គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 24:47-62 ព្រះគម្ពីរបរិសុទ្ធ (KHOV)

47. ហើយ​ខ្ញុំ​សួរ​ថា នាង​ជា​កូន​អ្នក​ណា នាង​ឆ្លើយ​ថា ខ្ញុំ​ជា​កូន​បេធូ‌អែល ជា​ចៅ​ណាឃរ និង​មីលកា នោះ​ខ្ញុំ​ក៏​បំពាក់​ក្រវិលនៅ​ច្រមុះ ហើយ​នឹង​កង​នៅ​ដៃ​នាង

48. ខ្ញុំ​បាន​ឱន​ក្រាប​ថ្វាយ‌បង្គំ ទាំង​សរសើរ‌ដំកើង​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ចៅ‌ហ្វាយ​ខ្ញុំ ដែល​ទ្រង់​បាន​នាំ​ដំរង់​ខ្ញុំ​តាម​ផ្លូវ​រៀង​មក ដើម្បី​ឲ្យ​បាន​កូន​ស្រី​របស់​បង​ប្អូន​ចៅ‌ហ្វាយ​ខ្ញុំ យក​ទៅ​ជូន​ដល់​កូន​លោក

49. ឥឡូវ​នេះ បើ​អ្នក​រាល់​គ្នា​គិត​ប្រព្រឹត្ត​នឹង​ចៅ‌ហ្វាយ​ខ្ញុំ​ដោយ​សប្បុរស​ស្មោះ‌ត្រង់ នោះ​សូម​តប​មក​ខ្ញុំ​ចុះ ពុំ​នោះ​ទេ សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង ដើម្បី​ឲ្យ​ខ្ញុំ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ទៀត។

50. នោះ​ឡាបាន់ និង​បេធូ‌អែល​ក៏​ឆ្លើយ​ថា ការ​នេះ​សំរេច​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ ទោះ​បើ​យើង​ឆ្លើយ​នឹង​អ្នក ជា​អាក្រក់ ឬ​ល្អ​ក៏​ពុំ​បាន​ដែរ

51. មើល រេបិកា​នៅ​មុខ​អ្នក​ស្រាប់​ហើយ ចូរ​យក​វា​ទៅ ឲ្យ​វា​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ចៅ‌ហ្វាយ​អ្នក​ចុះ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក

52. កាល​បាវ​របស់​អ័ប្រា‌ហាំ​បាន​ឮ​ដូច្នោះ នោះ​គាត់​ក៏​ឱន​ក្រាប​ដល់​ដី​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា

53. រួច​បញ្ចេញ​គ្រឿង​មាស​គ្រឿង​ប្រាក់ និង​សំលៀក‌បំពាក់​ឲ្យ​ដល់​រេបិកា ព្រម​ទាំង​ជូន​របស់​ទ្រព្យ​ដ៏​មាន​ដំឡៃ ទៅ​បង​នាង និង​ម្តាយ​នាង​ដែរ

54. រួច​គាត់​ក៏​បរិភោគ​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​មក​ជា​មួយ​ផង ហើយ​ផ្អាក​នៅ​ក្នុង​យប់​នោះ​ឯង លុះ​ដល់​ពេល​ព្រឹក កាល​គេ​បាន​ក្រោក​ឡើង​ហើយ នោះ​គាត់​ជំរាប​លា​គេ​ថា ខ្ញុំ​សូម​វិល​ទៅ​ឯ​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ហើយ

55. តែ​បង និង​ម្តាយ​នាង​និយាយ​ថា សូម​ឲ្យ​នាង​នៅ​ជា​មួយ​នឹង​យើង​សិន បើ​តិច​ណាស់​ត្រឹម​១០​ថ្ងៃ រួច​សឹម​យក​ទៅ​ចុះ

56. គាត់​ឆ្លើយ​ថា កុំ​ឃាត់​ខ្ញុំ​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ដំណើរ​ខ្ញុំ​កើត​ការ​ហើយ ដូច្នេះ ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​ខ្ញុំ​វិញ

57. នោះ​គេ​ឆ្លើយ​ថា ចាំ​យើង​ហៅ​នាង​មក​សួរ​សិន

58. រួច​គេ​ហៅ​រេបិកា​មក​សួរ​ថា ឯង​ព្រម​ទៅ​ជា​មួយ​នឹង​អ្នក​នេះ​ឬ​ទេ នាង​ទទួល​ថា ព្រម

59. នោះ​គេ​ក៏​ឲ្យ​រេបិកា​ជា​ប្អូន ព្រម​ទាំង​មេនំ​នាង និង​បាវ​អ័ប្រា‌ហាំ ហើយ​នឹង​ពួក​គាត់​ទាំង​ប៉ុន្មាន​ចេញ​ទៅ

60. គេ​ក៏​ឲ្យ​ពរ​ដល់​រេបិកា​ដោយ​ពាក្យ​ថា ប្អូន​យើង​អើយ សូម​ឲ្យ​ឯង​បង្កើត​បាន​ទាំង​ពាន់​ទាំង​ម៉ឺន ហើយ​ឲ្យ​ពូជ​ឯង​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​អស់​អ្នក​ដែល​ស្អប់​ដល់​គេ​ចុះ

61. រេបិកា​ក៏​ក្រោក​ឡើង ព្រម​ទាំង​ពួក​ស្រី​បំរើ​នាង​ឡើង​ជិះ​អូដ្ឋ​ទៅ​តាម​បាវ​នោះ ហើយ​គាត់​ក៏​នាំ​យក​នាង​ធ្វើ​ដំណើរ​ចេញ​ទៅ។

62. ឯ​អ៊ីសាក គាត់​ដើរ​មក​តាម​ផ្លូវ​ដែល​មក​ពី​អណ្តូង​ឡាហាយ-រយ ដ្បិត​គាត់​នៅ​ស្រុក​ត្បូង

សូមអានជំពូកពេញលេញ លោកុប្បត្តិ 24