គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 17:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​ដល់​អាប់រ៉ាម​អាយុ​បាន​៩៩​ឆ្នាំ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឯ គាត់​ប្រាប់​ថា អញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ចូរ​ឯង​ដើរ​នៅ​មុខ​អញ ហើយ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចុះ

2. នោះ​អញ​នឹង​តាំង​សញ្ញា​នឹង​ឯង ហើយ​នឹង​ចំរើន​ឯង​ឲ្យ​មាន​គ្នា​ជា​សន្ធឹក​ឡើង

3. អាប់រ៉ាម​ក៏​ក្រាប​ផ្កាប់​មុខ រួច​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​គាត់​ថា

4. ឯ​អញ មើល អញ​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​ឯង​ហើយ ឯង​នឹង​ធ្វើ​ជា​ឪពុក​នៃ​សាសន៍​ជា​ច្រើន

5. ឈ្មោះ​ឯង​មិន​ត្រូវ​ហៅ​ថា អាប់រ៉ាម​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ័ប្រា‌ហាំ​វិញ ដ្បិត​អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ឪពុក​នៃ​សាសន៍​ជា​ច្រើន

6. អញ​នឹង​ធ្វើ​ឲ្យ​ឯង​បង្កើត​កូន​សុស‌សាយ​សន្ធឹក ឲ្យ​មាន​នគរ​ផ្សេងៗ​កើត​ចេញ​អំពី​ឯង​មក ព្រម​ទាំង​ស្តេច​ជា​ច្រើន​ដែរ

7. អញ​នឹង​តាំង​សញ្ញា​នឹង​ឯង ហើយ​នឹង​ពូជ​ឯង​តាម​តំណ​គេ​ត​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដើម្បី​ឲ្យ​អញ​បាន​ធ្វើ​ជា​ព្រះ​នៃ​ឯង និង​ពូជ​ឯង​ត​ទៅ

8. ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​ឯង​សំណាក់​នៅ​ជា​អ្នក​ដទៃ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង និង​ពូជ​ឯង​ត​រៀង​ទៅ ទុក​ជា​កេរ‌អាករ​អស់​កល្ប‌ជានិច្ច ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។

9. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អ័ប្រា‌ហាំ​ទៀត​ថា ឯ​ឯង ត្រូវ​ឲ្យ​ឯង​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ ទាំង​ឯង និង​ពូជ​ឯង​ត​រៀង​ទៅ តាម​ដំណ​គេ

10. នេះ​ជា​សេចក្ដី​សញ្ញា​របស់​អញ ដែល​ឯង​នឹង​ពូជ​ឯង​ត្រូវ​កាន់​ចំពោះ​អញ​ត​រៀង​ទៅ​គឺ​ថា គ្រប់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង ត្រូវ​តែ​កាត់​ស្បែក

11. ឯង​រាល់​គ្នា​ត្រូវ​កាត់​ស្បែក​ក្រោម​ចុង​ស្វាស ទុក​ជា​ទី​សំគាល់​ពី​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​ជា​មួយ​នឹង​គ្នា

12. គ្រប់​ទាំង​កូន​ប្រុសៗ​នៅ​អស់​ទាំង​ដំណ​ឯង​ត​ទៅ ទោះ​បើ​កើត​នៅ​ផ្ទះ ឬ​បាន​យក​ប្រាក់​ទិញ​ពី​សាសន៍​ណា​ដទៃ ដែល​មិន​មែន​ជា​ពូជ​ឯង​ក្តី ដល់​កើត​មក​បាន​៨​ថ្ងៃ នោះ​ត្រូវ​តែ​កាត់​ស្បែក​ឲ្យ

13. ទោះ​បើ​កូន​ដែល​កើត​នៅ​ផ្ទះ​ឯង ឬ​កូន​ដែល​បាន​ទិញ​នឹង​ប្រាក់​មក​ក្តី នោះ​ក៏​ត្រូវ​តែ​កាត់​ស្បែក​ទាំង​អស់​ដែរ ទើប​សេចក្ដី​សញ្ញា​របស់​អញ​នឹង​នៅ​ជាប់​ក្នុង​សាច់​ឯង​រាល់​គ្នា ទុក​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច

14. មនុស្ស​ប្រុស​ណា​ដែល​មិន​កាត់​ស្បែក គឺ​មិន​បាន​កាត់​ស្រោម​ចុង​ស្វាស អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ព្រោះ​បាន​លះ‌ចោល​សេចក្ដី​សញ្ញា​របស់​អញ​ហើយ។

15. រួច​ព្រះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​អ័ប្រា‌ហាំ​ទៀត​ថា ឯ​សារ៉ាយ​ជា​ប្រពន្ធ​ឯង នោះ​ឯង​មិន​ត្រូវ​ហៅ​ថា​សារ៉ាយ​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា​សារ៉ា​វិញ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 17