គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 2:10-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. មាន​ទន្លេ​១​ហូរ​ចេញ​ពី​ស្រុក​អេដែន​មក​ស្រោច​សួន‌ច្បារ​នោះ រួច​ហូរ​បែក​ពី​នោះ​ទៅ​ជា​៤​មុខ

11. ទី​១​ឈ្មោះ​ពិសុន គឺ​ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវីឡា​ដែល​មាន​មាស

12. មាស​ដែល​មក​ពី​ស្រុក​នោះ​ជា​មាស​យ៉ាង​ល្អ ក៏​មាន​ទាំង​ប្តេល្លាម និង​ត្បូង​អូនីក្ស​ផង

13. ទី​២​ឈ្មោះ​គីហុន គឺ​ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស

14. ទី​៣​ឈ្មោះ​ហ៊ីដេ‌កែល គឺ​ជា​ទន្លេ​ដែល​ហូរ​ចាក់​ទៅ​ខាង​កើត​ស្រុក​អាស‌ស៊ើរ ហើយ​ទន្លេ​ទី៤​ឈ្មោះ​អ៊ើប្រាត

15. ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​អ័ដាម​ទៅ​ដាក់​នៅ​ក្នុង​សួន‌ច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ​ហើយ​ថែ​រក្សា

16. ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បង្គាប់​ទៅ​អ័ដាម​ថា ឯង​នឹង​ស៊ី​ផ្លែ​ទាំង​អស់​ក្នុង​សួន‌ច្បារ​នេះ​បាន​តាម​ចិត្ត

17. តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។

18. ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដែល​មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ អញ​នឹង​ធ្វើ​ឲ្យ​មាន​ម្នាក់​ជា​ជំនួយ​សំរាប់​ជួយ​វា

19. ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បាន​យក​ដី​មក​សូន​ធ្វើ​គ្រប់​ទាំង​សត្វ​ជើង​៤ និង​សត្វ​ហើរ​ទាំង​ប៉ុន្មាន រួច​ក៏​នាំ​មក​ឯ​អ័ដាម ដើម្បី​ឲ្យ​ដឹង​ជា​គាត់​នឹង​ហៅ​យ៉ាង​ដូច​ម្តេច ឯ​ឈ្មោះ​ណា​ដែល​អ័ដាម​បាន​ដាក់​ឲ្យ​ដល់​ជីវិត​ផង​ទាំង‌ឡាយ នោះ​បាន​សំរេច​ជា​ឈ្មោះ​របស់​សត្វ​នោះ​ឯង

20. អ័ដាម​ដាក់​ឈ្មោះ​ឲ្យ​ដល់​គ្រប់​ទាំង​សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន​ជា​ស្រេច តែ​មិន​ឃើញ​មាន​ជំនួយ​ណា​សំរាប់​ឲ្យ​ជួយ​គាត់​សោះ

21. នោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ធ្វើ​ឲ្យ​អ័ដាម​ដេក​លក់​ស៊ប់​ទៅ រួច​ទ្រង់​យក​ឆ្អឹង​ជំនីរ​គាត់​១ ហើយ​ភ្ជិត​សាច់​ទៅ​វិញ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 2