គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 27:15-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. រេបិកា​នាង​យក​សំលៀក‌បំពាក់​យ៉ាង​ល្អ​របស់​អេសាវ ជា​កូន​ច្បង ដែល​នៅ​នឹង​នាង​ក្នុង​ផ្ទះ មក​បំពាក់​ឲ្យ​យ៉ាកុប​ជា​កូន​ពៅ​វិញ

16. នាង​ដាក់​ស្បែក​ពពែ​ភ្ជាប់​នៅ​ដៃ ហើយ​នឹង​កញ្ចឹង‌ក​ផង

17. រួច​ប្រគល់​ម្ហូប​ដ៏​ឆ្ងាញ់​នោះ និង​នំបុ័ង​ដែល​បាន​ធ្វើ​ដល់​យ៉ាកុប​ជា​កូន ឲ្យ​ទ្រនាំ​យក​ទៅ។

18. គាត់​ក៏​ចូល​ទៅ​ឯ​ឪពុក​ជំរាប​ថា លោក​ឪពុក​អើយ ឪពុក​ឆ្លើយ​ថា អី​កូន ឯង​ជា​អ្នក​ណា​ហ្នឹង

19. យ៉ាកុប​ឆ្លើយ​ថា ខ្ញុំ​នេះ​ជា​អេសាវ​កូន​ច្បង​របស់​លោក​ឪពុក ឥឡូវ​ខ្ញុំ​បាន​ធ្វើ​ដូច​ជា​លោក​ឪពុក​បាន​បង្គាប់​ហើយ អញ្ជើញ​ក្រោក​អង្គុយ​ឡើង​ពិសា​សាច់​ដែល​ខ្ញុំ​បាញ់​មក​ចុះ ដើម្បី​ឲ្យ​លោក​ឪពុក​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ

20. អ៊ីសាក​សួរ​ថា កូន​អើយ ម្តេច​ឡើយ​បាន​ជា​ឯង​រក​បាន​ឆាប់​ដល់​ម៉្លេះ នោះ​គាត់​ឆ្លើយ​ថា ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ឪពុក​ទ្រង់​បាន​ជួយ​ខ្ញុំ

21. អ៊ីសាក​និយាយ​ទៅ​យ៉ាកុប​ថា កូន​អើយ ចូរ​ឯង​មក​ជិត ដើម្បី​អញ​នឹង​ស្ទាប​ឯង​មើល​ឲ្យ​ដឹង បើ​ឯង​ជា​អេសាវ​កូន​អញ​ពិត​មែន

22. យ៉ាកុប​ក៏​ចូល​ទៅ​ជិត​អ៊ីសាក​ឪពុក​ខ្លួន ហើយ​គាត់​ស្ទាប​មើល រួច​និយាយ​ថា សំឡេង​ជា​សំឡេង​យ៉ាកុប តែ​ដៃ​ជា​ដៃ​អេសាវ​ពិត

23. គាត់​មិន​បាន​ជា​សំគាល់​ទេ ដ្បិត​ដៃ​នោះ​មាន​រោម​ដូច​ជា​ដៃ​អេសាវ​ជា​បង​ដែរ ដូច្នេះ គាត់​ក៏​ឲ្យ​ពរ

24. តែ​គាត់​បញ្ជាក់​ថា ឯង​ជា​អេសាវ​កូន​អញ​ពិត​មែន​ឬ​អី រួច​យ៉ាកុប​ឆ្លើយ​ថា ខ្ញុំ​ពិត​មែន​ហើយ

25. នោះ​គាត់​និយាយ​ថា ចូរ​ដាក់​ម្ហូប​ជិត​អញ​មក ឲ្យ​អញ​ស៊ី​សាច់​ដែល​ឯង​បាន​បាញ់ ដើម្បី​ឲ្យ​អញ​បាន​ឲ្យ​ពរ​ដល់​ឯង យ៉ាកុប​ក៏​យក​ទៅ​ដាក់​នៅ​ជិត​ឪពុក ហើយ​គាត់​ក៏​ពិសា​ទៅ រួច​យក​ស្រា​ទំពាំង‌បាយ‌ជូរ​មក​ជូន​ដែរ គាត់​ក៏​ពិសា​ទៀត

26. អ៊ីសាក​ឪពុក​គាត់​ប្រាប់​ថា ឥឡូវ​នេះ ចូរ​ឯង​មក​ថើប​អញ កូន​អើយ

27. យ៉ាកុប​ក៏​ចូល​ទៅ​ថើប ហើយ​គាត់​ក៏​ធុំ​ក្លិន​សំលៀក‌បំពាក់​នោះ រួច​គាត់​ឲ្យ​ពរ​ថា មើល ក្លិន​កូន​អញ​ដូច​ជា​ក្លិន​នៃ​វាល ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ឲ្យ

28. សូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​សន្សើម​ពី​លើ​មេឃ ហើយ​ផល​ពី​ផែនដី ជា​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​បរិបូរ​ដល់​ឯង

29. ឲ្យ​មាន​នគរ​នានា​បំរើ​ដល់​ឯង ហើយ​សាសន៍​ផ្សេងៗ​ក្រាប​ចុះ​ចំពោះ​ឯង ឲ្យ​ឯង​បាន​ជា​ចៅ‌ហ្វាយ​លើ​បង​ប្អូន​ឯង ហើយ​ឲ្យ​កូន​ពោះ​មួយ​នឹង​ឯង​បាន​ក្រាប​គោរព​ដល់​ឯង​ដែរ សូម​ឲ្យ​ត្រូវ​បណ្តាសា​ដល់​អ្នក​ណា​ដែល​ផ្តាសា​ឯង ហើយ​ឲ្យ​បាន​ពរ​ដល់​អ្នក​ណា​ដែល​ឲ្យ​ពរ​ឯង។

30. កាល​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប​រួច​ជា​ស្រេច ហើយ​យ៉ាកុប​ចេញ​ពី​អ៊ីសាក ជា​ឪពុក ទៅ​សឹង​តែ​មិន​ទាន់ នោះ​អេសាវ​ជា​បង​ក៏​វិល​មក​ពី​បាញ់​សត្វ​វិញ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 27