គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 25:24-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. លុះ​នាង​គ្រប់​ខែ​ហើយ នោះ​មើល មាន​កូន​ភ្លោះ​តាំង​នៅ​ក្នុង​ផ្ទៃ​នាង

25. កូន​ដែល​កើត​មក​មុន នោះ​មាន​សម្បុរ​ក្រហម​ទង់‌ដែង​នៅ​ពេញ​ខ្លួន វិស័យ​ដូច​ជា​អាវ​រោម គេ​បាន​ឲ្យ​ឈ្មោះ​ថា​អេសាវ

26. បន្ទាប់​នោះ កូន​ប្អូន​ក៏​ចេញ​មក ទាំង​មាន​ដៃ​កាន់​កែង‌ជើង​អេសាវ នោះ​គេ​ឲ្យ​ឈ្មោះ​ថា​យ៉ាកុប ឯ​អ៊ីសាក​គាត់​មាន​អាយុ​៦០​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​នាង​បង្កើត​កូន​មក

27. កូន​ទាំង​២​នោះ​ក៏​ធំ​ឡើង អេសាវ​បាន​ទៅ​ជា​អ្នក​ចំណាន​ខាង​ឯ​វិជ្ជា​ព្រាន​ប្រមាញ់ ជា​មនុស្ស​នៅ​តែ​ទី​វាល ឯ​យ៉ាកុប​ជា​មនុស្ស​រម‌ទម នៅ​តែ​ក្នុង​ត្រសាល​វិញ

28. អ៊ីសាក​ក៏​ស្រឡាញ់​ពេញ​ចិត្ត​ចំពោះ​អេសាវ ដោយ​ព្រោះ​ធ្លាប់​បាន​បរិភោគ​សាច់​ក្តាន់​របស់​គាត់ ឯ​រេបិកា នាង​ស្រឡាញ់​យ៉ាកុប​វិញ។

29. សម័យ​១​យ៉ាកុប​កំពុង​តែ​ស្ល​សំឡ នោះ​អេសាវ​មក​ពី​វាល​ទាំង​ហេវ

30. ក៏​និយាយ​ថា សូម​ចែក​សំឡ​ក្រហម​នោះ​ឲ្យ​បង​បរិភោគ​ផង ដ្បិត​បង​ហេវ​ណាស់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ឈ្មោះ​គាត់​ថា​អេដំម​វិញ

31. តែ​យ៉ាកុប​និយាយ​ថា សូម​ឲ្យ​បង​ផ្ទេរ​អំណាច​មរដក​របស់​បង​ច្បង​មក​ឲ្យ​ខ្ញុំ​សិន

32. នោះ​អេសាវ​ឆ្លើយ​ថា បង​ស្លាប់​ឥឡូវ​ហើយ ដូច្នេះ តើ​អំណាច​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​បង​ទៀត

33. យ៉ាកុប​ក៏​និយាយ​ថា ចូរ​ស្បថ​ឲ្យ​ខ្ញុំ​ឥឡូវ​ចុះ រួច​គាត់​ក៏​ស្បថ​ឲ្យ ហើយ​លក់​អំណាច​នោះ​ឲ្យ​ដល់​យ៉ាកុប​ទៅ

34. យ៉ាកុប​ក៏​ឲ្យ​នំបុ័ង និង​សំឡ​សណ្តែក‌បាយ​ដល់​អេសាវ គាត់​ក៏​បរិភោគ រួច​ក្រោក​ដើរ​ចេញ​បាត់​ទៅ អេសាវ​បាន​មើល‌ងាយ​អំណាច​មរដក​នៃ​បង​ច្បង​របស់​ខ្លួន​ដោយ​អាការ​យ៉ាង​ដូច្នោះ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 25