គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 18:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឯ​គាត់ នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ក្នុង​កាល​ដែល​គាត់​កំពុង​អង្គុយ​នៅ​មាត់​ទ្វារ​ត្រសាល នៅ​វេលា​ថ្ងៃ​ពេញ​កំដៅ

2. គាត់​ងើប​ភ្នែក​ឡើង ក៏​មើល​ឃើញ​មនុស្ស​៣​នាក់​ឈរ​នៅ​ចំពោះ​មុខ កាល​គាត់​ឃើញ​ដូច្នោះ នោះ​គាត់​រត់​ពី​មាត់​ទ្វារ​ត្រសាល​ទៅ​ទទួល ដោយ​ក្រាប​រាប​នឹង​ដី

3. ក៏​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ‌សិន​ជា​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ទ្រង់ នោះ​សូម​កុំ​អាល​យាង​ហួស​ពី​ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់​ទៅ​ឡើយ

4. សូម​រង់‌ចាំ​ឲ្យ​គេ​យក​ទឹក​មក​បន្តិច​នឹង​លាង​ព្រះ‌បាទ​ទ្រង់ ហើយ​សូម​ទ្រង់​ឈប់​សំរាក​ក្រោម​ដើម​ឈើ​នេះ​សិន

5. ទូល‌បង្គំ​នឹង​យក​នំបុ័ង​បន្តិច‌បន្តួច​មក​ថ្វាយ ឲ្យ​ទ្រង់​មាន​កំឡាំង​ឡើង រួច​សឹម​យាង​ទៅ​ចុះ ដ្បិត​ទ្រង់​បាន​យាង​មក​ដល់​ទូល‌បង្គំ​ជា​អ្នក​បំរើ​ទ្រង់​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ធ្វើ​ដូច​ជា​ឯង​បាន​និយាយ​ចុះ

6. អ័ប្រា‌ហាំ​ក៏​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ក្នុង​ត្រសាល ប្រាប់​សារ៉ា​ថា ចូរ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​៣​រង្វាល់​មក​លាយ​ធ្វើ​នំ​ឲ្យ​ឆាប់ៗ

7. រួច​គាត់​រត់​ទៅ​ឯ​ហ្វូង​សត្វ ចាប់​យក​កូន​គោ​១​ដែល​មាន​សាច់​ទន់‌ល្វន់​ល្អ ប្រគល់​ឲ្យ​ដល់​បាវ​បំរើ​ម្នាក់ ហើយ​បាវ​នោះ​ក៏​បាន​ចាត់‌ចែង​យ៉ាង​ប្រញាប់‌ប្រញាល់

8. នោះ​គាត់​យក​ខ្លាញ់​ទឹក​ដោះ ហើយ​នឹង​ទឹក​ដោះ​រាវ និង​កូន​គោ​ដែល​បាន​រៀប‌ចំ​ទៅ​ថ្វាយ​ដល់​ទ្រង់ រួច​ឈរ​នៅ​ក្រោម​ដើម​ឈើ​ជិត​ទ្រង់ ហើយ​ទ្រង់​ក៏​សោយ​ទៅ។

9. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា សារ៉ា​ប្រពន្ធ​ឯង​នៅ​ឯ​ណា គាត់​ទូល​ឆ្លើយ​ថា នៅ​ក្នុង​ត្រសាល​ឯ​ណោះ

10. ទ្រង់មាន​ព្រះ‌បន្ទូល​ថា ដល់​កំណត់ អញ​នឹង​មក​ឯ​ឯង​វិញ​ជា​មិន​ខាន នោះ​សារ៉ា​ប្រពន្ធ​ឯង​នឹង​មាន​កូន​ប្រុស​១ ចំណែក​សារ៉ា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ខាង​ក្រោយ​គាត់ នាង​ក៏​បាន​ឮ​ដែរ

11. រីឯ​អ័ប្រា‌ហាំ និង​សារ៉ា គាត់​ជា​មនុស្ស​ចាស់​មាន​អាយុ​ច្រើន​ណាស់ សារ៉ា​អស់​មាន​រដូវ​កាល​តាម​ទំលាប់​ស្ត្រី​ទៀត​ហើយ

12. នាង​នឹក​អស់​សំណើច​ក្នុង​ខ្លួន​ថា អញ​ចាស់​ប៉ុណ្ណេះ​ទៅ​ហើយ តើ​នឹង​នៅ​មាន​ដំរេក​ទៀត​ដែរ​ឬ​អី ណា​មួយ​លោក​ម្ចាស់​ប្ដី​អញ​ក៏​ចាស់​ណាស់​ដែរ

13. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អ័ប្រា‌ហាំ​ថា ហេតុ​អ្វី​បាន​ជា​សារ៉ា​សើច​ដូច្នេះ​ថា ដែល​ចាស់​ប៉ុណ្ណោះ​ហើយ តើ​នឹង​មាន​កូន​ដែរ​ឬ

14. តើ​មាន​ការ​អ្វី​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ដល់​វេលា​កំណត់ នោះ​អញ​នឹង​មក​ឯ​ឯង លុះ​គ្រប់​ខែ​ហើយ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​១

15. ឯ​សារ៉ា​នាង​ប្រកែក​ថា ខ្ញុំ​ម្ចាស់​មិន​បាន​សើច​ទេ ពី​ព្រោះ​នាង​ខ្លាច តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទេ គឺ​ឯង​បាន​សើច​មែន។

16. លុះ​មនុស្ស​ទាំង​៣​បាន​ក្រោក​ពី​នោះ​ហើយ ក៏​ងាក​បែរ​មើល​ទៅ​ខាង​ក្រុង​សូដុំម ឯ​អ័ប្រា‌ហាំ​គាត់​ដើរ​ជា​មួយ​ដែរ ដើម្បី​ជូន​ទៅ

17. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ត្រូវ​លាក់​នឹង​អ័ប្រា‌ហាំ​ពី​ការ​ដែល​អញ​រៀប​នឹង​ធ្វើ​ឬ​ទេ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 18