គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 24:53-66 ព្រះគម្ពីរបរិសុទ្ធ (KHOV)

53. រួច​បញ្ចេញ​គ្រឿង​មាស​គ្រឿង​ប្រាក់ និង​សំលៀក‌បំពាក់​ឲ្យ​ដល់​រេបិកា ព្រម​ទាំង​ជូន​របស់​ទ្រព្យ​ដ៏​មាន​ដំឡៃ ទៅ​បង​នាង និង​ម្តាយ​នាង​ដែរ

54. រួច​គាត់​ក៏​បរិភោគ​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​មក​ជា​មួយ​ផង ហើយ​ផ្អាក​នៅ​ក្នុង​យប់​នោះ​ឯង លុះ​ដល់​ពេល​ព្រឹក កាល​គេ​បាន​ក្រោក​ឡើង​ហើយ នោះ​គាត់​ជំរាប​លា​គេ​ថា ខ្ញុំ​សូម​វិល​ទៅ​ឯ​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ហើយ

55. តែ​បង និង​ម្តាយ​នាង​និយាយ​ថា សូម​ឲ្យ​នាង​នៅ​ជា​មួយ​នឹង​យើង​សិន បើ​តិច​ណាស់​ត្រឹម​១០​ថ្ងៃ រួច​សឹម​យក​ទៅ​ចុះ

56. គាត់​ឆ្លើយ​ថា កុំ​ឃាត់​ខ្ញុំ​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ដំណើរ​ខ្ញុំ​កើត​ការ​ហើយ ដូច្នេះ ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​ខ្ញុំ​វិញ

57. នោះ​គេ​ឆ្លើយ​ថា ចាំ​យើង​ហៅ​នាង​មក​សួរ​សិន

58. រួច​គេ​ហៅ​រេបិកា​មក​សួរ​ថា ឯង​ព្រម​ទៅ​ជា​មួយ​នឹង​អ្នក​នេះ​ឬ​ទេ នាង​ទទួល​ថា ព្រម

59. នោះ​គេ​ក៏​ឲ្យ​រេបិកា​ជា​ប្អូន ព្រម​ទាំង​មេនំ​នាង និង​បាវ​អ័ប្រា‌ហាំ ហើយ​នឹង​ពួក​គាត់​ទាំង​ប៉ុន្មាន​ចេញ​ទៅ

60. គេ​ក៏​ឲ្យ​ពរ​ដល់​រេបិកា​ដោយ​ពាក្យ​ថា ប្អូន​យើង​អើយ សូម​ឲ្យ​ឯង​បង្កើត​បាន​ទាំង​ពាន់​ទាំង​ម៉ឺន ហើយ​ឲ្យ​ពូជ​ឯង​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​អស់​អ្នក​ដែល​ស្អប់​ដល់​គេ​ចុះ

61. រេបិកា​ក៏​ក្រោក​ឡើង ព្រម​ទាំង​ពួក​ស្រី​បំរើ​នាង​ឡើង​ជិះ​អូដ្ឋ​ទៅ​តាម​បាវ​នោះ ហើយ​គាត់​ក៏​នាំ​យក​នាង​ធ្វើ​ដំណើរ​ចេញ​ទៅ។

62. ឯ​អ៊ីសាក គាត់​ដើរ​មក​តាម​ផ្លូវ​ដែល​មក​ពី​អណ្តូង​ឡាហាយ-រយ ដ្បិត​គាត់​នៅ​ស្រុក​ត្បូង

63. ហើយ​គាត់​ក៏​ចេញ​ទៅ​រំពឹង​គិត​នៅ​ត្រង់​ទី​វាល ក្នុង​កាល​ដែល​ពេល​ជិត​ព្រលប់ គាត់​ក្រឡេក​ភ្នែក​មើល​ទៅ ស្រាប់​តែ​ឃើញ​មាន​សត្វ​អូដ្ឋ​ដើរ​ចូល​មក

64. ឯ​រេបិកា​ក៏​ងើប​ភ្នែក​ឡើង​ដែរ កាល​បាន​ឃើញ​អ៊ីសាក នោះ​ក៏​លោត​ចុះ​ពី​លើ​អូដ្ឋ​មក

65. ហើយ​សួរ​ទៅ​បាវ​នោះ​ថា អ្នក​ណា​ន៏ ដែល​ដើរ​កាត់​វាល​ដំរង់​មក​ឯ​យើង​នោះ បាវ​នោះ​ឆ្លើយ​ថា នោះ​ហើយ​ជា​ចៅ‌ហ្វាយ​របស់​ខ្ញុំ រួច​នាង​យក​ស្បៃ​មក​បាំង​មុខ

66. បាវ​នោះ​ក៏​រៀប‌រាប់​ប្រាប់​អ៊ីសាក ពី​គ្រប់​ទាំង​ការ​ដែល​គាត់​បាន​ធ្វើ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 24