ​ឯង​ស្តាប់​តាម​បង្គាប់​អញ​ចុះ

9. ចូរ​ទៅ​ឯ​ហ្វូង​សត្វ យក​កូន​ពពែ​២​យ៉ាង​ល្អ​មក​ឥឡូវ អញ​នឹង​រៀប​ជា​ម្ហូប​ឲ្យ​យ៉ាង​ឆ្ងាញ់​ជូន​ឪពុក​ឯង តាម​ដែល​គាត់​ចូល​ចិត្ត

10. រួច​សឹម​ឯង​យក​ទៅ​ជូន​ឪពុក​ពិសា​ទៅ ដើម្បី​ឲ្យ​គាត់​បាន​ឲ្យ​ពរ​ដល់​ឯង​វិញ មុន​ពេល​ដែល​គាត់​ស្លាប់

11. តែ​យ៉ាកុប​ឆ្លើយ​ទៅ​ម្តាយ​ថា មើល អេសាវ​បង​ខ្ញុំ​មាន​រោម​ដុះ​ស្មូញ‌ស្មាញ តែ​ខ្ញុំ​គ្មាន​ទេ

12. ក្រែង‌លោ​ឪពុក​ស្ទាប​ខ្ញុំ រួច​នឹង​មើល​ទៅ​ដូច​ជា​អ្នក​ឆ‌បោក​ដល់​គាត់ ដូច្នេះ មិន​មែន​នាំ​ឲ្យ​បាន​ពរ​ទេ​គឺ​នឹង​នាំ​ឲ្យ​ខ្ញុំ​ត្រូវ​បណ្តាសា​វិញ

13. នោះ​ម្តាយ​ប្រាប់​ថា កូន​អើយ សូម​ឲ្យ​សេចក្ដី​បណ្តាសា​នោះ​ធ្លាក់​មក​លើ​អញ​វិញ​ចុះ ឲ្យ​ឯង​គ្រាន់​តែ​ស្តាប់​តាម​អញ ហើយ​ទៅ​យក​ពពែ​មក​ឲ្យ​ប៉ុណ្ណោះ

14. គាត់​ក៏​ទៅ​យក​មក រួច​ម្តាយ​តាំង​រៀប​ចាត់‌ចែង​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​អ៊ីសាក​ធ្លាប់​ចូល​ចិត្ត

15. រេបិកា​នាង​យក​សំលៀក‌បំពាក់​យ៉ាង​ល្អ​របស់​អេសាវ ជា​កូន​ច្បង ដែល​នៅ​នឹង​នាង​ក្នុង​ផ្ទះ មក​បំពាក់​ឲ្យ​យ៉ាកុប​ជា​កូន​ពៅ​វិញ

16. នាង​ដាក់​ស្បែក​ពពែ​ភ្ជាប់​នៅ​ដៃ ហើយ​នឹង​កញ្ចឹង‌ក​ផង

17. រួច​ប្រគល់​ម្ហូប​ដ៏​ឆ្ងាញ់​នោះ និង​នំបុ័ង​ដែល​បាន​ធ្វើ​ដល់​យ៉ាកុប​ជា​កូន ឲ្យ​ទ្រនាំ​យក​ទៅ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 27