គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 24:9-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. នោះ​បាវ​បាន​ដាក់​ដៃ​ក្រោម​ភ្លៅ​អ័ប្រា‌ហាំ​ចៅ‌ហ្វាយ​ខ្លួន ហើយ​ក៏​ស្បថ​នឹង​គាត់​ពី​ដំណើរ​នោះ។

10. បាវ​នោះ​ក៏​យក​អូដ្ឋ​១០​ពី​ហ្វូង​អូដ្ឋ​របស់​ចៅ‌ហ្វាយ​ខ្លួន​ចេញ​ទៅ ពី​ព្រោះ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​ចៅ‌ហ្វាយ​គាត់ ក៏​នៅ​ក្រោម​អំណាច​គាត់​ទាំង​អស់ គាត់​ក្រោក​ឡើង​ទៅ​ឯ​ស្រុក​អើរ៉ាម​ដែល​នៅ​កណ្តាល​ទន្លេ​ទាំង​២ គឺ​ដល់​ទី​ក្រុង​របស់​ណាឃរ

11. គាត់​ឲ្យ​សត្វ​អូដ្ឋ​លុត​ជង្គង់​នៅ​ខាង​ក្រៅ​ទី​ក្រុង​ជិត​អណ្តូង​ទឹក នៅ​ពេល​ល្ងាច គឺ​ជា​ពេល​ដែល​ពួក​ស្រីៗ​ធ្លាប់​ចេញ​មក​ដង​ទឹក

12. រួច​ក៏​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ចៅ‌ហ្វាយ​ទូល‌បង្គំ​អើយ នៅ​ថ្ងៃ​នេះ​សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ សូម​សំដែង​សេចក្ដី​សប្បុរស​ដល់​អ័ប្រា‌ហាំ ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ​ផង

13. មើល ទូល‌បង្គំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ ដូច្នេះ កាល​ណា​ពួក​កូន​ស្រី​របស់​មនុស្ស​ក្នុង​ក្រុង​នេះ​ចេញ​មក​ដង​ទឹក

14. នោះ​នាង​ក្រមុំ​ណា​ដែល​ទូល‌បង្គំ​និយាយ​ថា សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​ផឹក​ផង ហើយ​នាង​នោះ​នឹង​ឆ្លើយ​មក​ថា អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​ផឹក​ដែរ សូម​ឲ្យ​ត្រូវ​ត្រង់​រូប​ស្ត្រី​នោះ​ឯង ដែល​ទ្រង់​ដំរូវ​ឲ្យ​អ៊ីសាក​ជា​អ្នក​បំរើ​ទ្រង់ យ៉ាង​នោះ​ទូល‌បង្គំ​នឹង​ដឹង​ថា ទ្រង់​បាន​សំដែង​សេចក្ដី​សប្បុរស​ចំពោះ​ចៅ‌ហ្វាយ​ទូល‌បង្គំ​មែន។

15. កាល​គាត់​កំពុង​តែ​អធិ‌ស្ឋាន​មិន​ទាន់​ផុត​នៅ​ឡើយ នោះ​ស្រាប់​តែ​រេបិកា​កណ្តៀត​ក្អម​ចេញ​មក នាង​នោះ​ជា​កូន​បេធូ‌អែល ដែល​ជា​កូន​មីលកា ប្រពន្ធ​ណាឃរ ជា​ប្អូន​អ័ប្រា‌ហាំ

16. នាង​មាន​រូប​ស្រស់‌បស់​ល្អ​ណាស់ ក៏​នៅ​ក្រមុំ​សុទ្ធ គ្មាន​ប្រុស​ណា​បាន​ស្គាល់​នាង​ឡើយ នាង​ចុះ​ទៅ​ក្នុង​អណ្តូង​ដង​ទឹក​ពេញ​ក្អម រួច​ឡើង​មក​វិញ

17. បាវ​នោះ​ក៏​រត់​ទៅ​ស្ទាក់​ផ្លូវ​នាង ហើយ​និយាយ​ថា នាង សូម​ឲ្យ​ខ្ញុំ​សុំ​ទឹក​ពី​ក្អម​នាង​ផឹក​បន្តិច​សិន

18. រួច​នាង​ឆ្លើយ​ថា ចាស៎​អញ្ជើញ​ពិសា​ចុះ លោក​ម្ចាស់ ហើយ​នាង​ក៏​ដាក់​ក្អម​ចុះ​មក​ជា​ប្រញាប់​ឲ្យ​គាត់​ផឹក

19. កាល​នាង​បាន​ឲ្យ​គាត់​ផឹក​រួច​ហើយ នោះ​នាង​និយាយ​ថា ខ្ញុំ​នឹង​ដង​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ទាល់​តែ​ឆ្អែត​ដែរ

20. នោះ​នាង​ក៏​ចាក់​ទឹក​ពី​ក្នុង​ក្អម​ចុះ​ទៅ​ក្នុង​ស្នូក​ជា​១​រំពេច រួច​រត់​ទៅ​ដង​ថែម​ទៀត​យក​មក​ឲ្យ​អូដ្ឋ​គាត់​ផឹក​ទាំង​អស់

21. បាវ​នោះ​សំឡឹង​មើល​នាង​ទាំង​មាន​សេចក្ដី​អស្ចារ្យ តែ​គាត់​នៅ​ស្ងៀម ដោយ​ចង់​ដឹង បើ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ដំណើរ​គាត់​ដើរ​មក​នោះ​បាន​សំរេច​ការ​ឬ​ទេ

22. កាល​អូដ្ឋ​បាន​ផឹក​ឆ្អែត​អស់​ហើយ នោះ​គាត់​ក៏​យក​ក្រវិល​មាស​ទំងន់​១​ជី និង​កង​ដៃ​២​ដុំ ទំងន់​២០​ជី​ឲ្យ​ដល់​នាង

23. ហើយ​សួរ​ថា នាង​ជា​កូន​អ្នក​ណា សូម​ប្រាប់​ខ្ញុំ​ផង ហើយ​នៅ​ផ្ទះ​ឪពុក​នាង តើ​មាន​កន្លែង​ណា​ល្មម​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​បាន​ឬ​ទេ

24. នាង​ឆ្លើយ​ថា ខ្ញុំ​ជា​កូន​បេធូ‌អែល គឺ​ជា​ចៅ​ណាឃរ និង​មីលកា

25. រួច​នាង​ឆ្លើយ​ទៅ​គាត់​ទៀត​ថា នៅ​ផ្ទះ​ខ្ញុំ​មាន​ចំបើង និង​ស្មៅ​ជា​បរិបូរ ហើយ​កន្លែង​សំរាប់​ស្នាក់​នៅ​ក៏​មាន​ដែរ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 24