គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 2:17-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។

18. ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដែល​មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ អញ​នឹង​ធ្វើ​ឲ្យ​មាន​ម្នាក់​ជា​ជំនួយ​សំរាប់​ជួយ​វា

19. ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បាន​យក​ដី​មក​សូន​ធ្វើ​គ្រប់​ទាំង​សត្វ​ជើង​៤ និង​សត្វ​ហើរ​ទាំង​ប៉ុន្មាន រួច​ក៏​នាំ​មក​ឯ​អ័ដាម ដើម្បី​ឲ្យ​ដឹង​ជា​គាត់​នឹង​ហៅ​យ៉ាង​ដូច​ម្តេច ឯ​ឈ្មោះ​ណា​ដែល​អ័ដាម​បាន​ដាក់​ឲ្យ​ដល់​ជីវិត​ផង​ទាំង‌ឡាយ នោះ​បាន​សំរេច​ជា​ឈ្មោះ​របស់​សត្វ​នោះ​ឯង

20. អ័ដាម​ដាក់​ឈ្មោះ​ឲ្យ​ដល់​គ្រប់​ទាំង​សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន​ជា​ស្រេច តែ​មិន​ឃើញ​មាន​ជំនួយ​ណា​សំរាប់​ឲ្យ​ជួយ​គាត់​សោះ

21. នោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ធ្វើ​ឲ្យ​អ័ដាម​ដេក​លក់​ស៊ប់​ទៅ រួច​ទ្រង់​យក​ឆ្អឹង​ជំនីរ​គាត់​១ ហើយ​ភ្ជិត​សាច់​ទៅ​វិញ

22. រីឯ​ឆ្អឹង​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ពី​អ័ដាម​មក នោះ​ទ្រង់​ជប​ឲ្យ​កើត​ឡើង​ជា​មនុស្ស​ស្រី ក៏​នាំ​ទៅ​អ័ដាម

23. អ័ដាម​ក៏​ថា នេះ​ហើយ​ជា​ឆ្អឹង​ពី​ឆ្អឹង​អញ ជា​សាច់​ពី​សាច់​អញ និង​ត្រូវ​ហៅ​ថា «ស្ត្រី» ពី​ព្រោះ​បាន​យក​ចេញ​ពី​បុរស​មក

24. ដោយ​ហេតុ​នោះ បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ

25. រីឯ​អ័ដាម និង​ប្រពន្ធ​គាត់​ក៏​នៅ​ជា​អាក្រាត​ទទេ ឥត​មាន​សេចក្ដី​អៀន‌ខ្មាស​ឡើយ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 2