គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 26:6-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. នោះ​អ៊ីសាក​ក៏​នៅ​ក្នុង​ស្រុក​កេរ៉ា

7. ហើយ​មនុស្ស​នៅ​ស្រុក​នោះ​គេ​សួរ​ពី​ដំណើរ​ប្រពន្ធ​គាត់ នោះ​គាត់​ប្រាប់​ថា គឺ​ជា​ប្អូន​ខ្ញុំ​ទេ ដ្បិត​គាត់​ខ្លាច​មិន​ហ៊ាន​ប្រាប់​ថា​ជា​ប្រពន្ធ​ឡើយ ក្រែង​មនុស្ស​ស្រុក​នោះ​សំឡាប់​គាត់​ដោយ​ព្រោះ​រេបិកា ព្រោះ​នាង​មាន​រូប​ស្រស់​ល្អ​ណាស់

8. កាល​គាត់​បាន​នៅ​ស្រុក​នោះ​ជា​យូរ​ទៅ អ័ប៊ី‌ម៉្មា‌ឡិច ស្តេច​សាសន៍​ភីលីស្ទីន ក៏​ទត​តាម​បង្អួច​មក ឃើញ​អ៊ីសាក​កំពុង​ប្រឡែង​នឹង​រេបិកា​ជា​ប្រពន្ធ

9. អ័ប៊ី‌ម៉្មា‌ឡិច​ទ្រង់​ហៅ​អ៊ីសាក​មក​សួរ​ថា នេះ​ប្រាកដ​ជា​ប្រពន្ធ​អ្នក​ពិត ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​និយាយ​ថា នាង​ជា​ប្អូន​វិញ​ដូច្នេះ រួច​អ៊ីសាក​ទូល​ឆ្លើយ​ថា ពី​ព្រោះ​ទូល‌បង្គំ​នឹក​ខ្លាច​ក្រែង​ទូល‌បង្គំ​ត្រូវ​ស្លាប់​ដោយ​ព្រោះ​នាង

10. អ័ប៊ី‌ម៉្មា‌ឡិច​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ ក្រែង​មាន​ពួក​រាស្ត្រ​ណា​មួយ​បាន​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​អ្នក យ៉ាង​នោះ​នឹង​នាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ទោស​ដែរ

11. រួច​អ័ប៊ី‌ម៉្មា‌ឡិច​ទ្រង់​ហាម​ដល់​រាស្ត្រ​ទាំង​អស់​ថា អ្នក​ណា​ដែល​ពាល់​មនុស្ស​នេះ ឬ​ប្រពន្ធ​គាត់ នោះ​នឹង​ត្រូវ​សំឡាប់​ជា​ពិត។

12. អ៊ីសាក​គាត់​ក៏​សាប‌ព្រោះ​នៅ​ស្រុក​នោះ ហើយ​នៅ​ឆ្នាំ​នោះ​ឯង​គាត់​បាន​ផល​១​ជា​១​រយ​ភាគ​ឡើង​ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ពរ​ឲ្យ

13. គាត់​ក៏​ត្រឡប់​បាន​ជា​អ្នក​មាន ហើយ​ចេះ​តែ​ចំរើន​ជា​ច្រើន​ឡើង ទាល់​តែ​មាន​យ៉ាង​ស្តុក‌ស្តម្ភ

14. គាត់​មាន​ហ្វូង​ចៀម​ហ្វូង​គោ ហើយ​នឹង​បាវ​បំរើ​ជា​ច្រើន ឯ​ពួក​ភីលីស្ទីន​គេ​ក៏​កើត​មាន​សេចក្ដី​ច្រណែន​នឹង​គាត់

15. ហើយ​អណ្តូង​ទាំង​ប៉ុន្មាន​ដែល​ពួក​បាវ​របស់​ឪពុក​បាន​ជីក ពី​កាល​ដែល​នៅ​រស់​នៅ​ឡើយ នោះ​ពួក​ភីលីស្ទីន​គេ​លុប​ដី​ពេញ​ទាំង​អស់​ទៅ

16. រួច​អ័ប៊ី‌ម៉្មា‌ឡិច​មាន​ព្រះ‌បន្ទូល​នឹង​អ៊ីសាក​ថា ត្រូវ​ឲ្យ​អ្នក​ថយ​ចេញ​ពី​យើង​ទៅ ពី​ព្រោះ​អ្នក​ពូកែ​ជាង​យើង​ហើយ។

17. អ៊ីសាក​ចេញ​ពី​ទី​នោះ ទៅ​ដំឡើង​ត្រសាល​ត្រង់​វាល​ច្រក​កេរ៉ា ហើយ​ក៏​អាស្រ័យ​នៅ​ឯ​នោះ​វិញ

18. រួច​គាត់​ស្តារ​អណ្តូង​ទឹក​ទាំង​ប៉ុន្មាន​នោះ ដែល​គេ​បាន​ជីក​នៅ​ជាន់​អ័ប្រា‌ហាំ​ជា​ឪពុក​គាត់​ឡើង​វិញ ពី​ព្រោះ​ពួក​ភីលីស្ទីន​បាន​លុប​ទាំង​អស់​ក្រោយ​ដែល​អ័ប្រា‌ហាំ​ស្លាប់​ទៅ រួច​គាត់​ដាក់​ឈ្មោះ​អណ្តូង​ទាំង​នោះ​តាម​ឈ្មោះ​ដែល​ឪពុក​បាន​ដាក់​មក​ដែរ

19. ពួក​បាវ​របស់​អ៊ីសាក​ក៏​ជីក​អណ្តូង​១​នៅ​ក្នុង​វាល​ច្រក​នោះ បាន​ទឹក​ដ៏​ហូរ‌ហៀរ

20. ឯ​ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​ក៏​ប្រឈ្លោះ​គ្នា​នឹង​ពួក​គង្វាល​របស់​អ៊ីសាក​ថា ទឹក​នេះ​ជា​របស់​ផង​យើង រួច​គាត់​ហៅ​អណ្តូង​នោះ​ថា អេសែក ពី​ព្រោះ​គេ​បាន​ឈ្លោះ​នឹង​គាត់

21. នោះ​ក៏​ជីក​អណ្តូង​១​ទៀត ហើយ​គេ​ឈ្លោះ​គ្នា​ពី​អណ្តូង​នោះ​ដែរ រួច​គាត់​ហៅ​អណ្តូង​នោះ​ថា ស៊ីតន៉ា

22. គាត់​ចេញ​ពី​ទី​នោះ​ទៅ​ជីក​អណ្តូង​១​ទៀត តែ​ឥត​មាន​ឈ្លោះ​គ្នា​ពី​អណ្តូង​នោះ​ទេ បាន​ជា​គាត់​ដាក់​ឈ្មោះ​ថា រេហូ‌បូត ដោយ​និយាយ​ថា ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​បាន​ទូលាយ​ហើយ យើង​នឹង​បាន​ចំរើន​ឡើង​ក្នុង​ស្រុក​នេះ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 26