គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 25:18-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ឯ​ពូជ​គាត់​ទាំង​នោះ​គេ​អាស្រ័យ​នៅ ចាប់​តាំង​ពី​ហាវីឡា​រហូត​ដល់​ស៊ើរ ជា​ស្រុក​ដែល​នៅ​ខាង​មុខ​ស្រុក​អេស៊ីព្ទ តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ គាត់​ក៏​ស្លាប់​នៅ​ចំពោះ​មុខ​នៃ​ពួក​បង​ប្អូន​គាត់​ទាំង​អស់​គ្នា។

19. ហើយ​នេះ​ជា​ដំណ​វង្ស ពី​អ៊ីសាក ជា​កូន​អ័ប្រា‌ហាំ គឺ​អ័ប្រា‌ហាំ​បាន​បង្កើត​អ៊ីសាក

20. ឯ​អ៊ីសាក កាល​យក​រេបិកា​ជា​កូន​បេធូ‌អែល​សាសន៍​អើរ៉ាម ជា​អ្នក​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ដែល​នាង​ជា​ប្អូន​ឡាបាន់​មក​ធ្វើ​ជា​ប្រពន្ធ នោះ​គាត់​មាន​អាយុ​៤០​ឆ្នាំ​ហើយ

21. អ៊ីសាក​គាត់​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ពី​ដំណើរ​ប្រពន្ធ​គាត់ ពី​ព្រោះ​នាង​ជា​ស្ត្រី​អារ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ទទួល​ព្រម​តាម រួច​នាង​ក៏​មាន​ទំងន់

22. ឯ​កូន​ក្នុង​ផ្ទៃ​នាង​វា​ប្រធាក់​គ្នា នាង​ក៏​និយាយ​ថា បើ​ដូច្នេះ តើ​នឹង​កើត​មាន​ជា​ដូច​ម្តេច​ទៅ រួច​នាង​ទៅ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា

23. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​នាង​ថា មាន​នគរ​២​នៅ​ក្នុង​ផ្ទៃ​ឯង គឺ​នឹង​មាន​សាសន៍​២​ចេញ​ពី​ពោះ​ឯង​មក សាសន៍​១​នឹង​បាន​ខ្លាំង​ជាង​សាសន៍​១ គឺ​កូន​ច្បង​នឹង​ត្រូវ​បំរើ​ប្អូន។

24. លុះ​នាង​គ្រប់​ខែ​ហើយ នោះ​មើល មាន​កូន​ភ្លោះ​តាំង​នៅ​ក្នុង​ផ្ទៃ​នាង

25. កូន​ដែល​កើត​មក​មុន នោះ​មាន​សម្បុរ​ក្រហម​ទង់‌ដែង​នៅ​ពេញ​ខ្លួន វិស័យ​ដូច​ជា​អាវ​រោម គេ​បាន​ឲ្យ​ឈ្មោះ​ថា​អេសាវ

26. បន្ទាប់​នោះ កូន​ប្អូន​ក៏​ចេញ​មក ទាំង​មាន​ដៃ​កាន់​កែង‌ជើង​អេសាវ នោះ​គេ​ឲ្យ​ឈ្មោះ​ថា​យ៉ាកុប ឯ​អ៊ីសាក​គាត់​មាន​អាយុ​៦០​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​នាង​បង្កើត​កូន​មក

27. កូន​ទាំង​២​នោះ​ក៏​ធំ​ឡើង អេសាវ​បាន​ទៅ​ជា​អ្នក​ចំណាន​ខាង​ឯ​វិជ្ជា​ព្រាន​ប្រមាញ់ ជា​មនុស្ស​នៅ​តែ​ទី​វាល ឯ​យ៉ាកុប​ជា​មនុស្ស​រម‌ទម នៅ​តែ​ក្នុង​ត្រសាល​វិញ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 25