គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 18:15-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ឯ​សារ៉ា​នាង​ប្រកែក​ថា ខ្ញុំ​ម្ចាស់​មិន​បាន​សើច​ទេ ពី​ព្រោះ​នាង​ខ្លាច តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទេ គឺ​ឯង​បាន​សើច​មែន។

16. លុះ​មនុស្ស​ទាំង​៣​បាន​ក្រោក​ពី​នោះ​ហើយ ក៏​ងាក​បែរ​មើល​ទៅ​ខាង​ក្រុង​សូដុំម ឯ​អ័ប្រា‌ហាំ​គាត់​ដើរ​ជា​មួយ​ដែរ ដើម្បី​ជូន​ទៅ

17. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ត្រូវ​លាក់​នឹង​អ័ប្រា‌ហាំ​ពី​ការ​ដែល​អញ​រៀប​នឹង​ធ្វើ​ឬ​ទេ

18. ដ្បិត​អ័ប្រា‌ហាំ​នឹង​ត្រឡប់​ជា​នគរ​១​យ៉ាង​ធំ ហើយ​ពូកែ​ជា​ពិត​ប្រាកដ គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​គាត់

19. ដ្បិត​អញ​ស្គាល់​គាត់​ថា គាត់​នឹង​បង្គាប់​ដល់​កូន​ចៅ និង​ពួក​ផ្ទះ​គាត់​ត​រៀង​ទៅ ឲ្យ​គេ​កាន់​ខ្ជាប់​តាម​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​សេចក្ដី​សុចរិត និង​សេចក្ដី​ទៀង​ត្រង់ ប្រយោជន៍​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សំរេច​ដល់​គាត់ តាម​សេចក្ដី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​គាត់

20. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពី​ព្រោះ​សំរែក​នៃ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា​បាន​ឮ​ជា​ខ្លាំង ហើយ​អំពើ​បាប​របស់​គេ​ក៏​ធ្ងន់​ណាស់​ផង

21. នោះ​បាន​ជា​អញ​ចុះ​ទៅ​មើល​ឥឡូវ ដើម្បី​ឲ្យ​ដឹង បើ​គេ​បាន​ប្រព្រឹត្ត​ដូច​ជា​សំរែក​ដែល​អញ​បាន​ឮ​នោះ​ឬ​ទេ បើ​មិន​មែន​ទេ នោះ​អញ​នឹង​បាន​ដឹង

22. រួច​ក៏​បែរ​ចេញ​ពី​នោះ​ដំរង់​ទៅ​ខាង​ឯ​ក្រុង​សូដុំម​ទៅ តែ​អ័ប្រា‌ហាំ​គាត់​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នៅ​ឡើយ។

23. អ័ប្រា‌ហាំ​ក៏​ចូល​ទៅ​ជិត​ទូល​សួរ​ថា តើ​ទ្រង់​នឹង​បំផ្លាញ​មនុស្ស​សុចរិត​ជា​មួយ​នឹង​មនុស្ស​អាក្រក់​ផង​ដែរ​ឬ​អី

24. បើ‌សិន​ជា​មាន​មនុស្ស​សុចរិត​៥០​នាក់​នៅ​ក្នុង​ក្រុង​នោះ តើ​ទ្រង់​នឹង​បំផ្លាញ​អស់​រលីង​ទៅ ឥត​មាន​ប្រណី​ដល់​ទី​ក្រុង ដោយ​ព្រោះ​មនុស្ស​សុចរិត​៥០​នាក់ ដែល​នៅ​ទី​នោះ​ទេ​ឬ​អី

25. មិន​គួរ​គប្បី​ឲ្យ​ទ្រង់​ប្រព្រឹត្ត​ដូច្នោះ និង​សំឡាប់​មនុស្ស​សុចរិត​ជា​មួយ​នឹង​មនុស្ស​អាក្រក់​នោះ​ទេ យ៉ាង​នោះ​ឈ្មោះ​ថា​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​បាន​ដូច​ជា​មនុស្ស​អាក្រក់​ដែរ សូម​កុំ​ឲ្យ​ទ្រង់​ធ្វើ​ដូច្នោះ​ឡើយ ឯ​ព្រះ​ដ៏​ជា​ចៅ‌ក្រម​ផែនដី​ទាំង​មូល តើ​ទ្រង់​មិន​ត្រូវ​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌​ទេ​ឬ​អី

សូមអានជំពូកពេញលេញ លោកុប្បត្តិ 18