គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 23:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នាង​សារ៉ា​អាយុ​បាន​១២៧​ឆ្នាំ នោះ​ជា​ចំនួន​នៃ​ឆ្នាំ​អាយុ​របស់​នាង

2. រួច​នាង​ស្លាប់​នៅ​ក្រុង​គារយ៉ាត់-អើបា​ទៅ គឺ​ជា​ហេប្រុន​នៅ​ក្នុង​ស្រុក​កាណាន អ័ប្រា‌ហាំ​ក៏​មក​ដើម្បី​កាន់​ទុក្ខ ហើយ​យំ​សោក​នឹង​សព​សារ៉ា

3. រួច​គាត់​ក្រោក​ចេញ​ពី​មុខ​សព ទៅ​និយាយ​នឹង​ពួក​កូន​ចៅ​ហេត​ថា

4. ខ្ញុំ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដូច្នេះ សូម​ឲ្យ​ខ្ញុំ​មាន​កន្លែង​កប់​ខ្មោច​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ផង ដើម្បី​ឲ្យ​ខ្ញុំ​បាន​យក​សព​នេះ​ពី​មុខ​ខ្ញុំ​ចេញ​ទៅ​កប់

5. នោះ​ពួក​កូន​ចៅ​ហេត​គេ​ឆ្លើយ​ទៅ​អ័ប្រា‌ហាំ​ថា

6. លោក​ម្ចាស់​អើយ សូម​ស្តាប់​យើង​ខ្ញុំ លោក​ជា​អ្នក​ធំ​របស់​ព្រះ​ដែល​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​រាល់​គ្នា ដូច្នេះ សូម​ឲ្យ​លោក​កប់​សព​របស់​ប្រពន្ធ​លោក​នៅ​ក្នុង​ផ្នូរ​ដែល​ល្អ​ជាង​គេ​របស់​យើង​ខ្ញុំ​ចុះ ក្នុង​ពួក​យើង​ខ្ញុំ​នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ប្រកែក​ថា មិន​ឲ្យ​លោក​កប់​ខ្មោច​នៅ​ក្នុង​ផ្នូរ​របស់​យើង​ខ្ញុំ​នោះ​ទេ

7. នោះ​អ័ប្រា‌ហាំ​ក្រោក​ឡើង ឱន​គោរព​ចំពោះ​អស់​ពួក​កូន​ចៅ​ហេត ដែល​នៅ​ស្រុក​នោះ

8. ហើយ​និយាយ​ថា បើ​អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ខ្ញុំ​យក​សព​នេះ​ពី​មុខ​ខ្ញុំ​ទៅ​កប់ នោះ​សូម​ស្តាប់​ខ្ញុំ​សិន សូម​ជួយ​អង្វរ​អេប្រុន​ជា​កូន​សូហារ​ជំនួស​ខ្ញុំ​ផង

9. ឲ្យ​គាត់​ចំណាយ​រអាង​ម៉ាក់‌ពេឡា​ដែល​នៅ​ចុង​ចំការ​របស់​គាត់​មក​ខ្ញុំ គឺ​សូម​ឲ្យ​គាត់​លក់​ពេញ​ថ្លៃ​មក​ខ្ញុំ ទុក​ជា​កេរ‌អាករ​សំរាប់​ជា​ទី​កប់​ខ្មោច​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា​ចុះ

10. រីឯ​អេប្រុន​ជា​សាសន៍​ហេត គាត់​ក៏​អង្គុយ​ជា​មួយ​នឹង​ពួក​បង​ប្អូន​នោះ​ដែរ ហើយ​គាត់​ឆ្លើយ​ទៅ​អ័ប្រា‌ហាំ​នៅ​មុខ​ពួក​បង​ប្អូន​ខ្លួន គឺ​នៅ​ចំពោះ​អស់​ពួក​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង​នោះ​ថា

11. ទេ លោក​ម្ចាស់​អើយ សូម​ស្តាប់​ខ្ញុំ​វិញ ចំការ​នោះ​ខ្ញុំ​ជូន​លោក​ហើយ ព្រម​ទាំង​រអាង​ដែល​នៅ​ឯ​ណោះ​ដែរ ខ្ញុំ​ជូន​លោក​ទាំង​អស់​នៅ​មុខ​ពួក​បង​ប្អូន​សាសន៍​ខ្ញុំ​នេះ​ហើយ សូម​លោក​កប់​សព​របស់​ប្រពន្ធ​លោក​ចុះ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 23