គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 19:8-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. មើល ខ្ញុំ​មាន​កូន​ស្រី​២​នាក់ វា​មិន​ទាន់​ដែល​ស្គាល់​ប្រុស​ណា​ទេ ចាំ​ខ្ញុំ​នាំ​វា​ចេញ​មក ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នឹង​វា​តាម​តែ​ចិត្ត​ចុះ សូម​កុំ​ឲ្យ​តែ​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំង​២​នោះ​ឡើយ ពី​ព្រោះ​លោក​បាន​ចូល​មក​សំណាក់​នៅ​ផ្ទះ​ខ្ញុំ​ហើយ

9. តែ​គេ​កំហែង​ទៅ​ថា ចូរ​ចៀស​ចេញ ហើយ​មាន​ខ្លះ​គេ​និយាយ​ថា អា​១​នេះ​បាន​ចូល​មក​ស្នាក់​នៅ​ទី​នេះ ឥឡូវ​ចង់​តាំង​ខ្លួន​ធ្វើ​ជា​ចៅ‌ក្រម​វិញ អើ បើ​ដូច្នេះ​យើង​នឹង​ធ្វើ​ឯង​ឥឡូវ ឲ្យ​អាក្រក់​ជាង​២​នាក់​នោះ​ទៅ​ទៀត​ផង រួច​គេ​ក៏​ប្រជ្រៀត​លើ​ឡុត​ជា​ខ្លាំង ព្រម​ទាំង​រំលោភ​ចូល​ទៅ​ជិត​ចង់​ទំលាយ​ទ្វារ

10. តែ​ទេវតា​លូក​ដៃ​ទៅ​ចាប់​ឡុត​ទាញ​ចូល​មក​ក្នុង​ផ្ទះ​វិញ រួច​បិទ​ទ្វារ​ជិត

11. ក៏​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ត្រង់​មាត់​ទ្វារ​នោះ​ខ្វាក់​ភ្នែក​ទៅ​ទាំង​តូច​ទាំង​ធំ បាន​ជា​គេ​អស់​ចិត្ត​នឹង​រក​ទ្វារ​ទៀត។

12. រួច​ទេវតា​សួរ​ឡុត​ថា តើ​ឯង​មាន​អ្នក​ណា​ទៀត នៅ​ទី​នេះ​ឬ​ទេ ទោះ​បើ​កូន​ប្រសា ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្តី ចូរ​នាំ​ពួក​ឯង​ទាំង​អស់​ចេញ​ពី​ទី​ក្រុង​នេះ​ទៅ

13. ដ្បិត​យើង​នឹង​បំផ្លាញ​ទី​នេះ ពី​ព្រោះ​សំរែក​របស់​គេ​បាន​ឮ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ នេះ​គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក​បំផ្លាញ​ចេញ

14. នោះ​ឡុត​ក៏​ចេញ​ទៅ​ប្រាប់​ដល់​កូន​ប្រសា ដែល​បាន​យក​កូន​ស្រី​គាត់​ថា ចូរ​ក្រោក​ឡើង​ចេញ​ពី​ទី​នេះ​ទៅ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​រៀប​នឹង​បំផ្លាញ​ទី​ក្រុង​ចោល តែ​ពួក​កូន​ប្រសា​គាត់​ស្មាន​ថា គាត់​និយាយ​លេង​ទេ។

15. លុះ​ពេល​ភ្លឺ​ឡើង នោះ​ទេវតា​បង្ខំ​ឡុត​ថា ចូរ​ក្រោក​ឡើង យក​ប្រពន្ធ​ហើយ​នឹង​កូន​ស្រី​ទាំង​២​នាក់​ដែល​នៅ​ឯ​ណេះ​ទៅ ក្រែង​ឯង​ត្រូវ​វិនាស​ក្នុង​អំពើ​ទុច្ចរិត​របស់​ទី​ក្រុង​នេះ​ដែរ

16. តែ​គាត់​នៅ​បង្អែ‌បង្អង់ នោះ​ទេវតា​ក៏​ចាប់​ដៃ​គាត់ និង​ដៃ​ប្រពន្ធ ហើយ​នឹង​កូន​ស្រី​គាត់​ទាំង​២​នាំ​ចេញ​ទៅ​លែង​ឯ​ក្រៅ​ទី​ក្រុង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មេត្តា​ប្រណី​ដល់​គាត់

17. កាល​បាន​នាំ​ចេញ​ផុត​ទៅ​ក្រៅ​ហើយ នោះ​ទេវតា​ប្រាប់​ថា ចូរ​រត់​ទៅ​ឲ្យ​បាន​រួច​ជីវិត​ចុះ កុំ​ឲ្យ​មើល​មក​ក្រោយ​ឡើយ ក៏​កុំ​ឲ្យ​ឈប់​នៅ​ស្រុក​វាល​ឯ​ណា​នីមួយ​ផង ចូរ​រត់​ទៅ​ឯ​ភ្នំ​វិញ ក្រែង​ឯង​ត្រូវ​វិនាស​ដែរ

18. តែ​ឡុត​ប្រកែក​ថា ទេ លោក​ម្ចាស់​អើយ

19. មើល​ឥឡូវ​នេះ លោក​បាន​ផ្តល់​ព្រះ‌គុណ​មក​ខ្ញុំ​ជា​អ្នក​បំរើ​លោក ហើយ​បាន​ចំរើន​សេចក្ដី​មេត្តា‌ករុណា​របស់​លោក​ឲ្យ​ខ្ញុំ​ឃើញ ដោយ​ការ‌ពារ​ជីវិត​ខ្ញុំ តែ​ខ្ញុំ​រត់​ទៅ​ឯ​ភ្នំ​មិន​បាន​ទេ ក្រែង​សេចក្ដី​អាក្រក់​តាម​ខ្ញុំ​ទាន់ ហើយ​ខ្ញុំ​ត្រូវ​ស្លាប់​វិញ

20. មើល‌ន៏ មាន​ទី​ក្រុង​១​នុ៎ះ​ស្ថិត​នៅ​ជិត​បង្កើយ ហើយ​ក៏​តូច​ផង ឬ​មិន​តូច​ទេ នោះ​ល្មម​នឹង​រត់​ទៅ​ឲ្យ​រួច​បាន សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​ឯ​ណោះ​វិញ នោះ​ខ្ញុំ​នឹង​បាន​រួច​ជីវិត​ហើយ

21. ទេវតា​ក៏​ឆ្លើយ​ថា មើល អញ​បាន​ព្រម​តាម​ឯង​ក្នុង​ការ​នេះ​ដែរ ឯ​ទី​ក្រុង​១​ដែល​ឯង​និយាយ​នោះ អញ​មិន​បំផ្លាញ​ទេ

22. ចូរ​ប្រញាប់​ឡើង ហើយ​រត់​ទៅ​ឯ​ណោះ​ឲ្យ​រួច​ចុះ ដ្បិត​អញ​ធ្វើ​អ្វី​មិន​កើត ទាល់​តែ​ឯង​បាន​ទៅ​ដល់​សិន ដូច្នេះ ទី​ក្រុង​នោះ​បាន​ហៅ​ឈ្មោះ​ថា​សូអារ។

23. លុះ​កាល​ឡុត​ចូល​ទៅ​ក្នុង​សូអារ នោះ​ថ្ងៃ​បាន​រះ​ហើយ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 19